កម្ពុជា

ខ្មែរ​ម្ចាស់​​ស្រុក​៖ ២០​ឆ្នាំ​​​ក្រោយ​​​កិច្ច​ព្រមព្រៀង​ប៉ារីស​ សន្តិភាព​​នៅ​កម្ពុជា​​មាន​​​តែ​​​សម្បក​​ក្រៅ​

ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទៅលាន​សិទ្ធិមនុស្ស​Trocadero នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ តុលា ២០១១ ដើម្បី​អបអរ​ទិវា ២០​ឆ្នាំ​នៃ​សន្ទិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ស្តី​ពីកម្ពុជា
ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទៅលាន​សិទ្ធិមនុស្ស​Trocadero នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ តុលា ២០១១ ដើម្បី​អបអរ​ទិវា ២០​ឆ្នាំ​នៃ​សន្ទិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ស្តី​ពីកម្ពុជា ©វណ្ឌី រតនា

នៅ​ក្នុង​​ប្រទេស​​បារាំង​ជា​ទី​ ដែល​​កាល​ពី​២០​​ឆ្នាំ​មុន​ គឺ​​ថ្ងៃ​​ទី​ ២៣​តុលា ​១៩៩១ ​ប្រទេស​​ចំនួន​ ១៨​ និង​​ភាគី​តំណាង​ខាង​​​កម្ពុជា​ចំនួន​ ១៧​​បាន​​ចុះ​​ហត្ថលេខា​លើ​​​​កិច្ច​ព្រមព្រៀង​សន្តិភាព​​​​ទីក្រុង​ប៉ារីស​​ស្តីពី​​​កម្ពុជា​ ការ​​ប្រជុំ​​​អន្តរជាតិ​​​ពីរ​​​​ត្រូវ​​​បាន​​​រៀបចំ​​​ឡើង​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​ទី ​​២៣​​ តុលា ​​​២០១១​​នេះ​ ដោយ​​​អង្គការ​​​ខ្មែរ​​ម្ចាស់​​ស្រុ​ក។​​

ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំនេះ ដែល​ជា​ខួប​២០ឆ្នាំ ដែល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ត្រូវ​បាន​បង្កើត​ឡើង អង្គការ​ខ្មែរម្ចាស់ស្រុក​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានរៀបចំ​កម្មវិធីប្រជុំ​ធំ​ ថ្នាក់​អន្តរជាតិ​ នៅ​សណ្ឋាគារ​មួយ​ជាយ​ក្រុង​ប៉ារីស។ លោក​សុរិយា ស៊ូប៉ឺឌី អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ ទី ២៣ តុលា ២០១១ ដើម្បី​និយាយ​ពី​ឧបករណ៍​សំខាន់ៗក្នុង​ការ​ត្រួតពិនិត្យ​បញ្ហា​សិទ្ធ​មនុស្ស។​ បើតាម​លោកស្រី ចក់ សុខុន ប្រធាន​អង្គការ​ខ្មែរ​ម្ចាស់ស្រុក អ្នក​តំណាង​​អង្គការ​ការពារ​​សិទ្ធិស្នាក់នៅ ​​ក៏​ត្រូវ​បាន​អញ្ជើញពី​ប្រទេស​កម្ពុជា ​ឲ្យ​ចូលរួម​ប្រជុំ​នៅថ្ងៃនេះ ដែល​ពួកគេ​នឹង​និយាយ​ពីប្រជាជន ដែល​​ជម្លោះ​​ដីធ្លី​​កម្ពុជា។

 
​ចំណែក​​នៅ​រសៀល​​ថ្ងៃ​អាទិត្យ​​នេះ​វិញ​ គឺ​​ដូចជា​​រៀងរាល់ឆ្នាំ ​សមាគម​ខ្មែរ​ សមាជិក​​គណបក្ស​​សម រង្ស៊ី​ សមាជិក​​គណបក្ស​សិទ្ធិមនុស្ស និង​ប្រជាជន​ខ្មែរមួយចំនួន ​នៅក្នុង​ប្រទេស​បារាំង​ បានទៅធ្វើការ​​តវ៉ា​ នៅ​ទីលាន​សិទ្ធិមនុស្ស​Trocadéros ក្បែរ​Tour Eiffel។
 
សន្ធិសញ្ញាសន្តិភាព​ប៉ារីស២៣​តុលា ឆ្នាំ ១៩៩១​បាន​ឈាន​សម្រេច​ទៅ​បិទ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ​នៅកម្ពុជា បន្ទាប់​ពីការដួល​រលំ​របប​ខ្មែរក្រហម។ ប្រទេស​បារាំង​ដែល​ជា​សហ​ប្រធាន​កិច្ចប្រជុំជាមួយ​ឥណ្ឌូនេស៊ី​ បាន​ចូលរួមអបអរ​ខួប​២០ឆ្នាំ នៃ​ការចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ នៅថ្ងៃនេះ។
 
សម្រាប់​ប្រទេស​បារាំង សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​បាន​ជួយ​កម្ពុជា​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញថ្មី ស្ថាប័ន​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​ការវិលត្រលប់​ជនភៀសខ្លួន​កម្ពុជា ពី​ជំរំក្នុង​ប្រទេស​ថៃ។ ហើយ​ការ​បង្កើត​តុលាការ​ដើម្បីកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏​ជា​លទ្ធផល​​មួយ​ដែល​កើតចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ១៩៩១ ដែរ។
 
ក្នុង​រយៈពេល​២០ឆ្នាំ  បារំាង​បាន​រួមចំណែក​ជួយ​កម្ពុជាឲ្យ​ងើបឈរ​ឡើងវិញ។ បារាំង​សប្បាយ​ចិត្ត​ដែល​ឃើញ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះទៅរក​អនាគត បើកទំព័រថ្មី​ដើម្បី​កសាង​ប្រទេស​តាមរយៈ វិស័យ​សេដ្ឋកិច្ច។ បារាំង​ដែល​ជា​ប្រទេស​ហត្ថលេខីមួយដែរ​បាន​សន្យា​ជួយ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ទៅមុខទៀត។
 
លោកស្រី​ចក់ សុខុន​វិញ យល់ស្រប​ដែលថា​កម្ពុជា​បាន​ទទួល​សន្តិភាព​ដោយមាន​កិច្ច​ព្រម​ព្រៀង​​​ក្រុង​ប៉ារីស ប៉ុន្តែ នោះគឺ​ជា​សន្តិភាព​តែ​សម្បកក្រៅប៉ុណ្ណោះ។ កម្ពុជា​បាន​បោះ​ជំហាន​ទៅមុខ ប៉ុន្តែ ដោយ​យឺតៗ។ សម្រាប់​ប្រធាន​អង្គការ​ខ្មែរម្ចាស់ស្រុក សិទ្ធិ​សេរីភាព​​ស្របច្បាប់​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់បន្ថយ ទាំងនៅក្នុង​សភាជាដើម។ ប្រជាជន​វិញ កាន់​តែ​រង​គ្រោះ​​ ដោយ​បាត់បង់​ទាំង​សិទ្ធិមនុស្ស និង​សិទ្ធិរស់នៅ។ ក្នុង​ហេតុផល អភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេស ពួកគេ​កាន់តែច្រើន​​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី។ អំពើ​ពុករលួយ និង​តុលាការ​មិន​ឯករាជ្យ​បាន​បំបាក់ទឹកចិត្ត​អ្នកវិនិយោគ​បរទេស។
 
និទណ្ឌភាព​លើ​ពួកអ្នកប្រព្រឹត្ត​អំពើ​ពុករលួយ រឹត​តែ​ពន្យឺត​ការខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដែល​ចង់​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។ ជារួម ២០ឆ្នាំ ក្រោយ​សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស សកម្មភាព​ជា​វិជ្ជមាន​មួយ​ចំនួន​ត្រូវ​រដ្ឋាភិបាល​អនុវត្តបាន។ ប៉ុន្តែ នៅមាន​ចំនុច​មួយចំនួនទៀត សរសេរ​នៅក្នុង​រដ្ឋធម្មនុញ្ញ ​ដែល​រដ្ឋាភិបាល​ត្រូវ​អនុវត្ត ជាពិសេស​គឺការគោរព​សិទ្ធិមនុស្ស​ជាសកល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI