ប៉េកាំងអំពាវនាវឲ្យតូក្យូជួយរក្សាទំនាក់ទំនងទ្វេភាគី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការឆ្លើយឆ្លងពាក្យសំដី ត-ទៅត-មករវាងចិន និងជប៉ុន ដែលកំពុងប្រឈមនឹងវិបត្តិការទូត ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានតាំងពីឆ្នាំ២០០៦មក នៅតែមានជាបន្តបន្ទាប់ឥតឈប់ឈរ។ ឆ្លើយតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលទាមទារឲ្យចិន ធ្វើខ្លួនជារដ្ឋ”មានការទទួលខុសត្រូវ” ថ្ងៃសុក្រម្សិលមិញនេះភាគីចិន បានអំពាវនាវឲ្យជប៉ុនចេះរក្សាអ្វីដែលហៅថា“ទំនាក់ទំនងទ្វេភាគី” ជាទូទៅឲ្យនៅគង់វង្ស។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
“ចិនផ្តល់តម្លៃ និងគិតគូរជានិច្ចដល់ទំនាក់ទំនងជាមួយជប៉ុន ដូច្នេះជប៉ុនក៏គួរតែធ្វើយ៉ាងណារក្សាទំនាក់ទំនងទ្វេភាគីនេះជាមួយចិនវិញដែរ” ! នេះបើតាមប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសចិន នៅល្ងាចថ្ងៃសុក្រម្សិលមិញ ដែលបានគូសបញ្ជាក់បន្ថែមទៀតថា កោះ ទាវអ៊ុយ (Diaoyu) ជាភាសាចិន ឬ សេនកាគុ (Senkaku) ជាភាសាជប៉ុន ក្នុងសមុទ្ទចិនខាងកើត ទីដែលមានកើតឧប្បត្តិហេតុបុកកប៉ាល់ ជាផ្នែកមួយរបស់ទឹកដីចិន តាំងពីដើមរៀងមក ដូច្នេះវិធានការរបស់ក្រុងតូក្យូ ជារឿងមិនទំនង និងមិនត្រឹមត្រូវទេ។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរចិននេះ ជាចម្លើយតបនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ណាអូតូកាន់ ដែលកាលពីព្រឹកថ្ងៃសុក្របានទាមទារឲ្យប្រទេសចិន ធ្វើខ្លួនជារដ្ឋមានការទទួលខុសត្រូវ នៅលើឆាកអន្តរជាតិ និងបានប្រកាសថា កោះសេនកាគុជារបស់ជប៉ុន ទាំងក្នុងប្រវត្តិសាស្ត្រ ក៏ដូចជានៅចំពោះមុខច្បាប់អន្តរជាតិ។
សូមជម្រាបថាវិបត្តិការទូតចិនជប៉ុនបានផ្ទុះឡើង ដោយហេតុជប៉ុនបានឃុំខ្លួនអ្នកបើកបរកប៉ាល់នេសាទចិន ពីបទបានទៅបុកនាវាល្បាតជប៉ុន កាលពីថ្ងៃទី ៧ កញ្ញា។ ឧប្បត្តិហេតុនេះ បានបង្កភាពអួអាប់យ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេសបានរាលដាលជាជម្លោះដែនដី។
ជប៉ុនដែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពង្រឹងពង្រីកកម្លាំងនិងសកម្មភាពយោធាដែនទឹករបស់ចិន នៅក្នុងសមុទ្ទចិន និងមហាសមុទ្ទឥណ្ឌា បានខិតខំសាកល្បងបន្ធូរបន្ថយសម្ពាធតានតឹងនេះ ដោយឆ្លៀតស្នើរៀបចំឲ្យមានជំនួបថ្នាក់នាយករដ្ឋមន្ត្រីរវាង លោក ណាអូតូកាន់ និងសមភាគី លោកវេនជាបាវ ក្នុងឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ពុំទាន់មានអ្វីសម្រេចច្បាស់លាស់នៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ