តើលោក ស៊ី ជីនភីងអនាគតប្រមុខដឹកនាំចិនឋិតនៅឯទីណា?
អនាគតឥស្សរជនទីមួយនៃប្រទេសចិនលោក ស៊ី ជីនភីង ដែលនឹងត្រូវគេលើកតែងតាំងជាប្រមុខដឹកនាំជាផ្លូវការនៅខែតុលាខាងមុខនេះនាឱកាសសមាជនៃបក្សកុម្មុយនិស្តចិន បានលុបចេញនៅថ្ងៃចន្ទម្សិលមិញ នូវជំនួបសន្ទនាដែលបានគ្រោងទុកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក ក្រោយពីបានលុបចេញជំនួបពិភាក្សាជាមួយប្រមុខការទូតអាមេរិកលោកស្រី ហ៊ីលឡារីគ្លីនតុន។ ទាំងនេះ បាននាំឲ្យកើតមានជាពាក្យចចាមអារ៉ាមយ៉ាងផុសផុល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយគ្មានការថ្លែងពន្យល់អ្វីទាំងអស់ជាផ្លូវការ ជំនួបសន្ទនាបួនដោយលោក ស៊ី ជីនភីង អនាគតប្រមុខដឹកនាំចិនជាមួយឥស្សរជនបរទេសសំខាន់ៗ បានត្រូវភាគីចិនលុបចេញ ក្នុងរយៈពេលតិចជាមួយសប្តាហ៍។ ក្រោយពីបានលុបចេញនូវជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក និងប្រមុខការទូតអាមេរិកលោកស្រី ហ៊ីលឡារីគ្លីនតុន ជំនួបសន្ទនាពីរទៀតដែលបានត្រូវភាគីចិនលុបចេញគឺ ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង ហើយនិងជាមួយប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។
ចំណែកឯអ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោក ហុងឡី បានថ្លែងប្រាប់ថា “ពាក់ព័ន្ធនឹងការលុបចេញនូវជំនួបសន្ទនាដែលបានគ្រោងទុកដោយលោកស៊ី ជីនភីង លោកគ្មានព័ត៌មានអ្វីនឹងថ្លែងជម្រាបឡើយ”។
គួរកត់សម្គាល់ថា ការលុបចេញនូវជំនួបសន្ទនាចុងក្រោយបានធ្លាក់ក្រោយពេលដែល site internet ចិននៅបរទេសបានថ្លែងឲ្យដឹងថា លោក ស៊ី ជីនភីង ដែលមានអាយុ៥៩ឆ្នាំ កំពុងមានបញ្ហាសុខភាព។ អ្នកខ្លះទៀតថា លោកមានបញ្ហាគ្រោះថ្នាក់រថយន្តដែលបានបណ្តាលឲ្យលោកទទួលរងរបួស។ អ្នកខ្លះទៀតថា គឺក្រុមអ្នកឆ្វេងនិយមឬក្រុមម៉ៅនិយមថ្មីជាអ្នកបង្កឲ្យលេចចេញពាក្យចចាមអារ៉ាម។
សូមបញ្ជាក់ថា ពាក្យអ្នកឆ្វេងនិយមនៅប្រទេសចិនគឺគេសំដៅទៅលើក្រុមអ្នកម៉ៅនិយមថ្មីដែលជាចរន្តនយោបាយគាំទ្រលោក ប៉ូ ស៊ីឡាយ អតីតប្រមុខដឹកនាំនៃទីក្រុង Chongqing ដែលជាទីក្រុងចិនធំជាងគេឋិតនៅប៉ែកនិរតីនៃប្រទេសចិន។ លោក ប៉ូ ស៊ីឡាយដែលបានត្រូវគេទម្លាក់ចេញពីមុខតំណែង ក្រោយពីមានកើតមានរឿងអាស្រូវនៅក្នុងប្រទេសចិននៅពេលកន្លងទៅនេះ។
ពាក់ព័ន្ធនឹងលោក ស៊ី ជីនភីង នេះ សារព័ត៌មានចិននៅក្រៅប្រទេសបានថ្លែងថា លោកមានជំងឺឈឺខ្នង។
រីឯប្រភពអ្នកការទូតលោកខាងលិចខ្លះថា លោក ស៊ី ជីនភីង បានធ្វើការព្យាបាលខ្លួនដើម្បីឲ្យស្រកស្គម ដែលបានបណ្តាលឲ្យលោកស្រកស្គមបាត់បង់អស់ប្រមាណ២០គីឡូក្រាម ចាប់តាំងពីដើមឆ្នាំនេះមក។
ដូច្នេះវាជាការជាក់ច្បាស់ដែលអាជ្ញាធរចិនបារម្ភពីការដែលអាចធ្វើឲ្យប៉ះពាល់ដល់ “អភិក្រមនៃការតស្នងតំណែង”ដែលគ្រោងរៀបចំធ្វើនៅខែតុលាខាងមុខ នាឱកាសសមាជនៃបក្សកុម្មុយនិស្តចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ