កម្ពុជា

អង្គការ​ខារ៉ាម​កំពុង​ជួយ​ពលករ​ខ្មែរ​អោយ​វិល​មក​កម្ពុជា​វិញ

ពលករខ្មែរ​ដែល​ទៅ​ធ្វើ​ពលករ​នៅ​បរទេស
ពលករខ្មែរ​ដែល​ទៅ​ធ្វើ​ពលករ​នៅ​បរទេស RFI/Channa Siv

គ្រួសារ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​ត្រូវ​មេ​ខ្យល់​បោក​យក​ទៅ​លក់​ឲ្យ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ​លក់​បន្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា​ឲ្យ​ជួយ​អន្ត​រាគមន៍​ធ្វើ​យ៉ាង​ណា​ជួយ​ជន​រង​គ្រោះ​ទាំង​នោះ អោយ​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។  

ផ្សាយពាណិជ្ជកម្ម

អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ស្រាវ​ជ្រាវ​រក​ពល​ករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​ត្រូវ​មេ​ខ្យល់​លក់​បន្ត​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ឲ្យ​វិល​ចូល​ស្រុក​វិញ បន្ទាប់​ពី​អង្គ​ការ​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​​គ្រួសារ​ជន​រង​គ្រោះ​កាល​ពី​សប្តាហ៍​មុន​។

 
លោក យ៉ា ណាវុធ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា បាន​​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​សហ​ការ​ជា​មួយ​អង្គ​ការ​ខារ៉ាម​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ជួយ​ស្វែង​រក​ពលករ​ខ្មែរ​ចំនួន​១១​នាក់​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​ពួក​គេ​ទាំង​នោះ​បាន​ចាញ់​បោក​មេ​ខ្យល់ ទៅ​ធ្វើ​ជា​អ្នក​នេ​សាទ​នៅ​ដែន​សមុទ្រ​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ​ថៃ​លក់​បន្ត​ទៅ​ឲ្យ​ធ្វើ​ការ​នៅ​ដែន​កោះ​មួយ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

អង្គ​ការ​ខា​រ៉ាម នៅ​មិន​ទាន់​ដឹង​ពី​កន្លែង​ស្នាក់​នៅ​ពិត​ប្រាកដ​របស់​ពលករ​ខ្មែរ​ទាំង​១១ នាក់​នោះ​នៅ​ឡើយ​ទេ តែ​អង្គ​ការ​ មាន​ជំនឿ​ថា​នឹង​អាច​ជួយ​ពួក​គេ​​​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ គេ​ក៏​នៅ​មិន​ទាន់ដឹង​ប្រាកដ​ថា​ ពលករ​ខ្មែរ​ទាំង​នោះ​បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​ណា​មួយ ក្នុង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​រឺ​យ៉ាង​ណា​នោះ​ដែរ ព្រោះ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ  ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ ​និង​ការ​ពារ​អនីតិ​ជន​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​អង្គការ​ខារ៉ាម​កម្ពុជា ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ចំនួន​ពីរ​នាក់​ពី​ម៉ាឡេស៊ី​ បន្ទាប់ពី​​ពួក​គេ​ត្រូវ​បាន​សន្យា​ដោយ​មេ​ខ្យល់​កម្ពុជា​ថា ​នឹង​ផ្តល់​ការ​ងារ​​នៅ​ហាង​លក់​ដូរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយ​រក​ចំណូល​បាន​​ប្រហែល​ ៧០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។

ពលករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​៧៤រូបផ្សេងទៀត​ ភាគច្រើនជាខ្មែរអ៊ីស្លាម ដែល​ត្រូវ​ប៉ូលីស​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ដើម​ឆ្នាំ២០១១ ក្នុងខេត្តចូហូរ ពាក់ព័ន្ធ​នឹង ​ការ​លួច​ឆ្លងចូល​ទៅស្នាក់​នៅនិង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏ត្រូវបាន​ដោះ​លែង​និង​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​​ប្រទេស​កម្ពុជា​​វិញ​ដោយ​សុវត្ថិភាព​ផងដែរ កាល​ពី​ខែមីនា កន្លង​ទៅ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI