ចិននឹងជួយតម្រែតម្រង់អ្នកដឹកនាំថ្មីនៃកូរ៉េខាងជើងទៅតាមអ្វីដែលខ្លួនចង់បាន
ក្រោយពីលោកគីម ជុងអ៊ីលបានទទួលមរណភាពបាត់ទៅ ក្រុមអ្នកសង្កេតការណ៍កំពុងនាំគ្នាឃ្លាំមើលកាយវិការ ប្រតិកម្ម និងពាក្យសំដីរបស់ថ្នាក់ដឹកនាំនៃប្រទេសចិនដែលគេចាត់ទុកថា ជារៀមច្បងរបស់កូរ៉េខាងជើង។ តើចិនអាចជួយតម្រែតម្រង់អ្នកដឹកនាំថ្មីនៃរបបព្យុងយ៉ាង ដូចម្តេចខ្លះ? ហើយតើ កូរ៉េខាងជើងក្រោយសករាជគីម ជុង អ៊ីល អាចស្តាប់បង្គាប់និងធ្វើតាមការណែនាំរបស់ទីក្រុងប៉េកាំងដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចិនពិតជាមានឥទ្ធិពលខ្លាំងទៅលើកូរ៉េខាងជើង ដោយសារតែមូលហេតុច្រើនយ៉ាង។ មានជាបឋម មូលហេតុប្រវត្តិសាស្រ្ត។ ចូរកុំភ្លេចថា ចិននិងកូរ៉េខាងជើងបានក្លាយជាបងប្អូនឈាមជ័រតែមួយ នៅក្នុងសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ពីព្រោះកាលណោះ កងទ័ពចិននិងកងទ័ពកូរ៉េខាងជើងបានកៀកស្មាគ្នាប្រយុទ្ធទប់ទល់នឹងកងកម្លាំងអន្តរជាតិ ដឹកមុខដោយអាមេរិកដែលបានមកជួយកូរ៉េខាងត្បូង។ ម្យ៉ាងទៀត ចូរកុំភ្លេចថា តាំងពីឆ្នាំ១៩៩១មក ពោលគឺតាំងពីលែងទទួលបានជំនួយពីសហភាពសូវៀតដែលបានរលាយបាត់ទៅ កូរ៉េខាងជើងដែលធ្លាក់ខ្លួនក្រ ពឹងពាក់សឹងទាំងស្រុងទៅលើជំនួយរបស់ចិន។ ជំនួយនោះមានច្រើនសន្ធឹកសន្ធាប់ណាស់ ពោលគឺវាតំណាងរហូតដល់ទៅ២0%នៃជំនួយទាំងស្រុងរបស់ចិនដល់បណ្តាប្រទេសនានានៅក្នុងពិភពលោក។
មិនតែប៉ុណ្ណោះ នៅលើវិស័យការទូតអន្តរជាតិ របបព្យុងយ៉ាងក៏ពឹងពាក់សឹងតែទាំងស្រុងដែរទៅលើប្រទេសចិន ដើម្បីទប់ទល់នឹងសម្ពាធអាមេរិកាំង ជាពិសេសនៅក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ទាំងអស់នេះស្តែងឲ្យឃើញថា ចិនពិតជាមានឥទ្ធិពលខ្លាំងប្រកែកមិនបានទៅលើកូរ៉េខាងជើង។
ក៏ប៉ុន្តែ ឥទ្ធិពលសឹងផ្តាច់មុខរបស់ចិនទៅលើកូរ៉េខាងជើងនេះ មានកំណត់ព្រំដែន។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងសំណុំរឿងនុយក្លេអ៊ែរ ចិនបានចេញមុខរៀបចំកិច្ចចរចាប្រាំមួយភាគី ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរយោធា។ នៅទីបំផុត ស្រាប់តែកូរ៉េខាងជើងបានដើរចេញពីតុចរចា និងថែមទាំងបានពិសោធសាកល្បងអាវុធនុយក្លេអ៊ែរចំនួនពីរលើកថែមទៀត លើកទីមួយនៅឆ្នាំ២០០៦ និងលើកទីពីរនៅឆ្នាំ២០០៩។
ដោយឡែក ឥទ្ធិពលរបស់ចិនទៅលើកូរ៉េខាងជើងមានកំណត់ព្រំដែន នៅត្រង់ថា ទីក្រុងព្យុងយ៉ាងមិនស្តាប់ទីក្រុងប៉េកាំងទេ នៅក្នុងការអនុវត្តន៍មាគ៌ានយោបាយផ្ទៃក្នុង។ ជាក់ស្តែង ជាច្រើនឆ្នាំកន្លងមកហើយដែលទីក្រុងប៉េកាំងបានខ្នះខ្នែងនិយាយបញ្ចុះបញ្ចូលឲ្យលោកគីម ជុងអ៊ីលអនុវត្តនយោបាយកែទម្រង់សេដ្ឋកិច្ច និងបើកទ្វារបង្អួចនៃប្រទេសចំហទៅក្រៅ តាមគំរូរបស់ប្រទេសចិន។ ក៏ប៉ុន្តែ លោកគីម ជុងអ៊ីលមិនដែលបានយល់ព្រមទេ។ អគ្គមគ្គទេសក៍កូរ៉េខាងជើងរូបនេះដែលបានទទួលមរណភាព កាលពីចុងសប្តាហ៍កន្លងទៅនេះ បារម្ភខ្លាចការបើកចំហប្រទេសនិងកំណែទម្រង់សេដ្ឋកិច្ចធ្វើឲ្យខ្លួនបាត់បង់អំណាច និងធ្វើឲ្យរបបកុម្មុយនិស្តនៃប្រទេសខ្លួនរលំរលាយ នៅទីបំផុត។
ព្យុងយ៉ាងប្រហែលមិនស្តាប់ប៉េកាំងទេ ដ្បិតប្រទេសទាំងពីរមានប្រយោជន៍ខ្វែងគ្នា
ជាគោលការណ៍ ទីក្រុងប៉េកាំង នឹងឆ្លៀតពេលមួយដែលកូរ៉េខាងជើងកំពុងឆ្លងកាត់អន្តរកាល ដើម្បីបង្ខំថ្នាក់ដឹកនាំថ្មីនៃរបបព្យុងយ៉ាងឲ្យយល់ព្រមធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងទទួលយកគំរូមូលធននិយមបែបប្រទេសចិន។ ថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់មិនចង់ឲ្យកូរ៉េខាងជើងបន្តរស់ឯកាអ៊ីចឹងតទៅមុខទៀតទេ ពីព្រោះរបៀបគ្រប់គ្រងបែបខ្លួនទីពឹងខ្លួននេះធ្វើឲ្យប្រទេសបន្តឋិតក្នុងភាពក្រីក្រតោកយ៉ាក និងបន្តជួបនឹងគ្រោះទុរ្ភិក្ស រហូតដល់អាចបណ្តាលឲ្យមានអស្ថិរភាពនយោបាយកើតឡើង និងបណ្តាលឲ្យរដ្ឋអំណាចដួលរលំបះជើងទៀតផងក៏មិនដឹង។
ទន្ទឹមនេះ ជាច្រើនឆ្នាំកន្លងមកហើយដែលទីក្រុងប៉េកាំងបារម្ភខ្លាចមានជនភៀសខ្លួនកូរ៉េខាងជើងច្រើនលាននាក់ចូលមកក្នុងទឹកដីចិន បើសិនជាស្ថានភាពនៃកូរ៉េខាងជើងនៅតែដុនដាបខ្លាំងនិងយូរលង់ដូចសព្វថ្ងៃតទៅទៀត។ ដោយឡែក ចិនក៏ដឹងដែរថា កំណែទម្រង់សេដ្ឋកិច្ចនៅកូរ៉េខាងជើង នឹងផ្តល់ប្រយោជន៍ដល់ប្រទេសចិនមុនគេ តាមរយៈកំណើននៃការផ្តោះប្តូរពាណិជ្ជកម្ម ជាពិសេស នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ចង់ឬមិនចង់ ថ្នាក់ដឹកនាំចិននឹងខ្នះខ្នែងអូសទាញកូរ៉េខាងជើងឲ្យបត់បែនទៅតាមអ្វីដែលខ្លួនចង់បានឬមិនចង់បាន។ ចិនមិនចង់ឲ្យរបបកុម្មុយនិស្តព្យុងយ៉ាងដួលរលំទេ។ ម្ល៉ោះហើយ ចិននឹងបន្តផ្តល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើងតទៅទៀត បន្តពន្យល់អ្នកដឹកនាំថ្មីនៅព្យុងយ៉ាងឲ្យធ្វើកំណែទម្រង់សេដ្ឋកិច្ច។
ចិនមិនចង់ឲ្យមានអស្ថិរភាពកើតឡើងនៅក្នុងឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីបូព៌ាទាំងមូលទេ។ ម្ល៉ោះហើយ ចិននឹងច្បាស់ជាជួយតម្រែតម្រង់ថ្នាក់ដឹកនាំថ្មីនៃកូរ៉េខាងជើងកុំឲ្យឆេវឆាវបង្ករឿងរ៉ាវផ្តេសផ្តាស កុំឲ្យរករឿងជប៉ុន និងកូរ៉េខាងត្បូង ដូចដែលខ្លួនបានធ្វើ កាលពីឆ្នាំ២០១០។
ចិនមិនចង់ឲ្យកូរ៉េខាងជើងបន្តកម្មវិធីនុយក្លេអ៊ែរយោធាទេ ពីព្រោះប្រការនេះមិនយូរមិនឆាប់នឹងអាចញ៉ាំងឲ្យជប៉ុន កូរ៉េខាងត្បូងនិងតៃវ៉ាន់ ចង់បង្កើតអាវុធនុយក្លេអ៊ែរដែរ ឬក៏ញ៉ាំងឲ្យសហរដ្ឋអាមេរិកចូលមកលូកដៃកាន់តែជ្រៅក្នុងបញ្ហាឧបទ្វីបកូរ៉េ។ ម្ល៉ោះហើយ ចិននឹងខ្នះខ្នែងបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យវិលមកកាន់តុចរចាប្រាំមួយភាគីវិញជាបន្ទាន់។
ប៉ុន្តែនៅក្នុងសំណុំរឿងនុយក្លេអ៊ែរនេះ តាមមើលទៅ អគ្គមគ្គទេសក៍ថ្មីគីម ជុងអ៊ុន ក៏ប្រហែលជាមិនផ្លាស់ប្តូរចិត្តគំនិតងាយៗទេ ពីព្រោះថ្នាក់ដឹកនាំថ្មីឬចាស់នៅទីក្រុងព្យុងយ៉ាង តែងតែយល់ផ្សេងពីចិន។ ពួកគេយល់ឃើញថា ប្រទេសកូរ៉េខាងជើងដែលក្រខ្សត់ខ្លាំងត្រូវតែក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដើម្បីធ្វើឲ្យជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលសុទ្ធជាសត្រូវខ្លាចរអែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ