កម្ពុជា

កម្ពុជា​សុំ​ខ្ចី​ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​ត្រឡប់​មកពី​ប្រទេស​ចិន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​ត្រឡប់​មកពី​ប្រទេស​ចិន © ចាន់ណា/rfi

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​ត្រឡប់​ពី​ទីក្រុង​ណាន់នីង​ប្រទេស​ចិន មក​ដល់​ភ្នំពេញ​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១​តុលា​នេះ។ ការ​ជួបគ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​១​លាន​៥​សែន​ដុល្លារ​ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់។ ទន្ទឹមគ្នានេះ កម្ពុជា​ក៏​បាន​ស្នើ​សុំ​កម្ចី ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​សព្វ​ដង​ឡើយ។ ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ប្រតិភូ​កម្ពុជា​តែង​ត្រឡប់​មក​វិញ​ជាមួយ​ជំនួយ។ នៅ​ថ្ងៃ​នេះ​ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ណាន់នីង​ជា​ទស្សនកិច្ច​ ដើម្បី​បើក​សម្ភោធ​ពិពណ៌​ចិន​អាស៊ាន លោក​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វេន ជាប៉ាវ​ បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​១​លាន​៥​សែន​ដុល្លារ​ទៀត​ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ជំនួយ​នេះ​ត្រូវ​បាន​រាប់​បន្ថែម​ពី​លើ​ជំនួយ​ចិន​ចំនួន​៨​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

 
យោង​តាម​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដដែល នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចិន​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ខ្ចី​ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដើម្បី​កម្ពុជា​អាច​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ជួសជុល​ផ្លូវថ្នល់​ដែល​ត្រូវ​បំផ្លាញ​ដោយ​ទឹក​ជំនន់។

មិន​ទាន់​មាន​ចម្លើយ​បែប​ណា​ពី​ប្រទេស​ចិន​នៅ​ឡើយ​ទេ ចំពោះ​សំណើ​របស់​កម្ពុជា​មួយ​នេះ។ ក្រៅ​ពី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អរគុណ​ចិន ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI