នៅឆ្នាំ ២០១១ចិនផ្តល់ថវិកាដល់ប៉ូលិសច្រើនជាងកងទ័ព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃបើកអង្គប្រជុំសភាប្រជាជន ប្រចាំឆ្នាំ កាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលចិនបានបង្ហាញឲ្យដឹងពីការដំឡើង បន្ថែមថវិកាសម្រាប់ផ្នែកការពារសាធារណៈ។ ថវិកាសម្រាប់ប៉ូលិសរក្សាសណ្តាប់ធ្នាប់ក្នុងឆ្នាំ ២០១១នេះ បានកើនឡើងដល់៩៥ ពាន់លានដុល្លារ គឺច្រើនជាងថវិកាថ្មី ដែលរដ្ឋាភិបាលបានសម្រេចដំឡើងសម្រាប់វិស័យកងទ័ព កាលពីថ្ងៃសុក្រ ទី ៤ មីនា។
បទអន្តរាគមន៍របស់ ឈាង បុប្ផា
នៅក្នុងឱកាសបើកប្រជុំសភាប្រជាជនប្រចាំឆ្នាំ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីចិន លោកវេន ជាប៉ាវ ថ្លែងថា បំណងធំបំផុតរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ននេះ គឺចង់បានស្ថិរភាពសង្គម។ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដែលប្រជាជនកំពុងត្រូវគេប្រកូកប្រកាសឲ្យធ្វើការតវ៉ាប្រឆាំងនឹង រដ្ឋអំណាច រដ្ឋាភិបាលចិនបានប្រកាសដំឡើងថវិកាសម្រាប់ប៉ូលិសដែលការពាររក្សា សណ្តាប់ធ្នាប់ក្នុងប្រទេស។
តាំងពីដើមមក រដ្ឋអំណាចចិនបានចំណាយលុយច្រើនសម្រាប់ផ្នែក មហាផ្ទៃ ដែលមានតាំងពីប៉ូលិស កងសេនាជនតាមភូមិឃុំ តុលាការ និងពន្ធនាគារ។ ប៉ុន្តែ នេះជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តថវិកាជាតិ ដែលប៉ូលិស បានទទួលលុយច្រើនជាង កងទ័ពទៅទៀត។ ជាមួយនឹងការដំឡើងបន្ថែម ជាង ១២ភាគរយ ថវិកាសម្រាប់វិស័យកងទ័ពមានតែ ៩១ពាន់លានដុល្លារ ចំណែកថវិកាសម្រាប់ផ្នែកច្បាប់ និងរក្សាសណ្តាប់ធ្នាប់ក្នុងសុ្រកមានដល់ទៅ ជាង ៩៥ពាន់លានដុល្លារ។ នេះមានន័យថា ស្ថិរភាពក្នុងស្រុក វា សំខាន់ និងជាបញ្ហាដែលចិនកំពុងយកចិត្តទុកដាក់តាមដានជាប់។ ចិន មិនបារម្ភពីការវាយប្រហារយោធាពីខាងក្រៅទេ ប៉ុន្តែ ចិន នៅពេលនេះ កំពុងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដូចជាវិបត្តិសង្គមដែលនឹងអាចរីកធំ ឡើងៗ និងអាចវិវឌ្ឍទៅជាបដិវត្តន៍ប្រឆាំងមេដឹកនាំដូចនៅអេហ្ស៊ីប និងដូចនៅលីប៊ីបច្ចុប្បន្ន។
ចាប់តាំងពីមានការអំពាវនាវឲ្យធ្វើការតវ៉ាដោយសន្តិភាពទៅតាម ការអំពាវនាវក្នុងអិនធ័រណេត រដ្ឋអំណាចបានប្រើប៉ូលិស រាប់សែននាក់ ដោយរួមបញ្ចូលទាំងពួកសេនាជនតាមភូមិឃុំផងនោះ ដើម្បីចាប់វាយស្ទាក់ និងចាប់ឃាត់ខ្លួនអ្នកតវ៉ាប្រឆាំង។ ហើយគឺពួកសេនាជន ដែលជាសមាជិកបក្សថ្នាក់មូលដ្ឋាន នេះឯង ដែលជាមនុស្សមានអំណាច និងរាយការណ៍ចាប់ចងអ្នកដែលគេគិតថា គ្រោះថ្នាក់សម្រាប់បក្ស។
សកម្មជន សិទ្ធិមនុស្ស ជាច្រើនរយនាក់ ដែលបានចេញមុខតវ៉ាបានបាត់ខ្លួនជាបន្តបន្ទាប់ ឬត្រូវគេឃុំក្នុងផ្ទះ មិនឲ្យចេញមកទាក់ទងនឹងអ្នកខាងក្រៅ។ ជាក់ស្តែង គឺករណីលោកលីវ ស៊ាវប៉ូ សកម្មជនសិទ្ធិមនុស្ស និងជ័យលាភីរង្វាន់ណូបែលសន្តិភាព ដែលរហូតមកដល់ពេលនេះ ត្រូវអាជ្ញាធរចិនចាប់ដាក់គុក ចំណែកប្រពន្ធរបស់គាត់ត្រូវឃុំខ្លួនក្នុងគេហដ្ឋាន។ ដោយសារតែខ្លាចការបង្រ្កាបចាស់ដៃពីអាជ្ញាធរ ទើបនៅថ្ងៃអាទិត្យនេះ គេមិនឃើញមានប្រជាជនចុះដើរតាមផ្លូវ ទៅតាមការអំពាវនាវតាមអ៊ិនធ័រណេត ដើម្បី តវ៉ា នៅក្នុងទីក្រុងចំនួន ៤១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ