ចិនចង់បន្ធូរភាពតានតឹងនៃទំនាក់ទំនងជាមួយវៀតណាម
កាលពីថ្ងៃ អង្គារទី២០ ធ្នូ កន្លងទៅ អនុប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់ទីក្រុងហាណូយ ក្នុងគោលបំណង ពង្រឹងចំណងមេត្រីភាពរបស់ប្រទេសទាំងពីរ។ នៅក្នុងរយៈពេលទស្សនកិច្ចបីថ្ងៃនេះ គឺគ្មានអ្វីសំខាន់ជាង រឿងវិវាទដែនទឹកនៅ សមុទ្រចិនប៉ែកខាងត្បូងទេ ដែលប្រទេសពីរទាំងយកមកចរចា។ វិវាទដែលបង្កអោយមានភាពល្អក់កករ មិនទុកចិត្តគ្នា ជាពិសេសបង្កអោយមានការផ្ទុះកំហឹង និងតវ៉ាពីមហាជនវៀតណាមកន្លងមក ពីរឿងអធិបតេយ្យទឹកដី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដើម្បីរំងាប់កំហឹងរបស់ទីក្រុងហាណូយទាក់ទិនទៅនឹងវិវាទដែនសមុទ្រ នៅប្រជុំកោះ Spratleys និង Paracels ក្នុងសមុទ្រចិនប៉ែកខាងត្បូង លោក Xi Jinping អនុប្រធានាធិបតីចិន ដែលនឹងកាន់តំណែងជាប្រធានាធិតីនៅពេលខាងមុខនេះ បានធ្វើការសន្យា និងយល់ព្រមជាមួយភាគីវៀតណាមថានឹងដោះស្រាយវិវាទនេះដោយសន្តិវិធី និងគោរពអធិបតេយ្យទឹកដីស្របច្បាប់ របស់ប្រទេសនីមួយៗ។ ក៏ប៉ុន្តែតើពាក្យសន្យានិងការយល់ព្រមគ្នាអាចគួរអោយទុកចិត្តបានដែរឬទេ ?
គេនៅចាំបានថាចិនមិនព្រមជាដាច់ខាតធ្វើសម្បទានក្នុងសំណុំរឿងទីប្រជុំកោះនេះពីព្រោះថា នៅក្នុងចក្ខុនិមិត្តភូមិសាស្រ្តនយោបាយរបស់ទីក្រុងប៉េកាំង វៀតណាមរួមជាមួយឥណ្ឌូនេស៊ី និងច្រកសមុទ្រមួយចំនួន ម្តុំប្រទេសម៉ាឡេស៊ីឋិតនៅចំកណ្តាលផ្លូវទឹកពីភូមិភាគដើមបូព៌ាឆ្ពោះទៅប្រទេសចិន និងទៅកាន់បណ្តាប្រទេសអាស៊ីដទៃទៀត។ មួយវិញទៀតគឺមហិច្ឆតាសេដ្ឋកិច្ចរបស់ចិន។ រដ្ឋាភិបាលចិនធ្លាប់បានធ្វើការប៉ាន់ប្រមាណថា ធនធានរ៉ែប្រេងកាតនៅប្រជុំកោះSpratleys មានដល់ទៅ ១៧ពាន់លានតោន។ ជាងនោះទៅទៀតវាជាតំបន់នេសាទដ៏ចម្បង។
កន្លងមកសារពត៌មាន The South China Morning Post ក៏បានចុះផ្សាយថា ប្រទេសចិន ក៏មានបំណងចង់អភិវឌ្ឍតំបន់ប្រជុំកោះអោយទៅជាតំបន់ទេសចរណ៍សំរាប់អ្នកមានដែរ។ ជារឿយៗ ទីក្រុងហាណូយបានចោទប្រកាន់ថា ចិនបានយកកប៉ាល់បូមប្រេង និងកប៉ាល់នេសាទរបស់ខ្លូនចូលមកដែនទឹករបស់ខ្លួន។
ឯចំណែកទីក្រុងប៉េកាំងវិញគ្រាន់តែប្រទេសវៀតណាមធ្វើសមយុទ្ធយោធាជាមួយអាមេរិកាំងនៅក្បែរប្រជុំកោះទាំងនោះបែរជាខឹងសម្បាយ៉ាងខ្លាំង។ ទង្វើបែបនេះហើយដែលបានបញ្ឆេះកំហឹងមហាជនវៀតណាមជាច្រើន។ ពួកគេមានអារម្មណ៍ថា រដ្ឋាភិបានចិនដើរខ្សែលើប្រទេសរបស់ខ្លួន។
កាលពីប៉ុន្មានខែមុនបាតុកម្មជាច្រើនបានធ្វើឡើងជាច្រើនលើកនៅមុខស្ថានទូតចិនក្នុងប្រទេសវៀតណាម ដើម្បីតវ៉ារឿងនេះ។ រីឯនាយករដ្ឋមន្រ្តីវៀតណាមវិញ គឺលោក Nguyen Tan Dung បានចេញមុខមកប្រកាសសាជាថ្មីម្តងទៀត កាលពីខែវិច្ឆិកាកន្លងទៅពីអធិបតេយ្យដែនដីរបស់ខ្លួន ហើយចោទប្រកាន់ចិនថាបានកាន់កាប់តំបន់នោះដោយខុសច្បាប់នៅឆ្នាំ១៩៧៤។
សរុបមកបើទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនង ជិតស្និទ្ធលើវិស័យផ្តោះប្តូរពាណិជ្ជកម្ម និងប្រកាន់លទ្ធិកុម្មុយនិស្តដូចគ្នាក៏ដោយក៏មហិច្ឆតាចង់ពង្រីកអំណាចសេដ្ឋកិច្ចនិងនយោបាយគឺជារឿងចម្បងរបស់ទីក្រុងប៉េកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ