ចិន

ចិន​ឃាត់ខ្លួន​ជនជាតិ​អាមេរិក​២រូប​​​ ដែលបាន​ព្យាយាម​ជួប​អ្នកទោសចិន​

ទីលាន Tiananmen ជាទីលាន​ដែល​ជនជាតិ​ចិន​បាន​ងើបបះបោរ កាលពី​ឆ្នាំ​១៩៨៩។ អ្នកទោស​ចិន Zhu Yufu បានជាប់ទោស​ពីបទ​​សរសេរ​កំណាព្យ​​ញុះញង់​​អោយប្រជាជនបះបោរ​​បំផ្លាញ​​​រដ្ឋចិន។។​​
ទីលាន Tiananmen ជាទីលាន​ដែល​ជនជាតិ​ចិន​បាន​ងើបបះបោរ កាលពី​ឆ្នាំ​១៩៨៩។ អ្នកទោស​ចិន Zhu Yufu បានជាប់ទោស​ពីបទ​​សរសេរ​កំណាព្យ​​ញុះញង់​​អោយប្រជាជនបះបោរ​​បំផ្លាញ​​​រដ្ឋចិន។។​​ REUTERS/Kim Kyung-Hoon

នៅថ្ងៃ​សៅរ៍នេះ អាជ្ញាធរ​ចិន​ពន្ធនាគារចិន​មួយកន្លែង នៅភាគខាងកើត​ប្រទេស​ចិន បាន​ឃាត់ខ្លួន​ជនជាតិ​អាមេរិកាំង​២រូប ដែល​បាន​ព្យាយាម​ចូលទៅជួប​អ្នកទោស​ចិន​​ម្នាក់ នៅទីនោះ។ ជនជាតិ​អាមេរិកាំង​​ទាំង២រូបនេះ ចង់​​ឃើញ​អោយ​ច្បាស់​ផ្ទាល់ភ្នែកពី​ស្ថានភាព​សុខភាព​របស់​អ្នកទោស​ចិន​រូបនោះ។ នេះ​បើយោងតាមការប្រាប់​អោយដឹង​របស់​​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ឈ្មោះថា ChinaAid។

ផ្សាយពាណិជ្ជកម្ម

អ្នកទោស​ដែល​ជនជាតិ​អាមេរិកាំង​ទាំង២រូប​នោះ ចង់ជួប មាន​ឈ្មោះថា Zhu Yufu អាយុ​៦០ឆ្នាំ។ គាត់​ជាអ្នក​ការពារ​សិទ្ធិមនុស្ស​មួយរូប។ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២ តុលាការ​ចិន​បាន​កាត់ទោស​គាត់​អោយ​ជាប់ពន្ធនាគារ​ ៧ឆ្នាំ ពីបទ​បាន​សរសេរ​កំណាព្យ​ញុះញង់​អោយ​ប្រជាជន​ចិន​បំផ្លាញ​អំណាច​រដ្ឋាភិបាល។ ការកាត់ទោស​រូបលោក​ Zhu កាលពី​ឆ្នាំ​២០១២ ធ្វើឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ស្ថិតក្នុង​​អន្តរកាលនយោបាយ។

ជនជាតិ​អាមេរិកាំង​២រូប ដែល​ចង់​ចូលទៅ​ជួបលោក​ Zhu នៅ​ពន្ធនាគារ​នោះ គឺ​ម្នាក់​ជា​ វេជ្ជបណ្ឌិតស្ត្រី​ឈ្មោះថា​ Devra Marcus និង​ម្នាក់ទៀត គឺ​លោក Kody Kness។ លោកស្រី ម៉ាកឃុស បាន​មក​ទស្សនកិច្ច​ប្រទេស​ចិន​ជាលើកទី១។ លោកស្រី​ទទួលព័ត៌មាន​ថា លោក Zhu ជា​អ្នកទោស​ចិន​​នេះ មិន​បាន​ទទួល​អាហារ​បរិភោគ និង​ថ្នាំពេទ្យ​ទៀងទាត់​ឡើយ។ ហើយ​ជួនកាល លោក Zhu បាន​សន្លប់​បាត់ស្មារតី​ជាច្រើន​ដង​ទៀតផង។

ដូច្នេះ ពលរដ្ឋ​អាមេរិកទាំង២រូបនេះ បានធ្វើដំណើរ​ទៅ​ខេត្ត​​ Zhejiang ភាគខាងកើត​ចិន ដើម្បី​ជួប​លោក Zhu និង​​​មើល​អោយ​ឃើញ​ផ្ទាល់​ភ្នែកថា តើ​អ្នកទោស​ចិន​ពិតជា​មាន​ស្ថានភាព​សុខភាព​ដុនដាបមែន​រឺយ៉ាងណា។ លោកស្រី​ម៉ាកឃុស​សង្ឃឹម​ថា អាច​​ពិនិត្យ​សុខភាព​អ្នកទោស​ចិន​រូបនោះ។

​​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ChinaAid បាន​ប្រាប់ថា អាជ្ញាធរ​ពន្ធនាគារ​បាន​ហាមឃាត់​ ​ជនជាតិអាមេរិកាំង​ទាំង២នាក់ មិនអោយ​​​ចូលទៅ​ជួប​​អ្នកទោសចិន​​នោះទេ ហើយថែម​ទាំង​បាន​ឃាត់ខ្លួន​ពួកគេ​ទៀតផង។

អ្នកទោស​ចិន​ Zhu Yufu ធ្លាប់​បាន​សរសេរកំណាព្យ​​ប្រាប់អោយ​ប្រជាជន​ចិន​ងើបឡើង បញ្ចេញ​មតិ​ខ្លួន នៅ​ទីកន្លែង​មួយ។ ទីកន្លែង​ដែល​លោក Zhu ចង់សំដៅ​នោះ ប្រហែល​ជា​ទីលាន ធានអានមេន ស្ថិត​នៅ​កណ្តាល​​ក្រុងប៉េកាំង​ ជាទីលាន​​ដែល​​ប្រជាជន​ចិន​បានបះបោរ​ កាលពី​ឆ្នាំ​១៩៨៩ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​ដោយ​អំពើហិង្សា។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​អោយ​ចិន​ដោះលែង​​លោក Zhu Yufu និង​អ្នកទោស​ផ្សេងទៀត​ ដែល​ជាប់ទោស​ដោយសារ​តែ​បាន​បញ្ចេញ​មតិ​នយោបាយ​បែប​អហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI