ចិន

លោក ស៊ី ជិនពីង អនាគត​ប្រធានាធិបតី​ចិន​បង្ហាញ​មុខ​ជា​សាធារណៈ

លោក ស៊ី ជិនពីង នៅ​មហាវិទ្យាល័យ​កសិកម្ម​ក្រុង​ប៉េកាំង ​ថ្ងៃទី​១៥ កញ្ញា ២០១២ ដោយ​ភ្នាក់ងារ​Xinhua
លោក ស៊ី ជិនពីង នៅ​មហាវិទ្យាល័យ​កសិកម្ម​ក្រុង​ប៉េកាំង ​ថ្ងៃទី​១៥ កញ្ញា ២០១២ ដោយ​ភ្នាក់ងារ​Xinhua Xinhua - Chine Nouvelle

បន្ទាប់ពីបាត់​មុខ​ពី​ឆាក​នយោបាយ​អស់​ពីរ​សប្តាហ៍ នៅ​ទីបំផុត​លោក ស៊ី ជីនពីង (Xi Jinping) អនុប្រធានាធិបតី​ចិន បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ នៅ​ព្រឹក​​ថ្ងៃសៅរ៍​​ទី ១៥ កញ្ញា​នេះ។ ទំនង​ជា​អនាគតអ្នក​ស្នង​តំណែង​​ប្រធានាធិបតីចិន​ បន្ត​ពី​លោក ​ហ៊ូ ជិនតាវ ផង ​ ថ្ងៃ​​​បើក​សមាជ​បក្ស​កុម្មុយនិស្តដើម្បី​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី កាន់​តែ​ខិត​ជិត​មក​ដល់​ផង អវត្តមាន​​​របស់​លោក ស៊ី ជិនពីង​ មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​បង្ក​បង្កើត​ជា​ពាក្យ​ចចាម​អារាម និង​បំប៉ោង​ព័ត៌មាន​ យ៉ាង​ផុសផុល​បំផុត។

ផ្សាយពាណិជ្ជកម្ម

នៅ​លើ​រូបថត លោក​ ស៊ី ជីនពីង មាន​ទឹក​មុខ​ញញឹម និង​ស្លេក​បន្តិច​ ​ដោយ​ហេតុ​តែ​ពន្លឺ​ព្រះ អាទិត្យ​ក្រុង​ប៉េកាំង​ខ្លាំង​ពេក​ក៏​មិន​ដឹង ប៉ុន្តែ​លោក​មាន​វត្តមានពិតៗ​​ជា​ប្រមុខ​ប្រតិភូ​ផ្លូវការ។

 
ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិនថ្មី Chine Nouvelle បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ខ្លី​ថា “លោក​អនុប្រធានាធិបតី អញ្ជើញ​ទៅ​មហាវិទ្យាល័យ​កសិកម្ម​ព្រឹកមិញនេះ ដើម្បី​ចូល​រួម​ក្នុង​ទិវា​យល់ដឹង​អំពី​វិទ្យាសាស្ត្រ​ជាតិ”។ តែ​គ្មាន​បក​ស្រាយ​បំភ្លឺ​​អំពី​ការ​បាត់​ខ្លួន​អនាគត​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​ បន្ត​ពី​លោក​ហ៊ូ ជិនតាវ តាំង​ពី​ថ្ងៃ​ទី​១ កញ្ញា​នោះទេ។

តាម​ទម្លាប់​ប្រពៃណី​ អាជ្ញាធរ​ចិន មិនដែល​ផ្តល់​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​សុខភាព​របស់​ថ្នាក់​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋ​ទេ។ ប៉ុន្តែ​ភាព​ស្ងាត់​គ្មាន​ដំណឹង​បែប​នេះ បាន​ធ្វើ​ឱ្យ​ពាក្យ​ចចាម​អារាម​រីក​កាន់​តែ​រីក​ធំធាត់​ ៖ ខ្លះ​ថា​មាន​រោគ​បេះដូង ឃាតកម្ម ច្រាន​ចេញ​ពី​អំណាច​ ។ល។ និង​។ល។ ម្យ៉ាង​ទៀត ​ពេល​នេះ ចិន​កំពុង​ត្រៀម​រៀប​ចំ​ប្តូរ​ផ្លាស់​ប្រមុខ​ដឹក​នាំ​ថ្មី ក្នុង​ឱកាស​សមាជបក្ស​កុម្មុយនិស្ត​លើក​ទី​១៨ នាសរទរដូវ​ខាង​មុខ​នេះ​ បូក​រួម​នឹង​ការ​ប្រយុទ្ធ​គ្នា​​​ផ្ទៃក្នុងបក្ស​​ដណ្តើម​អំណាចផង ការ​បំប៉ោង​ព័ត៌មាន​ និង​ពាក្យ​ចចាម​អារាម​ អាច​ចេញ​គ្រប់​សេណារីយ៉ោ​ទាំង​អស់។

ចំណែក​ឯការ​ពិត បើ​គេ​ជឿ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​របប​ក្រុង​ប៉េកាំង ជា​រឿង​សាមញ្ញ​បំផុត។ លោក ស៊ី ជីនពីង អនាគត​ប្រធានាធិបតី​ចិន ទំនង​ជា​បាន​រង​របួស​ខ្នង​ពេល​ហែល​ទឹក ពី​ក្បាល​ល្ងាច​មុន​ថ្ងៃ​ត្រូវ​ទទួល​ជួប​លោក​ស្រី​គ្លីនតុន រដ្ឋមន្ត្រីការបរទេស​អាមេរិក។ ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​សុខភាព លោក ស៊ី ជីនពីង​ បាន​បន្ត​ធ្វើ​ការ​យ៉ាង​សកម្ម​ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​លើក​ពេល​បើក​សមាជ​បក្ស ដែល​គេ​ពុំ​ទាន់​ដឹង​កាល​បរិច្ឆេទ​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI