កម្ពុជា

ក្រុម​កុមារ​​បឹង​កក់​​​យំស្រែក​​រក​​អន្តរាគមន៍​​ពី​​ព្រះបរមរាជវាំង​​ក្នុង​​រឿង​​ជម្លោះ​​ដី​​នៅ​​បឹងកក់​​

កុមារ​តូចៗ​នៅ​បឹងកក់​បាន​ប្រមូលផ្តុំគ្នា​​នៅមុខ​ព្រះបរមរាជវាំង​សុំអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយដោះលែង ឪពុកម្តាយ​១៥​នាក់ដែលជាប់គុកដោយសារ​តវ៉ា​រឿង​ជម្លោះ​ដី​នៅបឹ​ងកក់។
កុមារ​តូចៗ​នៅ​បឹងកក់​បាន​ប្រមូលផ្តុំគ្នា​​នៅមុខ​ព្រះបរមរាជវាំង​សុំអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយដោះលែង ឪពុកម្តាយ​១៥​នាក់ដែលជាប់គុកដោយសារ​តវ៉ា​រឿង​ជម្លោះ​ដី​នៅបឹ​ងកក់។ RFI/Ly Meng Hour

នៅ​​​ព្រឹក​​​ថ្ងៃ​​ទី​​​៥​​​មិថុនា​​​នេះ ​​ក្រុម​​​កុមារ​​​តូចៗ​​នៅ​​​តំបន់​​​បឹងកក់​ ​បាន​​​ប្រមូល​ផ្តុំ​​​លុត​​ជង្គង់​​ស្រែក​​​ទ្រហោយំ​​​នៅ​​​មុខ​​​ព្រះបរមរាជវាំង​​សុំ​​​អន្តរាគមន៍​​​ពី​​​​ព្រះមហាក្សត្រ​​​​ឲ្យ​​ជួយ​​​ដោះលែង​​ឪពុក​​ម្តាយ​​ ដែល​​​ជាប់​​​ពន្ធនាគារ​​ចំនួន​​១៥​​នាក់​​ដោយសារ​​​តែ​​​ការ​​តវ៉ា​​​រឿង​​ជម្លោះ​​​ដី​​​នៅ​​​បឹង​កក់​។​​ ក៏​​ប៉ុន្តែ​​​​មន្ត្រី​​​ព្រះបរមរាជវាំង​​មិន​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​ថ្វាយ​​​ព្រះមហាក្សត្រ​​ដែល​​​ធ្វើ​​ឡើង​​​ដោយ ​​ក្រុម​​​​អ្នក​​ភូមិ​​និង​​​កុមារ​​​រស់​​នៅ​​​បឹងកក់​​​ឡើយ​។​​

ផ្សាយពាណិជ្ជកម្ម

 

​សម្រែក​​ទ្រ​ហ៊ោ​យំ​លាន់​​ឮ​​កងរំពង​នៅ​​មុខ​​ព្រះបរមរាជវាំង​នា​​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​។ ប្រជាពលរដ្ឋ និង​កុមារ​តូចៗ រស់នៅ​បឹង​កក់ បាន​ទទូច​អង្វរសុំ​ឲ្យ​ព្រះមហាក្សត្រ មេត្តា​ប្រោស​ព្រះរាជទាន​អន្តរាគមន៍ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ដោះលែង​អ្នកភូមិ​បឹង​កក់​ចំនួន ១៥ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន និង​ដាក់​ពន្ធនាគា​រទាំង​អយុត្តិធម៌ ដោយសារ​តែ​ការតវ៉ា​រឿង​ដី​នៅ​បឹង​កក់​។​
​អ្នក​ភូមិ​បឹងកក់ ជា​ម្តាយ និង​ឪពុក​របស់​កុមារ​តូចៗ​ កាលពី​ថ្ងៃ​២៤​ឧសភា ត្រូវបាន​តុលាការ​កាត់​ទោស ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំ ដល់ ២ ឆ្នាំ​កន្លះ ក្នុង​រឿង​ជម្លោះ​ដី​នៅ​បឹង​កក់​។

​​មុននឹងសំពះអង្វរ លុតជង្គង់សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រឲ្យមាន​ការដោះលែង​ពលរដ្ឋ​​បឹងកក់ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​សហគមន៍​ដទៃទៀត ភាគច្រើនជាកុមារតូចៗ ប្រមាណ ១០០ នាក់ បាន​ដើរហែក្បួនចេញ​ពី​រដ្ឋសភាទៅ​មុខ​ព្រះបរមរាជវាំង។​

ទី​បំផុត​ទៅ ទោះបីជា​កុមារ​តូចៗ បាន​លុតជង្គង់​ស្រែក​ទ្រហោយំ ឲ្យ​ដោះលែង​ឪពុក​ម្ដាយ​ពួក​គេ​និង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​យ៉ាងណាក្តី តែ​ញត្តិ​នោះ មិន​ត្រូវបាន​មន្ត្រី​ព្រះបរមរាជវាំង ទទួលយក​ទេ​។

​ក្នុង​រយៈពេល ២ សប្តាហ៍​នេះ កុមារ​តូចៗ នៅ​បឹង​កក់ បាន​ប្រមូលផ្តុំ​ស្វែងរក​អន្តរាគមន៍​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​តុលាការ ដោះលែង​ម្តាយ​ឪពុក​ពួកគេ ចេញពី​ពន្ធនាគារ​។ កុមារ​ទាំងនោះ ទទួលរង​នូវ​ការប៉ះពាល់​បញ្ហា​ផ្លូវចិត្ត ហើយ​នឹង​នៅតែ​បន្ត​អូសបន្លាយ និងទន្ទឹង​រង់ចាំ​ឪពុក​ម្តាយ​ចេញពី​ពន្ធនាគារដោយ​អន្ទះសារ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI