កូរ៉េ

ចិន​អញ្ជើញ គីម ជុងអ៊ុន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប៉េកាំង

លោក គីម ជុង​អ៊ីល និង​កូន​ប្រុស​ពៅ គីម ជុង​អ៊ុន ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខចិន​(រូប​កណ្តាល) ថ្ងៃ​ទី​១៥​កុម្ភៈ ២០១១
លោក គីម ជុង​អ៊ីល និង​កូន​ប្រុស​ពៅ គីម ជុង​អ៊ុន ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខចិន​(រូប​កណ្តាល) ថ្ងៃ​ទី​១៥​កុម្ភៈ ២០១១ © Reuters

កូន​ប្រុស​​ពៅ​របស់ គីម ជុង​អ៊ីល ​​ប្រមុខ​ដឹក​នាំ​កុម្មុយនិស្តកូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ​ដែល​ទំនង​ជា​នឹង​អាច​ឡើង​កាន់​អំណាច​ដឹក​នាំ​ប្រទេស ​ស្នង​​ពី​ឪពុក ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​សំណាក់​អាជ្ញាធរ​​ចិន ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប៉េកាំង។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​សៅរ៍​ទី ៥​មីនា ២០១១។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ព័ត៌មាន​ស្តី​ការ​អញ្ជើញ​លោក​ គីម ជុង​អ៊ុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិននេះ​ ត្រូវ​បាន​សមាជិក​សភា​កូរ៉េ​ខាង​ត្បូងម្នាក់​​ដែល​បាន​ជួប​ប្រជុំដោយ​បិទ​ទ្វារ​​ជា​មួយ​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​ បង្ហើប​ឲ្យ​ដឹង​ នៅ​ថ្ងៃ​សៅរ៍​នេះ។​ ​ ប៉ុន្តែ​ពុំ​​មិន​ទាន់​មាន​កំណត់​អំពី​កាល​បរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ហើយ​​​ភាគី​​ចិន​ក៏​មិនបាន​​​បញ្ជាក់​​អំពី​ព័ត៌មាន​នេះ​ដែរ។

សម្រាប់​ភ្នាក់​ងា​រ​ស៊ើប​ការណ៍សម្ងាត់​កូរ៉េខាង​ត្បូង​ លោក គីម​ ជុង​អ៊ុន នឹង​​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​​ការ​អញ្ជើញ​​នេះ ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង​ ក្នុង​ពេល​ឆាប់ៗ​នេះ។ ប៉ុន្តែ​ តើ​ គីម ជុងអ៊ុន ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​​តែ​ម្នាក់​ឯង ឬ​ក៏​មាន​​ប្រមុខ​បក្ស​ផ្សេង​ទៀត​អម​ដំណើរ​ជាមួយ​ដូច​លើក​មុនៗ ? នេះ​ជា​សំណួរ​ដែល​នៅ មិន​ទាន់​មានច​ម្លើយ​នៅ​ឡើយ។

តាម​ពិត​ការ​អញ្ជើញ​នេះ ទើប​តែ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ឱកាស​ដែល​សមាជិក​គណៈ​រដ្ឋមន្ត្រី​​ចិន​ទទួល​បន្ទុក​កិច្ច​បរទេស​ ដៃ ប៊ិងហ្គួ និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ចិន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង នា​ពេល​ថ្មីៗនេះប៉ុណ្ណោះ។

ដំណើរ​ទស្សនកិច្ច របស់ លោក គីម ជុងអ៊ុន ​​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​​​សម្ព័ន្ធមិត្ត​ និង​អ្នក​គាំទ្រ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ ​តែ​មួយ​គត់ ស​​បញ្ជាក់​កាន់​តែច្បាស់ថា​ គីម​ ជុង​អ៊ុន​ ជា​ អ្នក​ស្នង​តំណែង​ពី​ឪពុក​ ដ៏​សក្តិសម ទៅ​ថ្ងៃ​អនាគត ហើយ​ពេល​នេះ​ គឺ​ជា​ដំណាក់​កាល​អន្តរកាល​ នៃ​ការ​ផ្ទេរ​អំណាច ពី​ឪពុក​ទៅ​​កូន​ប្រុស​ពៅ។ ​ ព្រោះ​​​ លោក​ គីម​ជុង​អ៊ីល មាន​សុខភាព​មិន​ល្អ តាំង​ពី​ឆ្នាំ​២០០៨​មក ហើយ លោក គីម ជុង​អ៊ុន ជា​កូន​ពៅ​ទើប​តែ​នឹង​ត្រូវ​បាន​តែ​ង​តាំង​ជា​ឧត្តមសេនីយ​ផ្កាយ​បួន កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មីៗ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI