កម្ពុជា

សហជីព​​សេរី​កម្មករ​​ពន្យា​រពេល​​​ធ្វើ​កូដ​កម្ម

សហជីព​សេរី​កម្មករ​ដែល​ដឹកនាំ​ដោយ​លោក ជា មុនី បានប្រកាស​ពន្យា​រ​ពេលធ្វើ​កូដកម្ម ​ដោយ​គ្មាន​កំណត់​ពេលវេលា។ ការពន្យា​រ​ពេលធ្វើ​កូដកម្ម​នេះ ត្រូវបាន​លោក ជា មុនី​ លើកឡើងថា ដោយសារ​តុលា​រការ​ខេត្តកំពង់ស្ពឺ ​យល់ព្រម​ដោះលែង​មន្ត្រី​សហជីព និង កម្មករ​ទាំង៨នាក់ ដែល​ជាប់ចោទ​ពីបទ​បង្ក​ហិង្សា​ នៅ​រោងចក្រ​សា​ប្រ៊ី​ណា។

លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​
លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ ទី២១ តុលា​នេះ​ថា គម្រោង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី ២២ និង២៣ តុលា ដែល​សហជីព​សេរី​កម្មករ​គ្រោង​នឹងធ្វើ ត្រូវ​ពន្យារ​​ពេល​ហើយ​នៅពេលនេះ។ ការសម្រេច​ពន្យា​រ​ពេល​ធ្វើ​កូដកម្ម​នេះ ត្រូវធ្វើឡើង​ បន្ទាប់ពី​តុលាការខេត្ត​កំពង់ស្ពឺ​បាន​យល់ព្រម​ដោះលែង​មន្ត្រី​សហជីព​និង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ទាំង៨រូប ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ ហើយ​ថា យ៉ាងយូរបំផុត មន្ត្រី​សហជីព និង​កម្មករ​ទាំង៨រូប ត្រូវ​ដោះលែង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក។

ប្រធាន​សហជីព​សេរី​កម្មករ​រូបនេះ​បាន​បញ្ជាក់ថា បន្ទាប់​ពី​មាន​ការដោះលែង​មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ទាំង៨រូបនេះ​ហើយ លោក​នឹង​សរសេរ​លិខិត​មួយ ទៅកាន់​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ ដើម្បី​ជជែក​គ្នា​ពី​ប្រាក់បៀវត្សរ​កម្មករ។ ប្រាក់បៀវត្ស​រដែល​សហជីព​សេរី​កម្មករ​ស្នើសុំ​ដំឡើង​ឲ្យ​បាន១៥០ ឬ១៦០ ដុល្លារ​ ក្នុង​មួយខែ។ គួរ​​បញ្ជាក់ថា ការសុំ​ដំឡើង​ប្រាក់បៀវត្សរ​​ឲ្យ​បាន១៥០ឬ ១៦០ដុល្លារ​ក្នុង​មួយខែ គឺជា​លក្ខខណ្ឌ​ទី២ ដែល​សហជីព​សេរី​កម្មករ​លើកឡើង​ ធ្វើ​ជា​មូលហេតុ​នៃ​ការរៀបចំ​កូដកក​ម្ម២ថ្ងៃ។

គួររម្លឹកថា បើទោះបីជា​កូដកម្ម​របស់​សហជីព​សេរី​កម្មបាន​ពន្យារ​​ពេល​ក៏ពិតមែន ក៏​នៅ​ថ្ងៃទី២៣ តុលា​ខាងមុខ​ នៅមាន​មហា​បាតុកម្ម​មួយទៀត គឺ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មហា​បាតុកម្ម​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា។

លោក ជា មុនី​បញ្ជាក់ថា ប្រសិនបើ​មានកម្ម​ករ​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ វា​ជា​សិទ្ធិ​របស់​បុគ្គល​ប៉ុណ្ណោះ។ ហើយ​ថា​កូដកម្ម​របស់​សហជីព​សេរី​កម្មករ និង​មហា​បាតុកម្ម​​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ​ជា​រឿង​ពីរ​ផ្សេងគ្នា។

សូមបញ្ជាក់ថា មន្ត្រី​សហជីព៣នាក់ និង​កម្មករ៥នាក់​ ដែល​រំពឹងថា​នឹងត្រូវ​ដោះលែង​ជា​បណ្ដោះអាសន្ន​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៣ ដោយ​ជាប់ចោទ​ពីបទ​បង្ក​ហិង្សា​ នៅ​រោងចក្រ​សា​ប្រ៊ី​ណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI