ចិន-កូរ៉េ

អាមេរិក និង​កូរ៉េ​ខាងត្បូង​ច្រាន​ចោល​សំណើ​ចិន

ប្រធានាធិបតី​ចិន Hu Jintao
ប្រធានាធិបតី​ចិន Hu Jintao AFP / Kota Kyogoku

ចិន​នៅ​តែ​មាន​ក្តី​សង្ឃឹម​ ក្នុង​ការ​​​ខិត​ខំ​​ជួយ​ចូក​ជួយ​ចែវ​ ឲ្យ​មាន​ការ​ចរចា​៦​ភាគី​ ជា​បន្ទាន់​ ជាមួយ​កូរ៉េ​ខាង​ជើង ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​ក្នុង​ឧបទ្វី​ប​កូរ៉េ​ ទោះ​បី​ជា​​ពេល​នេះ សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាងត្បូង​បាន​បដិសេធ​នឹង​សំណើ​នេះ​ហើយ​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

« ពិគ្រោះ​-ចរចា​ គឺ​ជា​ការ​ចាំ​បាច់​ និង​បន្ទាន់​បំផុត​សំរាប់​បន្ធូរ​បន្ថយ​សម្ពាធ​ក្នុង​ឧបទ្វីបកូរ៉េ ! » នេះបើ​យោង​តាមការអះអាង​​របស់​​អ្នក​នាំ​ពាក្យ​ក្រសួង​​ការបរទេស​ចិន នៅ​ថ្ងៃ​អង្គារ​នេះ ដែល​នៅ​តែ​​បង្ហាញ​​ពី​សុទិដ្ឋិនិយម​ថា ភាគី​ពាក់​ព័ន្ធ​ គួរ​តែ​​សិក្សា​​អំពី​សំណើ​នេះ​យ៉ាង​ហ្មត់ចត់ និង​ឆ្លើយ​តប​ជា​វិជ្ជមាន។

ប៉ុន្តែ សំណើ​​របស់​ចិននេះ​​ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​ច្រាន​ចោល ព្រោះ​សំរាប់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ការ​ចរចា​៦​ភាគី ដើម្បី​បិទ​បញ្ចប់​ឥរិយាបថ​ដ៏​ច្រឡោង​ខាម (​ការ​ផ្លោង​គ្រាប់បែក​កាល​ពី​សប្តាហ៍​មុន)​ និង​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នុយក្លេអ៊ែរ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កូរ៉េ​ខាង​ជើង គ្រាន់​តែ​ជា​ប្រតិបត្តិការ​ស្តារ​ទំនាក់​ទំនង​សាធារណៈ​ប៉ុណ្ណោះ។ កូរ៉េ​ខាង​ជើង​ខ្លួន​ឯង មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី ដែល​បង្ហាញ​ពី​ចេតនា​ចង់​បន្ធូរ​បន្ថយ​បរិយាកាស​សោះ។ លើ​សពី​នេះ​ទៅ​ទៀត ក្រុង​ព្យុងយ៉ាង​បាន​ផ្គើន​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា ម៉ាស៊ីន​ចម្រើន​ធាតុ​អ៊ុយរ៉ានីយ៉ូម​ជាច្រើន​ពាន់​កំពុង​​​ដំណើរ​ការ។

ចំពោះ​ជប៉ុន​វិញ ជប៉ុន​បាន​រក្សា​សិទ្ធិ​សិក្សា​សិន តែ​បាន​សម្រេច​​​បញ្ជូន​អ្នក​ឯកទេស​​ខាង​កូរ៉េ​ខាង​ជើងម្នាក់​ទៅ​ក្រុង​ប៉េកាំង​​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​សមភាគីចិន។ ជួន​ចំ​ពេល​ជាមួយ​គ្នា​នេះ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ពីរ​នាក់ ដែល​ជា​មនុស្ស​ជំនិត​របស់​ប្រមុខ​គីម​ជុង​អ៊ីល ក៏​បាន​ទៅ​ដល់ ក្រុង​ប៉េកាំង​ដែរ​នៅ​ថ្ងៃ​នេះ។

សូម​បញ្ជាក់​ថា សំណើ​សុំ​​បើក​ការ​ចរចា​ នៅ​ដើម​ខែ​ធ្នូ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ចិន​លើក​ឡើង នៅ​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់​ពី​​កូរ៉េ​ខាង​ជើង​បាន​បាញ់​ផ្លោង​ទៅ​​លើ​កោះ​យុនព្យ៉ុង របស់​កូរ៉េ​ខាង​ត្បូង​។ ជា​ការ​ចរចា​ដែល​​មាន​​ការ​ចូល​រួម​ពី​សំណាក់ ប្រទេស​​ចិន កូរ៉េ​ទាំង​ពីរ ជប៉ុន សហរដ្ឋ​អាមេរិក និង រុស្ស៊ី ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI