Rocket man ខ្សែភាពយន្តស្តីពីជីវប្រវត្តិរបស់តារាចម្រៀងអង់គ្លេស Elton John
ចុះផ្សាយនៅថ្ងៃ៖
ខ្សែភាពយន្តរឿង Rocket man ត្រូវចាក់បញ្ចាំងនៅក្នុងសប្តាហ៍នេះ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងកាន ប្រទេសបារាំង។ Rocket man គឺលោកElton Jonh តារាចម្រៀងអង់គ្លេសដ៏ល្បីល្បាញ ។ តើម្ចាស់បទចម្រៀង Candle in the wind ឬ I’m still standing ជាអ្នកណា យើងស្តាប់សេចក្តីរាយការណ៍របស់ឈាង បុប្ផា ពីទីក្រុងកាន។
Rocket man ជារឿងស្តីពីជីវប្រវត្តិទាំងស្រុងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Elton Jonh ដែលជា ម្ចាស់បទ Someone save my life ។ ខ្សែភាពយន្តបែប Comédie musicale ធ្វើឲ្យយើងដឹងថា Elton Jonh ជាឈ្មោះនៅលើឆាក ចំណែកឈ្មោះដើមរបស់លោក គឺ Reginald Kenneth Dwight កើតធំដឹងក្តីឡើង ដោយគ្មានបានទទួលក្តីស្រឡាញ់ពីឪពុកម្តាយ។ Reginald Kenneth Dwightមានទេពកោសល្យលេងព្យ៉ាណូតាំងពីតូច និងបានក្លាយជាអ្នកចម្រៀង Rock នៅតាមរង្គសាលមុននឹងត្រូវទីភ្នាក់ងារខាងចម្រៀងពេញចិត្ត ជ្រើសរើសឲ្យថតថាសចម្រៀងសម្រាប់ក្រុមហ៊ុន។
ពីសម្បកក្រៅ លោកElton Jonhជាអ្នកចម្រៀងសំឡេងមាស អ្នកមានហ៊ឺហាមកពីត្រកូលខ្ពស់។ ប៉ុន្តែ នៅក្នុងជីវិតផ្ទាល់វិញ មុននឹងក្លាយខ្លួនជាអ្នកចម្រៀងត្រឹមត្រូវមកវិញ លោកElton Jonh ធ្លាប់ឆ្លងកាត់ជីវិតដូចដែលអ្នកចម្រៀងល្បីៗធ្លាប់ធ្វើ នោះ គឺស្រីស្រា គ្រឿងញៀន ដើម្បីបំភ្លេចការឈឺចាប់ ដោយសារតែលោកគ្មានបានទទួលក្តីស្រឡាញ់ពីឪពុកម្តាយ។
នៅក្នុងរឿង Rocket man សមិទ្ធករ Dexter Fletcher បានជ្រើសរើសតារាវ័យក្មេង Taron Egerton សម្រាប់សម្តែងតួឯក Elton Jonh។ Elton Jonhជាខ្សែភាពយន្តស្តីពីតារាចម្រៀងទី២ របស់សមិទ្ធករDexter Fletcher បន្ទាប់ពីរឿង Bohemian Rhapsody ដែលនិយាយពីតារាចម្រៀងQueen ។ នៅក្នុងខ្សែភាពយន្តដែលត្រូវចំណាយការផលិតអស់ ៤០លានដុល្លារ សមិទ្ធករ លោកDexter Fletcher បានបញ្ចេញថ្វីដៃរបស់លោក ក្នុងការដឹកនាំតួសម្តែង និងប្តូរឆាកឈុត លាយជាមួយបទចម្រៀងធ្វើឲ្យទស្សនិកជន មើលដោយមិននឿយណាយ។ នៅប្រទេសបារាំង រឿង Rocket manដែលមិនចូលរួមក្នុងការប្រកួតប្រជែងយករង្វាន់អ្វីទេ នៅក្នុងមហោស្រព នឹងត្រូវចាក់បញ្ចាំងជាផ្លូវការ ចាប់ពីចុងខែឧសភានេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ