ប៉េកាំងបញ្ជូននាវាល្បាតទៅប្រជុំកោះមានជម្លោះជាមួយតូក្យូ
នាវាល្បាតពីរគ្រឿងត្រូវបានក្រុងប៉េកាំងបញ្ជូនទៅកាន់សមុទ្ទចិនខាងកើត ជិតប្រជុំកោះជាប់ជម្លោះជាមួយនឹងជប៉ុន។ នេះបើតាមភ្នាក់ងារសារព័ត៌មានចិនថ្មី ចេញផ្សាយថ្ងៃអង្គារនេះ ដោយគូសបញ្ជាក់បន្ថែមទៀតថា ចិនបញ្ជូននាវាយោធា ក្នុងពេលទន្ទឹមគ្នានឹងការប្រកាសរបស់រដ្ឋាភិបាលទិញកូនកោះបីនៃប្រជុំកោះសេនកាគូជប៉ុន ឬ ទាវយូជាភាសាចិន។
ចុះផ្សាយនៅថ្ងៃ៖
ការបញ្ជូននាវាទៅល្បាតនៅប្រជុំកោះជាប់ជម្លោះ ជាសារមួយ បញ្ជាក់យ៉ាងច្បាស់លាស់ អំពីបូរណភាពដែនដីចិន ដូចប្រសាសន៍ព្រមាន របស់លោកនាយករដ្ឋមន្ត្រីចិន វេន ជាវប៉ាវ ម្សិលមិញ ថា “ប៉េកាំងមិនបណ្តោយឱ្យបាត់ដីសូម្បីតែមួយសង់ទីម៉ែត្រការ៉េ” ទៅខាងជប៉ុនឡើយ។ តាមពិតនាវាដែលបញ្ជូនទៅនោះ ជាមិនមែនជានាវាចម្បាំងនៃកងទ័ពជើងទឹកទេ តែជានាវារបស់រដ្ឋបាលមហាសាគរ ក្រោមបង្គាប់ក្រសួងដែនដីនិងធនធានធម្មជាតិ។
សូមបញ្ជាក់ថា កោះទាវយូ ហៅតាមចិន ឬ សេនកាគូ ហៅតាមជប៉ុន ស្ថិតក្រោមរដ្ឋបាលក្រុងតូក្យូ ប៉ុន្តែចិន និងតែវ៉ាន់ តែទាមទារយកមកវិញ។ ម្សិលមិញ និងជាថ្មីទៀតនៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសបំពេញសំណុំឯកសារចប់សព្វគ្រប់ លើកិច្ចព្រមព្រៀងទិញកោះតូចបីៗ ពីបុគ្គលឯកជនជនជាតិជប៉ុន មកធ្វើជាសម្បត្តិរដ្ឋហើយ។
ចិន បញ្ចេញប្រតិកម្មជាទ្រង់ទ្រាយធំ ចំណែកតៃវ៉ាន់ ក៏មិននៅស្ងៀម។ ថ្ងៃនេះ តៃវ៉ាន់បានប្រកាស តាមរយៈរដ្ឋមន្ត្រីការបរទេស ថា ទង្វើរបស់តូក្យូ ជាសេចក្តីសម្រេចជាឯកតោភាគី និងខុសច្បាប់ ដែលនាំឱ្យមានការប្រឆាំងជាដាច់ខាត ប្រឆាំងនឹងការទិញមកធ្វើជាសម្បត្តិរដ្ឋ ដោយរដ្ឋាភិបាលជប៉ុន ព្រោះប្រជុំកោះ ទាវយូ ជារបស់ចិនសាធារណរដ្ឋ (ឈ្មោះជាផ្លូវការតៃវ៉ាន់)។
ក្រៅពីសម្បូរទៅដោយធនធានមច្ឆា និងឧស្ម័នធម្មជាតិក្រោមដី ការដណ្តើមគ្រប់គ្រងប្រជុំកោះសេនកាគូ ឬទាវយូ ដែលស្ថិតនៅចម្ងាយ២០០០គ.ម.ពីប្រទេសជប៉ុន និង២០០គ.មពីតៃវ៉ាន់នេះ ជាជម្លោះដណ្តើមយុទ្ធសាស្ត្រគ្នាទៀត។ កាលពីឆ្នាំ២០១០ មហាយក្សអាស៊ី ចិន-ជប៉ុន បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងព្រោះប្រជុំកោះនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ