អានតួអត្ថបទ
បារាំង

ទស្សនាវដ្តី​​ Charlie​​ Hebdo ​​គូរ​រូប​​ត្លុក​​កំប្លែង​​ប្រមាថ​​ព្យាការី​​មហាម៉េដ​​

ចាងហ្វាងនៃ​ទស្សនាវដ្តី​​​ Charlie Hebdo ​​​សម្រេច​​ផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃពុធ​​ទី១៩​​កញ្ញា​២០១២នូវ​​​រូប​គំនូរ​​ត្លុក​​​​ប្រមាថ​​ព្យាការី​​មហាម៉េដ
ចាងហ្វាងនៃ​ទស្សនាវដ្តី​​​ Charlie Hebdo ​​​សម្រេច​​ផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃពុធ​​ទី១៩​​កញ្ញា​២០១២នូវ​​​រូប​គំនូរ​​ត្លុក​​​​ប្រមាថ​​ព្យាការី​​មហាម៉េដ AFP PHOTO FRED DUFOUR
ដោយ៖ សៀក សារិន
1 នាទី

នៅក្នុង​បរិបទ​តានតឹង​ពិសេស​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ ​ ក្រោយពី​មាន​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ប្រឆាំង​អ៊ីស្លាម​តាមរយៈ​អ៊ិនធ័រណែត​ ​ ទស្សនាវដ្តី​បារាំង​ Charlie Hebdo ​បាន​សម្រេច​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​ទី១៩​កញ្ញា​នេះ​ ​ នូវ​រូប​គំនូរ​ត្លុក​កំប្លែង​ប្រមាថ​ព្យាការី​មហាម៉េដ។​ រដ្ឋាភិបាល​បារាំង​មានជាអាទិ៍​លោក​ ឡរ៉ង់​ហ្វាប៊ីយូស​ បាន​សម្តែង​ការ​សោក​ស្តាយ​​នៃ​ទង្វើនេះ។​ លោកនាយករដ្ឋមន្ត្រី​បារាំង​វិញ​ អំពាវនាវ​ឲ្យ​ម្នាក់ៗ​មាន​ស្មារតី​ទទួល​ខុសត្រូវ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ ​ គេ​អាច​សន្និដ្ឋាន​បានថា​ ​ ទស្សនាវដ្តី​ Charlie Hebdo ​ប្រព្រឹត្ត​ទង្វើ​ពុំគប្បី​នេះ​ម្តងទៀត។​ ដោយហេតុថា​ ​ នៅ​ខែវិច្ឆិកា​ឆ្នាំ២០១១​កន្លងទៅ​ ​ ក្រោយពី​បាន​ផ្សព្វ​ផ្សាយ​លេខ​ពិសេស​ដែលបាន​ដាក់​ចំណង​ជើងថា​ “Charia Hebdo »​ ​ ដោយមាន​ព្យាការី​មហាម៉េដ​ធ្វើជា​ “អ្នកនិពន្ធនាយក”​ ​ ទីស្នាក់ការ​នៃ​ ទស្សនាវដ្តី​ ជើងខិល​ឈ្មោះ​ Charlie Hebdo ​បានត្រូវ​គេ​ដុត​បំផ្លាញ។

 
នៅ​ថ្ងៃពុធ​ទី១៩​កញ្ញានេះ​ ​ ​ ទស្សនាវដ្តី​ជើងខិល​ឈ្មោះ​ Charlie Hebdo​ បាន​សម្រេច​ផ្សព្វ​ផ្សាយ​​រូប​គំនូរ​ត្លុក​កំប្លែង​របស់​ខ្លួន​ ដោយបាន​បង្ហាញ​ឲ្យឃើញ​នូវ​ រូប​ព្យាការី​មហាម៉េដ​ជា​មនុស្ស​ពិការ​អង្គុយ​នៅលើ​កៅអី​រុញដោយ​អ្នកកាន់​សាសនា​ហ្ស៊ីវ​ម្នាក់។

គួរបញ្ជាក់ថា​ ​ រូបត្លុក​កំប្លែង​នេះ​បាន​លេចចេញ​នៅក្នុង​បរិបទ​មួយ​ដ៏​សែន​តានតឹង​ដែល​កំពុង​តែ​កើតមាន​នៅក្នុង​ពិភព​អ៊ីស្លាម​ ​ ក្រោយពី​មាន​ការផ្សាយ​តាម​រយៈ​អ៊ីនធ័រណែត​នូវ​ខ្សែ​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ ​ ផលិត​ដោយ​សមិទ្ធិករ​ដែល​មាន​សញ្ជាតិ​អាមេរិក-និង​អ៊ីស្រាអែល។

ជះប្រេង​លើ​ភ្លើង

សម្រាប់​ចាងហ្វាង​នៃ​ការផ្សាយ​ទស្សនាវដ្តី​ ឈ្មោះ​ Charlie Hebdo​ ការគូរ​រូប​ត្លុក​កំប្លែង​មាក់ងាយ​លេងសើច​គឺជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ហើយក៏ជា​ឆ្នាំងបាយ​នៃ​មុខរបរ​របស់​ ទស្សនាវដ្តី​ ជើងខិល​ឈ្មោះ​ Charlie Hebdo​នេះដែរ។

ចំណែកឯ​រដ្ឋាភិបាល​បារាំងវិញ​ ​ មាន​ការទើសទាល់​យ៉ាងខ្លាំង​ ​ ម្ខាង​ចង់​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ម្ខាងទៀត​ចង់​កុំឲ្យ​មាន​ការប៉ះពាល់​ដល់​ការគោរព​សាសនា។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​នាយករដ្ឋមន្ត្រី​បារាំង​លោក​ Jean-Marc Ayrault ​ថ្លែងថា​ ​ “យើង​នៅក្នុង​ប្រទេសមួយ​ដែល​គេត្រូវតែ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ក៏ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​អ្នក​គូរ​រូប​ត្លុកកំប្លែង​ ​ ក៏ប៉ុន្តែ​បើ​ប្រសិនជា​ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​ ​ នោះ​គេអាច​ប្តឹង​ទៅ​តុលាការ”​។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ ឯណោះវិញ​ ​ បាន​ថ្លែងចោទ​សួរថា​ ​ “តើ​គេគួរ​ ជះប្រេង​លើ​ភ្លើង​ នៅ​ខណៈ​ពេល​ដែលកំពុង​តែ​កើតមាន​ភាព​តានតឹង​បែបនេះ​ដែរឬទេ?”​​ ​ ហើយ​នៅក្នុង​តួនាទី​របស់​លោក​ជាអ្នក​ទទួល​ខុសត្រូវ​លើ​សន្តិសុខ​របស់​ប្រជាជន​បារាំង​ដែល​រស់នៅ​ក្រៅប្រទេស​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ ​សម្ដែង​ក្តីបារម្ភ​ ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​គេ​ធ្វើការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ស្ថានទូត​បារាំង​នៅ​លើ​ពិភពលោក។

ហើយនៅ​ថ្ងៃពុធ​ទី១៩​កញ្ញា​ឆ្នាំ២០១២នេះ​ ​ ក្រសួង​ការបរទេស​បារាំង​បាន​ថ្លែងឲ្យ​ដឹងថា​ ​ “ស្ថានទូត​ ​ ស្ថានកុងស៊ុល​ ​ និង​សាលារៀន​បារាំង​នៅ​ក្នុង​ម្ភៃប្លាយ​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ នឹងត្រូវ​បិទទ្វារ​នៅ​ថ្ងៃសុក្រ​ ​ ដែលជា​ថ្ងៃ​សូត្រធម៌​បន់ស្រន់​ដ៏​សំខាន់​សម្រាប់​អ្នកកាន់​សាសនា​អ៊ីស្លាម។​ ទាំងនេះ​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​បារាំង​ដែល​រស់នៅ​ក្រៅ​ប្រទេស​ ​ ក្រោយពី​មាន​ការ​សម្រេច​ផ្សព្វផ្សាយ​រូបគំនូរ​ត្លុក​កំប្លែង​ប្រមាថ​ព្យាការី​មហាម៉េដ​ដោយ​ទស្សនាវដ្តី​ Charlie Hebdo ​នៅក្នុង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ