អានតួអត្ថបទ
ចិន

លោកស្រី Gu Kailai បាន​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត

លោកស្រី Gu Kailai បាន​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត
លោកស្រី Gu Kailai បាន​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត REUTERS/CCTV
១៤ នាទី

នៅ​ថ្ងៃ​ច័ន្ទ ទី២០ សីហា​​នេះ លោកស្រី Gu Kailai ដែល​ជា​ភរិយា​របស់​អ្នកនយោបាយ​ចិន​ធ្លាក់​ពី​អំណាច​ដ៏​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក Bo Xilai ត្រូវ​តុលាការ​នៅ​ទីក្រុង​ហេហ្វេ​កាត់​ទោស​ប្រហារ​ជីវិត ដោយ​ព្យួរ​ទោស​ពី​បទ​បាន​ធ្វើ​ឃាត​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Neil Heywood។ ដូច្នេះ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ចិន ទោស​ប្រហារ​ជីវិត ដោយ​ព្យួរ​ទោស​នឹង​អាច​ឲ្យ​លោកស្រី Gu Kailai រួច​ផុត​ពី​ការ​ប្រហារ​ជីវិត តែ​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត​វិញ។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត តុលាការ​ចិន​ហាក់​ដូច​ជា​បាន​បង្ហាញ​ពី​ភាព​ម៉ត់ចត់ និង​ទៀងទាត់​របស់​ខ្លួន​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​លោកស្រី Gu Kailai។ ដូច​ដែល​បាន​គ្រោង​ទុក នៅ​ម៉ោង ៩ ព្រឹកមិញ ចៅក្រម​នៃ​សាលាដំបូង​ទីក្រុង​ហេហ្វេ​បាន​ប្រកាស​សាលក្រម​កាត់​​ទោស​ប្រហារ​ជីវិត​លោកស្រី Gu Kailai ដោយ​ព្យួរទោស​រយៈ​ពេល ២ឆ្នំា ពី​បទ​បាន​សម្លាប់​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Neil Heywood។ ការ​វិនិច្ឆ័យ​យ៉ាង​ដូច​នេះ​របស់​សាលាដំបូង​ទីក្រុង​ហេហ្វេ​ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទន្ទឹង​រង់ចំា​យូរ​មក​ហើយ ពោល​គឺ​តំាង​ពី​ថ្ងៃ​បើក​សវនាការ​ដំបូង​ទី ៩ សីហា​មក​ម្ល៉េះ។ នៅ​ពេល​នោះ រូប​លោកស្រី Gu Kailai ក៏​បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ដែល​បាន​ដាក់​ថ្នំា​បំពុល​សម្លាប់​លោក Neil Heywood។ ម្យ៉ាង​ទៀត យោង​តាម​ការ​ចោទ​ប្រកាន់ លោក Neil Heywood ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នោះ​ដែរ ព្រោះ​ថា លោក​បាន​សរសេរ​សំបុត្រ​ទៅ​គំរាម​កូនប្រុស​របស់​គ្រួសារ​លោក Bo Xilai ដែល​កំពុង​សិក្សា​នៅ​ឯ​បរទេស។

សារព័ត៌មាន​ស៊ីនហួ​ចេញ​ផ្សាយ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ដែល​តុលាការ​បាន​កាត់​ទោស​ប្រហារ​ជីវិត​លោកស្រី Gu Kailai ដោយ​ព្យួរទោស​ពេល​នេះ ក៏​ដោយ​សារ​តែ​លោកស្រី​មាន​ជំងឺ​សរសៃ​ប្រសាទ និង​បាន​សហការ​ជាមួយ​តុលាការ​នៅ​ក្នុង​ការ​ស៊ើបអង្កេត។ យ៉ាង​ក៏​ដោយ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​សង្ឃឹម​ថា សាលក្រម​នេះ​អាច​ជា​យុត្តិសាស្រ្ត​មួយ​ឈាន​ទៅ​រក​ការ​លប់​បំបាត់​ចោល​ទំាង​ស្រុង​នូវ​ទោសប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​ចិន។

ក្រៅ​ពី​លោកស្រី Gu Kailai នៅ​មាន​អ្នក​ស៊ុមគ្រលុំ​ចំនួន ៥នាក់​ទៀត​ក៏​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ដែរ ក្នុង​នោះ មាន​បុរស​អ្នកបំរើ​ម្នាក់​បាន​ទទួល​ទោស​ជាប់​ក្នុង​ពន្ធធនាគារ​ចំនួន ៩ឆ្នំា និង​នគរបាល ៤នាក់ ជាប់​ក្នុង​ពន្ធធនាគារ​ពី ៥ ទៅ ១១ឆ្នំា។ នគរបាល​ទំាង ៤នាក់​បាន​ជាប់ចោទ​ពី​បទ​បាន​ក្លែង​បន្លំ​ភស្តុតាង​មួយ​ចំនួន​ដើម្បី​បិទបំាង​បទឧក្រិដ្ឋ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សាលាក្រុង Chongqing។ សាលាក្រុង Chongqing ដែល​ស្វាមី​របស់​លោកស្រី Gu Kailai ទើប​ត្រូវ​បាន​គណបក្ស​ដក​ដំណែង​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ