ចិនប្រគល់ឲ្យកូរ៉េខាងជើងយានយន្ត៤គ្រឿងសំរាប់បាញ់កាំជ្រួចមីស្ស៊ីល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសចិន បានប្រគល់ឲ្យកូរ៉េខាងជើងយានយន្ត៤គ្រឿងសំរាប់បាញ់កាំជ្រួចមីស្ស៊ីលនៅឆ្នាំ២០១១ដែលជាការរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិដែលហាមមិនឲ្យផ្គត់ផ្គង់សព្វាវុធឲ្យដល់របបកុម្មុយនិស្តព្យុងយ៉ាង-នេះជាអំណះអំណាងរបស់ទិនានុប្បវត្តិជប៉ុនដីល្បីឈ្មោះ Asahi Shimbun ឲ្យដឹងនៅថ្ងៃពុធ១៣មិថុនានេះ។
ក្រុមអ្នកជំនាញការ បានចោទប្រទេសចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង ថាបានរំលោភបំពានលើបម្រាមរបស់អសប បន្ទាប់ពីមាន ព្យុហយាត្រាមួយកាលពីថ្ងៃ១៥មេសានៅទីក្រុងព្យុងយ៉ាង។ នៅពេលនោះហើយដែលក្រុមអ្នកជំនាញការបានស្គាល់ថាជាយានយន្តសំរាប់បាញ់កាំជ្រួមីស្ស៊ីលធុន T.E.L(transporteur-érecteur-lanceur)ធ្វើនៅប្រទេសចិន។
យោងតាមទិនានុប្បវត្តិ Asahi Shimbun ដែលបានយោងទៅលើប្រភពផ្សេងៗនៃរដ្ឋាភិបាលជប៉ុន" សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង" បានដឹងជិតមួយឆ្នាំមកហើយអំពីវត្តមាននៃការដែលប្រទេសចិន បានប្រគល់យានយន្តទាំងនេះដោយលួចលាក់ខុសច្បាប់ទៅឲ្យកូរ៉េខាងជើង។
ផ្កាយរណបឈ្លបយកការណ៍របស់សម្ព័ន្ធមិត្តទាំងបី”គឺសហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង” បានតាមដានថតការដឹកជញ្ជូនយានយន្តទាំង៤គ្រឿងសំរាប់បាញ់កាំជ្រួចមីស្ស៊ីលនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងដែលចុះបញ្ជីនៅប្រទេសកម្ពុជាក្រោមឈ្មោះថា « Harmony Wish » និងបានធ្វើដំណើរចាកចេញពីកំពង់ផែសៀងហៃនៃប្រទេសចិននៅថ្ងៃទី១សីហាឆ្នាំមុននិងបានទៅដល់ Nampho នៅឆ្នេរសមុទ្រខាងលិចនៃប្រទេសកូរ៉េខាងជើងនៅថ្ងៃទី៣សីហាឆ្នាំដដែលនេះ។
ប្រភេទនៃយានយន្តដែលចិនប្រគល់ទៅឲ្យកូរ៉េខាងជើង ត្រូវបានបញ្ជាក់អះអាងដោយឯកសារនាំទំនិញចេញមួយដែលធ្វើឡើងដោយអន្តរការីម្នាក់នៅសៀងហៃនិងដែលរឹបអូសយកបានដោយឆ្មាំឆ្នេរសមុទ្រជប៉ុននៅឱកាសឆែកឆេរត្រួតពិនិត្យនៅលើកប៉ាល់ដឹកទំនិញនៅកំពង់ផែ Osaka ប៉ែកខាងត្បូងប្រទេសជប៉ុននៅខែតុលាឆ្នាំមុន។
ក៏ប៉ុន្តែទីក្រុង Washington, Tokyo និង Séoul មិនបានធ្វើការផ្សព្វផ្សាយឲ្យដឹងអ្វីទេ ជុំវិញរឿងនេះក្នុងក្តីសង្ឃឹមថាប្រទេសចិននឹងដាក់គំនាបទៅលើកូរ៉េខាងជើងដើម្បីបញ្ចុះបញ្ចូលប្រទេសនេះ ឲ្យសុខចិត្ត ចូលរួមតុចរចាឡើងវិញ ស្តីពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងឲ្យលះបង់ការពិសោធន៍សាកល្បងកាំជ្រួចនុយក្លេអ៊ែរលើកទី៣របស់ខ្លួន-នេះជាការបញ្ជាក់បន្ថែមរបស់ Asahi Shimbun។
អសប បានអនុម័ត ដាក់ទណ្ឌកម្មពីរលើកប្រឆាំងកូរ៉េខាងជើងនៅឆ្នាំ២០០៦និង២០០៩បន្ទាប់ពីរបបកូរ៉េខាងជើង បានពិសោធសាកល្បងកាំជ្រួចមីស្ស៊ីលមួយលើកៗ។ សេចក្តីសម្រេចចិត្តលេខ ១៧១៨និង១៨៧៤ របស់អសប ហាមមិនឲ្យផ្ទេរសព្វាវុធធុនធ្ងន់ទៅឲ្យ
ទីក្រុងព្យុងយ៉ាង រួមទាំងបច្ចេកវិទ្យាណាដែលអាចផ្សំជាធាតុផលិតអាវុធនុយក្លេអ៊ែរបាន ក៏ព្រមទាំងសម្ភារៈផ្សេងៗទៀត ដែលជាប់ទាក់ទងនឹងការបង្កើតអាវុធនុយក្លេអ៊ែរ។
ទណ្ឌកម្មទាំងនេះ ត្រូវបានពង្រឹងបន្ថែមនិងត្រូវបានទីក្រុងប៉េកាំងក្រសោបទទួលខុសត្រូវមកលើខ្លួន បន្ទាប់ពីបរាជ័យរបស់កូរ៉េខាងជើងក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបមួយបញ្ជូនទៅកាន់តារាវិថីព័ទ្ធជុំវិញផែនដីកាលពីថ្ងៃ១៣មេសាមុន។ ការបាញ់បង្ហោះនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់ទុកជាកាំជ្រួចមីស្ស៊ីលអន្តរទ្វីបដែលកូរ៉េខាងជើងក្លែងបន្លំថាជាកាំជ្រួចធម្មតា។ ប៉ុន្តែជាអកុសល កាំជ្រួចនេះបានផ្ទុះឆេះអន្តរាយធ្លាក់ទៅក្នុងសមុទ្រលឿងចម្ងាយ ១៦៥ គ.មពីឆ្នេរសមុទ្រកូរ៉េខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ