ចិន

អ្នកកាសែត​ចិន​ដែល​ប៉ូលិស​ឃាត់ខ្លួន​ សារភាព​ថា​ បាន​ចុះផ្សាយ​ព័ត៌មាន​ភូតកុហក​

អ្នកកាសែត​ចិន​ Chen Yongzhou ជាប់ចោទ​ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​​សហគ្រាស​​Zoomlion
អ្នកកាសែត​ចិន​ Chen Yongzhou ជាប់ចោទ​ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​​សហគ្រាស​​Zoomlion Reuters - CCTV

អ្នកកាសែតចិនមួយរូប​​ដែល​​​ត្រូវ​ប៉ូលិស​ចិន​​​​ឃាត់ខ្លួន កាលពី​ថ្ងៃ​១៨តុលា កន្លងទៅ​ បាន​សារភាព​ថា ​ខ្លួន​បាន​ចុះផ្សាយព័ត៌មាន​​មិនពិត បង្ខូច​កេរ្តិ៍ឈ្មោះ​​សហគ្រាស​Zoomlion ដែល​ជា​សហគ្រាស​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ក្នុង​ប្រទេស។ នេះ​បើយោងតាម​​សារព័ត៌មាន​​រដ្ឋចិន​នានា នៅថ្ងៃ​សៅរ៍នេះ។ អ្នកកាសែត​ចិន​រូបនោះ បាន​ចុះផ្សាយ​ព័ត៌មានភូត​​កុហក ដើម្បី​ទទួល​បាន​ប្រាក់កាស​រាប់ពាន់​អឺរ៉ូ ពី​​ក្រុមមនុស្ស​មួយចំនួន។ យោងតាម​សារព័ត៌មាន​ Global Times គណៈកម្មការ​បក្ស​កុម្មុយនិស្តចិន​ទទួលបន្ទុក​ប្រយុទ្ធ​អំពើពុករលួយ​ បាន​ចូលខ្លួន​ស៊ើបអង្កេត​រឿងនេះ។

ផ្សាយពាណិជ្ជកម្ម

Chen Yongzhou អាយុ ២៧ឆ្នាំ ជា​អ្នកកាសែត​បំរើការ​​អោយ​សារព័ត៌មាន​ប្រចាំថ្ងៃ​ដ៏​មាន​ប្រជាប្រិយភាព​មួយនៅចិន ឈ្មោះថា Xinkuaibao។ ​Chen Yongzhou ​ត្រូវ​ប៉ូលិស​ចិន​​​​ឃាត់ខ្លួន កាលពី​ថ្ងៃ​១៨តុលា ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​​សហគ្រាស​​Zoomlion ​ដែល​ជា​សហគ្រាស​ធុនធ្ងន់​ ផ្នែក​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។

អ្នកសារព័ត៌មាន​​Chen Yongzhou បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចុះផ្សាយ​ព័ត៌មាន​ភូតភរ​មែន គឺ​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​ក្រុមមនុស្ស​មួយចំនួន។ ​អ្នកកាសែត​រូបនេះ​​មិនបានប្រាប់​ពី​អត្តសញ្ញាណ​ជន​ទាំងនោះទេ។ ជនទាំងនោះ​បាន​ផ្តល់​សម្ភារៈ​​​​មិនត្រឹមត្រូវ​ ទៅអោយ​អ្នកកាសែត​ចិន​ ដើម្បី​ចុះផ្សាយ​ព័ត៌មាន​បង្ខូចកេរ្តិ៍​ឈ្មោះ​សហគ្រាស​​​Zoomlion។ ជា​ថ្នូរ​នឹង​ការចុះផ្សាយ​នេះ អ្នកកាសែត​ចិន​បាន​ទទួលរង្វាន់​ជាទឹកប្រាក់​រាប់ពាន់អឺរ៉ូ។

គួររំលឹកថា ប៉ុន្មាន​ខែចុងក្រោយនេះ Chen Yongzhou បាន​ចុះផ្សាយ​អត្ថបទ​ជាង​១០ ដែល​គ្មានការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និ​ង​សុទ្ធ​តែ​ជា​ព័ត៌មាន​ភូតកុហក។ ខ្លឹមសារ​នៃ​អត្ថបទ​​ បានចោទ​សហគ្រាស​​Zoomlion ថា​ ​បាន​​ក្លែង​បន្លំ​​គណនេយ្យ​ទឹកប្រាក់​​​ និង​បាន​អនុវត្ត​នូវ​សកម្មភាព​ខុសច្បាប់​​។ Zoomlion ជាសហគ្រាស​ដ៏សំខាន់​មួយនៅចិន តំណាង​អោយ​ប្រាក់ចំណូល​ពន្ធដារ​​នៃ​ទីក្រុង​ Changsha ​ខេត្ត​ Hunan។ រដ្ឋចិន​​កាន់កាប់​សហគ្រាស​នេះ​២០ភាគរយ។ អត្ថបទ​ចុះផ្សាយ​ដោយ​អ្នកកាសែត​ចិន ​​​បាន​ធ្វើអោយ​ទីផ្សារ​មូលបត្រ​របស់​ Zoomlion ត្រូវ​ខូចឈ្មោះ។

នៅ​សប្តាហ៍​នេះ សារព័ត៌មាន​ Xinkuaibao​ ដែល​អ្នកកាសែត Chen Yongzhou ​បំពេញ​ការងារ​​នៅទីនោះ បាន​សុំ​អោយ​ប៉ូលិស​ដោះលែង​អ្នកកាសែត​រូបនេះ ដោយលើកឡើង​ថា ខ្លួន​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងអស់​នោះរួចហើយ មុន​នឹង​អនុញ្ញាត​អោយ​មាន​ការចុះផ្សាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI