កម្ពុជា

អង្គការ Comfrel រិះគន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថា​គ្មាន​គុណភាព

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត
បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត © ចាន់ណា/rfi

ក្នុង​ទិវា​ប្រជាធិបតេយ្យ អន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញា​នេះ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រែល បាន​រិះគន់​អំពី​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថា​បាន​ធ្វើឡើង​ដោយ​គ្មាន​គុណភាព។ យោងតាម​ខុមហ្វ្រែល ៤៩ ភាគរយ នៃ​អ្នកបោះឆ្នោត​មិនបាន​ទៅ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែមិថុនា​កន្លងទៅនេះ​ទេ ដោយសារ​មាន​បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត។ ការរិះគន់​នេះ​បានធ្វើ​ឡើង​ចំពេល​ដែល គ.ជ.ប កំពុងដំណើរការ​រៀប​ចំ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ថ្ងៃទី១៥ កញ្ញា​នេះ អង្គការ ខុមហ្វ្រែល បាន​ថ្លែង​កត់សម្គាល់​ដោយ​ការ​រិះគន់ថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែមិថុនា  និង​ក្នុងខណៈដែល​កម្ពុជា​កំពុង​ត្រៀម​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ឆ្នាំ ២០១៣ នៅមាន​បញ្ហា​ដែល​បន្សល់ទុក និង​នៅ​មិនទាន់បាន​បំពេញ​ត្រឹមត្រូវ​ជាច្រើន។

 
បញ្ហា​ទាំងនោះ​មានដូចជា ការចាត់ចែង​បោះឆ្នោត​មិនទាន់​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​គណបក្ស នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មិនទាន់​អស់ចិត្ត។ ក្រៅពីនោះ ប្រជាពលរដ្ឋ​មួយចំនួន​ពិសេស​យុវជន​បាត់បង់​សិទ្ធិ​បោះឆ្នោត។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខុមហ្វ្រែល ក្នុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅ ខុមហ្វ្រែល បាន​រកឃើញថា ៤៩ភាគរយ​នៃ​អ្នកបោះឆ្នោត​មិនបាន​បោះឆ្នោត​ទេ ដោយសារតែ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​គ្មាន​គុណភាព​គ្រប់គ្រាន់។

ការរិះគន់​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​បានធ្វើ​ឡើង​ចំ​ពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត( គ.ជ.ប) កំពុងតែ​ដំណើរការ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ ។ ដំណើរការ​នេះ​មាន​រយៈពេល៤២ថ្ងៃ និង​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១ខែកញ្ញា​មក។ យោងតាម​របាយការណ៍​របស់ គ.ជ.ប រហូតមកទល់​ចុង​សប្តាហ៍​នេះ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ជិត ៣០ ម៉ឺន​នាក់​ហើយ ឬ​ស្មើនឹង​ជាង ៤០ ភាគរយ​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ដែលមាន​ចំនួន​សរុប​ជាង ៦០ ម៉ឺន​នាក់។ គ.ជ.ប សង្ឃឹមថា អ្នក​ទាំងនោះ​នឹង​មក​ចុះឈ្មោះ​ឲ្យ​បានគ្រប់ៗគ្នា។

បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​គឺជា​បញ្ហា​ក្តៅគគុក​មួយ​នៅ​រាល់​ការបោះឆ្នោតម្តង។ បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​មួយចំនួន​តែង​រិះគន់​ការងារ​គ្មាន​គុណភាព និង​ភាពលម្អៀង​របស់ គ.ជ.ប ទៅរក​គណបក្សកាន់អំណាច ប៉ុន្តែ មន្ត្រី គ.ជ.ប តែង​បដិសេធថាជា​រឿង​មិន​ពិត។ យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល បានផ្ដល់​យោបល់​ថា ការអប់រំ​អំពី​ការបោះឆ្នោត គួរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​ជាតិ បន្ថែម​លើ​កម្មវិធី​អប់រំ​ពលរដ្ឋ​វិជ្ជា​ដែលមាន​នាពេល​បច្ចុប្បន្ន។

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ក៏​កំពុង​ទទូច​យ៉ាង​ក្តៅគគុក​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​នៅមុន​ការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI