អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កញ្ឆា និង​សុខភាព

សំឡេង ០៨:២៣
ចំការ​ដាំ​កញ្ឆា នៅ​ប្រទេស​ហូឡង់
ចំការ​ដាំ​កញ្ឆា នៅ​ប្រទេស​ហូឡង់ ©: AFP
ដោយ៖ អៀង សុខម៉ិញ
៤០ នាទី

កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន​ម្យ៉ាង​ដែល​ច្បាប់​អន្តរជាតិ​ចាត់​ទុក​ថា​ជា​គ្រឿង​ញៀន​ខ្សោយ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មិន​សូវ​ចាប់​អារម្មណ៍ខ្លាំង​ពី​គ្រោះថ្នាក់​នៃ​ការ​ជក់​វា​ទេ។ កាលពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​បារាំង​ម្នាក់ បាន​ព្រលយ​គំនិត​ចង់​ដាក់​កញ្ឆា​ឱ្យ​លក់​ស្រប​ច្បាប់ ដើម្បី​ងាយ​គ្រប់​គ្រង និង​បាន​បំផុស​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ផង​និង​គាំទ្រ​ផង។ ​តាម​ការ​ពិត ឈ្មោះ​ថា​គ្រឿង​ញៀន​មិន​ដែរ​ល្អ​ទេ កញ្ឆា ឬ ជា​ភាសា​បារាំង Marijuana, joint, Haschich, Hach, ឬ Shit អាច​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​ដល់​សុខភាព ជាពិសេស បើ​គេ​សាកល្បង​ជក់​វា តាំងពី​នៅ​វ័យ​ក្មេង​នៅ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង ជក់​កញ្ឆា​កំពុង​តែ​ពេញ​និយម​ឡើងៗ ជាពិសេស​ចំពោះ​ក្មេង​ជំទង់ និង​យុវវ័យ ហើយ​គេ​អាច​រក​ទិញ​បាន​ដោយ​ងាយ និង​ដោយ​ធម្មតា។ ក៏​ប៉ុន្តែ​អ្វី​ជា​ឥទ្ធិពល និង​ជា​គ្រោះថ្នាក់​ពិត​ប្រាកដ​ចំពោះ​សុខភាព គេ​ពុំ​បាន​ជ្រាប​ច្បាស់​ប៉ុន្មាន​ទេ។

តើកញ្ឆាជាអ្វី ?

តាម​ពិត​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពល​លើ​ប្រព័ន្ធ​សសៃ​រប្រសាទ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC។ ហើយ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល ទៅ​ក្នុង​បញ្ជី​គ្រឿង​ញៀន។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។

 តើគេ​យក​កញ្ឆា​មក​ជក់​ក្នុង​ទំរង់​បែប​ណា​ខ្លះ ?

ក្រោយ​ពី​បាន​កែច្នៃ សម្ងួត ឬ បំផ្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា​មក រុក្ខជាតិ​កញ្ឆា ត្រូវ បាន​អ្នក​ប្រើប្រាស់​ដាក់​ឈ្មោះ​ប្លែកៗ​គ្នា ទៅ​តាម​ទម្រង់។ បើ​ជា​ស្លឹក និង​ធាង សម្ងួត គេ​ច្រើន​និយម ហៅ​ថា ស្មៅ Herbe ចំណែក​ឯ​ជ័រ​របស់​វា​វិញ ដែល​ខ្ចប់​ជា​បន្ទះ ឬ​ទ្រវែង មាន​ពណ៌ បៃតង ត្នោត ឬ​លឿង មាន​ឈ្មោះ​ថា Haschich ou hachis hash។ កញ្ឆា​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បាន គេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី។ ជា​ចុង​ក្រោយ​គឺ​ប្រេង​កញ្ឆា។ គេ​ច្រើន​ជក់​វា​ក្នុង​ខ្សៀ ប៉ុន្តែ​ពុំ​សូវ​មាន​ធ្វើ​ចរាចរ​ច្រើន​ទេ។

 

ឥទ្ធិពល និង គ្រោះថ្នាក់​នៃ​ការ​ជក់​កញ្ឆា

តាំងពី​មាន​ការ​បែង​ចែក ច្បាប់​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ សតវត្ស​ទី ២០ មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ឬ អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​លើ​កញ្ឆា​ហើយ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុន នោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺត ប៉ុណ្ណោះ តែ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការ ពេល​វេលា​យូរ​ណាស់​សម្រាប់ បំផ្លាញ​សារធាតុ THC​របស់​កញ្ឆា​នេះ​វិញ។

ប្រសាសន៍​របស់ លោក សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr. Costentin, បណ្ឌិត​ឱសថសាស្ត្រ នៅ Rouen ប្រទេស​បារាំង៖

"នៅ​ពេល​ដែល​សារធាតុ​សកម្ម​របស់​កញ្ឆា បាន​ចូល​ទៅ​ដល់​ខួរក្បាល វា​នឹង​ធ្វើ​ការ​វិវត្តន៍ ឥទ្ធិពល​ពិសេស​របស់​វា បាន​ន័យ​ថា សារធាតុ​នេះ​មិន​រលាយ ឬ មិន​ត្រូវ​បាន​បំផ្លាញ ចោល​ទៅ​វិញ​ទេ តែ​វា​ទៅ​រលាយ​ចូល​ក្នុង​ខួរ ហើយ​សំងំ​លាក់​ខ្លួន​នៅ​ទីនោះ រាប់​ថ្ងៃ រាប់ អាទិត្យ​ក៏​មាន។ កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ​ធម្មតា​ទេ តែ​វា​ជា​គ្រឿង​ញៀន​យឺត។ វា​មាន​សកម្មភាព​យឺតៗ មក​កក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ខួរ​ក្បាល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជក់ វ័យ​ក្មេង​កាន់​តែ​ញៀន​ឡើងៗ។​

ដំបូង​ឡើង​ជក់​កញ្ឆា ជា​ការ​កំសាន្ត​មួយ ! មួយ​ខ្សឺត ​ពី​ខ្សឺត​ដំបូង ហាក់​នាំ​អារម្មណ៍​យើង ឱ្យ​បាន​ជួប​នឹង​សេចក្តី​សុខ សប្បាយ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​សប្បាយ​រីករាយ រសាត់ បាត់​ទៅ នោះ​ការ​ជក់​កញ្ឆា​ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ និង​ក្រោយ​មក​ក្លាយ​ជា​តម្រូវ​ការ ដែល​មិន​អាច​ខាន​បាន មិន​អាច​ទប់​ជាប់។"

ឥទ្ធិពល​ទទួល​បាន​ភ្លាមៗ

អ្នក​ដែល​ជក់​កញ្ឆា​គ្រប់​រូប តែង​សាកល្បង​ស្វែង​សុភមង្គល​ក្នុង​ផ្លូវ​អារម្មណ៍ បន្ធូរ​ភាព​តាន តឹង និង​សាកល្បង​ស្វែង​រក​អារម្មណ៍​ថ្មី​ប្លែកៗ ឱ្យ​កាន់​តែ​អណ្តែត​អណ្តូង។ ក៏​ប៉ុន្តែ តាម​ការ​ពិត អ្នក​ជក់​ទាំងអស់​នោះ​មិន​អាច​ទទួល​បាន​អារម្មណ៍​ទាំងអស់​នេះ​បាន​ដូច​បំណង​គ្រប់​ពេល​វេលា​នោះ​ទេ។

ក្រោយពី​បាន​ចូល​ជា្រប​ក្នុង​រាង​កាយ​មនុស្ស​ហើយ កញ្ឆា​នឹង​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន ទៅ​លើ​ខួរ​ក្បាល​ប្លែកៗ​គ្នា ទៅ​តាម​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ មាន​ជា​អាទិ៍ អារម្មណ៍​រីករាយ​សប្បាយ ធូរ​ស្បើយ និង​ទន់​ងងុយ។ ប៉ុន្តែ​កញ្ឆា​នេះ​ក៏​អាច​នាំ​ឱ្យ​យើង​មាន​អារម្មណ៍​រសាប់​រសល់ ចង់​ក្អួត ចង្អោរ ពុល​ល្ងីល្ងើ ញ័រ​សាច់ ថប់​ដង្ហើម មាន​អារម្មណ៍ ច្របូល​ច្របល់ ក្នុង​ខួរ​ក្បាល ខ្វល់​តប់​ប្រមល់ យ៉ាង​ខ្លាំង។

កញ្ឆា​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ចងចាំ និង ការ​គិតគូរ ប្រមូល​អារម្មណ៍​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ យ៉ាង​ឆាប់​រហ័ស។ ភ្នែក​ក៏​ស្រវាំង បាត់បង់​ភាព​ប្រុង​ប្រយ័ត្ន និង ស្ពឹក​ស្រពន់​ក្នុង​ការ បញ្ចេញ​ប្រតិកម្ម​តប​ត​នឹង​បញ្ហា​អ្វី​មួយ។ អារម្មណ៍​បែប​នេះ​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​បើក​បរ។

មាន​ឥទ្ធិពល​ជាក់ស្តែង​ផ្សេង​ទៀត ដែល​គេ​អាច​នឹង​ជួប​ប្រទះ​នោះ​គឺ ៖

- សសៃរ​​ឈាម​តូចៗ​ហើម ដែល​គេ​អាច​សំគាល់​បាន​តាម​រយៈ​ភ្នែក​ឡើង​ក្រហម​ថ្លែ

- ទទួល​ទាន​អាហារ​បាន

- ជីពចរ​លោត​ញាប់​ហួស​ចង្វាក់​ធម្មតា

- ស្ងួត​បំពង់​ក ប្រេះ​បបូរ​មាត់

- និង​ជួន​កាល​មាន​អារម្មណ៍​ចង់​ក្អួត

គ្រោះថ្នាក់​ចំពោះ​ផ្លូវ​ដង្ហើម​ជា​យថាហេតុ

មិន​ខុស​ពី​បារី​ទេ ផ្សែង​កញ្ឆា​ក៏​មាន​បង្កប់​ទៅ​ដោយ​សារធាតុ​ពុល​ពី​ធម្មជាតិ​ បង្ក​ជំងឺ​មហារីក។ ដូច្នេះ​ផ្សែង​នេះ​នឹង​ទៅ​បំពុល​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​យើង។ បើ​ជក់​បារី ហើយ​ជក់​កញ្ឆា​ទៀត​នោះ នោះ​សួត​របស់​អ្នក​នឹង​ងាយ​ឆាប់​កើត​ជម្ងឺ​មហារីក​ជាង​អ្នក​ជក់​តែ​បារី​តែ​មួយ​មុខ​ខ្លាំង​ណាស់។

ផលវិបាក​នៃ​ការ​ជក់​កញ្ឆា​ជាប់​ជា​ប្រចាំ

ឥទ្ធិពល​ដែល​បង្ក​ឡើង​ដោយ​កញ្ឆា​មិនមែន​ជា​គ្រោះថ្នាក់​ស្រាល​សាមញ្ញ​ធម្មតា ដូចការ ដែល​គ្រប់គ្នា​បាន​គិត​នោះ​ទេ។ ពេល​ខ្លះ កញ្ឆា​ផ្តល់​គ្រោះ​មហន្តរាយ​យ៉ាង​ខ្លាំង​ចំពោះ សុខភាព និង​សង្គម ៖

- ជួប​ការ​លំបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​រៀន​សូត្រ

- ខ្វល់​គិត​តែ​ពី​ស្វែង​រក​ជក់ ផ្តាច់​ខ្លួន​ពី​គ្រួសារ និង​សង្គម

- យុវជន​ខ្លះ​ងាយ​រង​គ្រោះ អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ មាន​វិបត្តិ​ផ្លូវ​ចិត្ត ចេះ​តែ​ភ័យ​ព្រួយ ស្លន់ និង ងាយ​កើត​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត la dépression។ ចំពោះ​អ្នក​ខ្លះ កញ្ឆា​អាច​នឹង​បង្ក​ឱ្យ​មាន​ជម្ងឺ ចិត្ត​រោគ ជក់​កញ្ឆា​តែ​មួយ​ប៉ុយ​ប៉ុណ្ណោះ គឺ​វា​ល្មម​គ្រប់គ្រាន់​នឹង​បញ្ចូន​ចូល​មន្ទីរ​ពេទ្យ ឯកទេស​ទៅ​ហើយ។ សំរាប់​អ្នក​ខ្លះ​ទៀត នឹង​មាន​ជម្ងឺ​សសៃរ​​ប្រសាទ ធ្ងន់​ធ្ងរ តួ​យ៉ាង ចេះ​តែ រវើរវាយ បែក​ឆ្ងាយ​ពី​អ្វី​ដែល​ជា​ជីវិត​ពិត​ក្នុង​លោក ភាសា​បារាំង​ហៅថា la schizophrénie។

មហារីក​ពង​សង្វាស ជា​ជម្ងឺ​កម្រ​មួយ​ ប៉ុន្តែ​ក្នុង​រយៈពេល ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ជម្ងឺ​នេះ​បាន​កើន​ឡើង​គួរ​ឲ្យព្រួយ​បារម្ភ ជាពិសេស​ចំពោះ​យុវជន​ពី​អាយុ ១៥ ទៅ​៣៥ ឆ្នាំ។ ​មូល​ហេតុ​ដែល​អាច​ពន្យល់​បាតុភូត​នេះ​គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ជក់​កញ្ឆា។ ការ​សិក្សា​មួយ​បង្ហាញ​ថា​ អ្នកជក់​កញ្ឆា​មាន​គ្រោះ​កើត​ជម្ងឺ​មហារីក​ ដល់​ទៅ​៧០ ភាគ​រយ​លើស​អ្នក​ដែល​ពុំជក់​កញ្ឆា​ទាល់​តែសោះ។ គួរ​ឲ្យ​សោកស្តាយ​ ផ្ទុយ​ស្រលះ​ពី​ការ​គិត​របស់​អ្នក​ជក់​ដែល​ស្វែង​រក​ភាព​ស្រើបស្រាល កញ្ឆា​នឹង​​​ធ្វើ​ឲ្យ​បុរស​​បាត់​បង់​សមត្ថភាព​ក្នុង​ការ​បន្ត​ពូជ​ និង​​​ក្នុង​ការ​រួម​ភេទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ