ប្រទេសចិនកំណត់ដំណៅទិសរបស់ខ្លួនសំរាប់ឆ្នាំ២០១២
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មេដឹកនាំជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តចិនរួមប្រជុំគ្នា៣ថ្ងៃ ចាប់ពីថ្ងៃចន្ទ១២ធ្នូនេះទៅនៅទីក្រុងប៉េកាំង។ ដើម្បីសំរេចចិត្តអំពីទិសដៅចម្បងៗនៅឆ្នាំ២០១២ របស់មហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោកដែលកំពុងប្រឈមមុខទល់នឹងដំណើរអូសជើងនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនដោយហេតុស្ថានភាពលំបាកលំបិននៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិក។
សម័យប្រជុំធំរបស់គណបក្សកុម្មុយនិស្តចិន ស្តីពី ការងារសេដ្ឋកិច្ច នេះ គឺ ជាការណាត់ជួបគ្នាដ៏ចម្បងប្រចាំឆ្នាំ ដែលជាឆ្នាំចុងក្រោយមុនមហាសន្និបាតនៃគណបក្សកុម្មុយនិស្តចិន (PPC) នៅពេលខាងមុខដែលនឹងធ្វើការផ្លាស់ថ្មី ថ្នាក់ដឹកនាំនៃប្រទេសនៅសរទរដូវ ឆ្នាំ២០១២ ជាលើកទីមួយក្នុងរយៈពេល១០ឆ្នាំ។
សម័យប្រជុំបិទជិតនេះ ធ្វើនៅពេលដែលកំណើនផលិតផលសរុបក្នុងប្រទេសចំនួន ១០,៤% នៅឆ្នាំទៅ ត្រូវមានចំនួន ៩,២% នៅឆ្នាំ២០១១។
នៅឆ្នាំក្រោយ វានឹងអាចធ្លាក់ចុះមកត្រឹមរវាង ៨% និង៩% ប៉ុណ្ណោះ ដែលជាអត្រាមួយនឹកស្រមៃចង់បានរបស់ប្រទេសជាច្រើន តែចំពោះប្រទេសចិនវិញគឺជា អត្រាមួយដ៏ទាបបំផុតក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។
នៅឱកាសរួមប្រជុំគ្នាកាលពីសប្តាហ៍មុន ការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិន បានសំរេចចិត្តថានឹងត្រូវបន្តអនុវត្តនយោបាយរូបិយវត្ថុមួយដោយ”ប្រុងប្រយ័ត្ន”និង“នយោបាយថវិកាមួយដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ”នៅឆ្នាំ២០១២ ដើម្បីជៀសវាងរាល់ការបញ្ឈប់ជាគំហុកកំណើនសេដ្ឋកិច្ច។ នេះជាការជូនដំណឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ “ចិនថ្មី”។
យោងតាម “ចិនថ្មី”ដដែល នយោបាយសេដ្ឋកិច្ចនៃប្រទេសចិននេះ នឹងសំដៅរ៉ាប់រងកំណើនសេដ្ឋកិច្ចឥតប្រែប្រួល និងរហ័សបង្គួរ។
ឃើញថា ការិយាល័យនយោបាយបាននាំអាទិ៍កោះសម័យប្រជុំនៅសប្តាហ៍នេះ ក្រោមអធិបតីភាពរបស់លោកប្រមុខរដ្ឋហ៊ូជិនតាវ និងក៏មានការចូលរួមរបស់ មេដឹកនាំនៃគណបក្សកុម្មុយនិស្ត រដ្ឋាភិបាលនិង រដ្ឋសភាចិន អភិបាលខេត្ត ប្រមុខកងទ័ពព្រមទាំងនាយកនៃសហគ្រាសធំៗរបស់រដ្ឋផង ដែរ។
សូមជម្រាបថា បញ្ជីឈ្មោះអ្នកចូលរួមនិងទីកន្លែងរួមប្រជុំ រយៈពេល៣ថ្ងៃនេះ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ