ចិនដំឡើងបន្ថែមថវិកាវិស័យកងទ័ពសម្រាប់ឆ្នាំ ២០១១
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលចិនបានសម្រេចដំឡើងថវិកាបន្ថែមសម្រាប់វិស័យការពារជាតិរបស់ខ្លួន។ ជាមួយនឹងការដំឡើង ១២,៧ ភាគរយ នៅឆ្នាំ ២០១១ ក្នុងពេលដែលការដំឡើងឆ្នាំមុន មានតែ ៧,៥ភាគរយ ថវិកាសម្រាប់វិស័យកងទ័ពចិន នៅឆ្នាំ នេះមានចំនួនដល់ទៅ ៦០១ ពាន់លានយ័ន ត្រូវនឹង៩១ពាន់លានដុល្លារអាមេរិក។ អ្នកនាំពាក្យរបស់សភាចិនដែលបានប្រកាសឲ្យដឹងព័ត៌មាននេះ គឺនៅតែមួយថ្ងៃមុនបើកការប្រជុំសន្និបាតសភាជាតិចិន ដែលនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ទី ៥ មីនា ២០១១។
សេចក្តីរាយការណ៍របស់ឈាង បុប្ផា
ជាមួយនឹងកំណើនសេដ្ឋកិច្ចចេះតែទៅមុខរបស់ខ្លួន ចិន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ បានដំឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ថវិកា សម្រាប់វិស័យការពារជាតិ។ ចិនចាប់ផ្តើមអភិវឌ្ឍវិស័យកងទ័ព ដើម្បីឆ្លើយតបនឹងភាពយឺតយ៉ាវរបស់ខ្លួន និងដោយចង់តាមឲ្យទាន់ ប្រទេសអាមេរិក និងរុស្ស៊ី។
ការដំឡើងថវិកាសម្រាប់វិស័យយោធាចិនបានធ្វើឡើង ទន្ទឹមពេលដែលអាមេរិក និងប្រទេសជិតខាងនៅអាស៊ី ដូចជាជប៉ុន តៃវ៉ាន់ ឥណ្ឌា កំពុងព្រួយបារម្ភពីការពង្រីកវិសាលភាពអំណាចយោធារបស់ចិន។ បើតាមអ្នកវិភាគខ្លះ ចិនដែលដំឡើងថវិកាយោធា កាន់តែច្រើនជាងឆ្នាំមុន គឺកំពុងចង់បង្ហាញអំណាចយោធាកាន់តែខ្លាំងរបស់ខ្លួន នៅក្នុងតំបន់ និងក្នុងពិភពលោក។
ការបន្ថែមថវិកា ដើម្បីពង្រឹងវិស័យយោធាចិន កំពុងត្រូវតាមដានដោយយកចិត្តទុកដាក់ពីប្រទេសគូប្រកួតប្រជែង ជប៉ុន និងអាមេរិក។ គេបានប៉ាន់ស្មានថា ថវិកាពិតប្រាកដសម្រាប់វិស័យយោធា ចិនមានចំនួនលើស តួលេខដែលរដ្ឋាភិបាលចិនប្រកាសជាផ្លូវការទៅទៀត។ តាមរយៈការដំឡើងថវិកា ចិនបានធ្វើទំនើបកម្ម អាវុធក្នុងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក។ ការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយរបស់ចិន គឺ យន្តហោះទម្លាក់គ្រាប់បែកChengdu « J-20 »ដែលប្រព័ន្ធរ៉ាដាមិនអាចចាប់បាន។ រហូតមកដល់ពេលនេះ មានតែអាមេរិកទេ ដែលមានយន្តហោះប្រភេទនេះ។ ចិននៅបានអភិវឌ្ឍផលិតមីស៊ីល ដែលអាចបាញ់កំទេចនាវាចម្បាំង ដែលស្ថិតនៅចំងាយរាប់ពាន់គីឡូម៉ែត្រពីទឹកដីចិន។
នៅប្រទេសចិនឯណោះវិញ លោកLi Zhaoxing អតីតរដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា នៅក្រោយការដំឡើងលើកនេះ ថវិកាយោធាចិន តំណាងឲ្យតែ ៦ភាគរយនៃថវិកាជាតិសរុបតែប៉ុណ្ណោះ។ លោកបានអះអាងថា ថវិកាប៉ុណ្ណឹង មិនអាចគំរាមដល់សន្តិសុខរបស់ប្រទេសណាមួយបានទេ។ កន្លងមក ចិននៅតែទាមទារថា ថវិកាកងទ័ពរបស់ខ្លួនមានចំនួនតិចតួចខ្លាំងណាស់ ជាពិសេសបើប្រៀបធៀបនឹងថវិកាទ័ពរបស់អាមេរិក ដែលមានចំនួនដល់ទៅ ជាង ៦៦៣ ពាន់លានដុល្លារ។
សម្រាប់លោកRick Fisher ដែលបំរើការនៅមជ្ឈមណ្ឌលវាយតម្លៃយុទ្ធសាស្រ្តអន្តរជាតិ រដ្ឋាភិបាលចិនដំឡើងថវិកាសម្រាប់វិស័យការពារជាតិ ដើម្បីអាច ទីមួយបង្ហើយគម្រោងអភិវឌ្ឍសព្វាវុធ និងទីពីរដើម្បីអាចដំឡើងប្រាក់ខែដល់កងទ័ព។ របបកុម្មុយនិស្តចិន ពិតជាបានមើលឃើញយ៉ាងច្បាស់នូវគំរូបះបោររបស់ប្រជាជន នៅពិភពអារ៉ាប់ ដែលភាគច្រើនបានចេញមុខគាំទ្រដោយកងទ័ព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ