ចិន-អាស៊ាន

ក្រុងប៉េកាំង​ព្យាយាម​រក​ដំណោះស្រាយ​វិបត្តិ​ជម្លោះ​នៅ​សមុទ្រ​ចិន​

ប្រមុខដឹកនាំ​បណ្តាប្រទេស​អាស៊ាន ក្នុង​ជំនួបកំពូល​នៅ​ប្រទេស​ព្រុយណេ ថ្ងៃ៩តុលានេះ
ប្រមុខដឹកនាំ​បណ្តាប្រទេស​អាស៊ាន ក្នុង​ជំនួបកំពូល​នៅ​ប្រទេស​ព្រុយណេ ថ្ងៃ៩តុលានេះ REUTERS/Ahim Rani

ក្នុង​ជំនួប​កំពូល​ប្រចាំឆ្នាំ​អាស៊ាន នៅប្រទេស​ព្រុយណេ នៅ​ថ្ងៃពុធនេះ នាយករដ្ឋមន្ត្រី​ចិន​ លី ខឺឈាំង ​បានបង្ហាញ​គោលជំហរ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​​វិបត្តិ​ជម្លោះ​នៅសមុទ្រចិន។ ​ អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក អូបាម៉ា នៅអាស៊ី បានធ្វើអោយ​ចិន​​លេចមុខធ្លោឡើង ក្នុង​ការ​ទាក់ទាញ​បណ្តាប្រទេស​អាស៊ាន។ អ្នកវិភាគ​នានា​គិតថា​ ការដែលចិន​បង្ហាញ​គោលជំហរ​ស្វែងរក​ដំណោះស្រាយ​​ជំលោះ​ នៅសមុទ្រ​ចិន​នោះ គឺ​ដើម្បីចំណេញ​ពេលវេលា​ពង្រឹង​ផ្នែកយោធា​ខ្លួនតែ​​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃពុធនេះ ក្នុង​ជំនួប​កំពូល​ប្រចាំឆ្នាំ​អាស៊ាន នៅប្រទេស​ព្រុយណេ នាយករដ្ឋមន្ត្រី​ចិន​ លី ខឺឈាំង ​ បានលើកឡើង​នៅចំពោះមុខប្រមុខដឹកនាំ​នៃបណ្តា​ប្រទេស​អាស៊ានថា យើងត្រូវ​តែ​ធ្វើការ​រួមគ្នា ដើម្បី​អោយ​សមុទ្រចិនខាងត្បូង​ ក្លាយជា​ដែនសមុទ្រ​ប្រកបដោយ​សន្តិភាព មិត្តភាព និង​ភាពសហប្រតិបត្តិការ​រវាង​គ្នានិងគ្នា។

តាមរយៈ​ការលើកឡើង​របស់​លោក លី ខឺឈាំង ​​ រដ្ឋាភិបាល​ចិនបាន​បង្ហាញ​នូវគោលជំហរ​ខ្លួន​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយជម្លោះ​ដែនទឹក​ នៅសមុទ្រ​ចិន​ខាងត្បូង។ ចិន​ចង់​ធានាអោយ​​​មានសេរីភាព​នាវាចរណ៍​ក្នុង​តំបន់។ កន្លងមក ក្រុងប៉េកាំង​តែង​ដណ្តើម​បូរណភាព​ដែនទឹក​នៅស្ទើរគ្រប់​ទីកន្លែង នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​អាស៊ានជាច្រើន ពិសេស​វៀតណាម និង​ហ្វីលីពីន។

អស់​រយៈ​១០ឆ្នាំ​មកនេះ ដើម្បី​បន្ថយភាពតានតឹង​ដោយសារ​ជម្លោះ​អស់នេះ​ បណ្តា​ប្រទេស​​អាស៊ាន​បាន​​ជំរុញ​ចិន​អោយ​ចុះហត្ថលេខា​លើ​ក្រមប្រណិបត្តិមួយ​​ ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូងនេះ។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​ចង់មានកិច្ចពិភាក្សា​​បែប​​ទ្វេភាគី ជាមួយ​ប្រទេស​នីមួយៗ ​ច្រើនជាជាង។ ក្រោយមកទៀត ចិន​បាន​ប្តូរជំហរ​ទៅវិញ ដោយ​បើកចំហ​​​ការ​​ចរចា​​​ពីក្រមប្រណិបត្តិ​នេះជាមួយអាស៊ាន​ ហើយ​ថែម​ទាំង​សំរេច​បាន​​ក្រុមការងារ​មួយ​ ទទួលបន្ទុក​ផ្នែក​ពិភាក្សា​ជាក់ស្តែង លើគំរោង​នេះ​ទៀតផង។

នៅថ្ងៃ​ពុធនេះ នាយករដ្ឋមន្ត្រី​ចិន​ ក៏បាន​លើកឡើង​ដែរថា ត្រៀម​ធ្វើការងារ​​ជាមួយប្រទេស​ឯទៀត ដើម្បី​តាក់តែង​ក្រមប្រណិបត្តិនៅសមុទ្រចិន​ខាងត្បូងនេះ។ ប្រធានាធិបតី​ហ្វីលីពីន​ បេនីញ៉ូ អាគីណូ បាន​គូសបញ្ជាក់ថា ការពិភាក្សា​លើ​ក្រមប្រណិបត្តិនេះ មាន​ការ​រីកចំរើន​ទៅមុខ​ខ្លះៗ​ហើយ។

ទោះយ៉ាងនេះ​ក្តី គេនៅចាំ​មើល​ពី​ជំហរ​របស់​ចិន​ត​ទៅទៀត នៅថ្ងៃ​ព្រហស្បត្តិ៍​ទី១០តុលា​នេះ ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន ដែល​រាប់​ទាំង​អាស៊ីខាងកើត​​ បូក​​នឹង​អាមេរិកដែរ​​នោះ ព្រោះថា ថ្ងៃនេះ​ នឹង​មានការ​លើក​ឡើងពី​បញ្ហា​ជម្លោះ​ប្រជុំកោះសេនកាគូ នៅ​សមុទ្រ​ចិន​ខាងកើត រវាងចិន​និង​ជប៉ុន​​ ផងដែរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI