ចិន-ជប៉ុន

ចិន​លើក​ពេល​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ចិន-​ជប៉ុន

បាតុកម្ម​ប្រឆាំង​ជប៉ុន ដែល​បាន​ប្រមូល​ទិញ​កោះ​សេនកាគូ ជាសម្បត្តិរដ្ឋ​ នៅ​ហុងកុង​ថ្ងៃទី ១៦ កញ្ញា ២០១២
បាតុកម្ម​ប្រឆាំង​ជប៉ុន ដែល​បាន​ប្រមូល​ទិញ​កោះ​សេនកាគូ ជាសម្បត្តិរដ្ឋ​ នៅ​ហុងកុង​ថ្ងៃទី ១៦ កញ្ញា ២០១២ Reuters/路透社

ក្នុង​ពេល​ដែល​ជម្លោះ​ដណ្តើម​ដែន​កោះ​សេនកាគូ ឬ ទាវយូ បាន​និង​កំពុង​ធ្វើ​ឱ្យ​ទំនាក់ទំនង​​ចិន​ជប៉ុន តាន​តឹង​ខ្លាំង​​និង​​មើល​មុខ​គ្នា​មិន​ចំ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុង​ប៉េកាំង​បាន​ប្រកាស​លើក​ពេល​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​​ចិន-ជប៉ុន។ នេះ​បើ​តាមទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន។

ផ្សាយពាណិជ្ជកម្ម

 

ប៉េកាំង​គ្រោង​រៀប​ចំ​ពិធី​បុណ្យ ឧទ្ទិស​ដល់​ខួប​៤០​ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​​គ្នា​ឡើង​វិញ​រវាង​​ចិន​និង​ជប៉ុន ​ នៅ​ថ្ងៃ​ទី ២៧ កញ្ញា សប្តាហ៍​ក្រោយ​នេះ​ ប៉ុន្តែ​ដោយហេតុ​​តែ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​តាន​តឹង​​ខ្លាំង ភាគី​ចិន​បាន​សម្រេច​ចិត្ត​ថា ពិធី​ជា​ផ្លូវការ​​នេះ​ ត្រូវ​តែ​លើក​ពេល​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​វិញ​ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី ! នេះ​បើ​តាម​សេចក្តី​ប្រកាស​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី​ ដែល​បាន​ព័ត៌មាន​ពី​អ្នក​ទទួល​ខុស​ត្រូវចិន​ទទួល​បន្ទុក​​កិច្ច​ការ​មិត្តភាព​ជាមួយ​បរទេស​ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

នៅ​មុន​នេះ​បន្តិច ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ជប៉ុន Jiji​ ក៏​បាន​ជូន​ព័ត៌មាន​ដូច​គ្នា​ និង​បាន​បញ្ជាក់បន្ថែម​ថា​ ​អតី​ត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន នៅ​តែ​ត្រៀម​ខ្លួន​ជា​និច្ច​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​របស់​ជប៉ុន ប្រសិន​បើ​តូក្យូ​នៅ​តែ​ចង់​រក្សាទំនាក់ទំនង​រវាង​គ្នា​ និង​នៅ​តែ​បញ្ជូន​ប្រតិភូ​មក​កាន់​ប៉េកាំង។

ពី​មុន​មក​ ចិន​និង​ជប៉ុន តែង​សង្ឃឹម​ថា​ ពិធី​បុណ្យ​រលឹក​ខួប​៤០​ឆ្នាំនេះ នឹង​អាច​នាំ​​ ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ប៉ុន្តែ​បើ​តាម​ប្រសាសន៍​របស់អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ធ្លាក់​ដុបដាប​ខ្លាំង​ក្នុង​ពេល​នេះ កំហុស​ទាំង​ស្រុង​គឺ​​មក​បណ្តាល​មក​ពីជប៉ុន។ ​រដ្ឋាភិបាល​ជប៉ុន​ប្រមូល​ទិញ​កោះ​សេនកាគូ ឬ​ទាវយូ​ជាភាសា​ចិន​ ក្នុង​សមុទ្ទចិន​​ខាង​កើត​​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ។

ការ​ប្រមូល​ទិញ​កោះ​ជាប់​ជម្លោះ​ ដែល​បាន​រាលដាល​ជា​ជម្លោះ​ការទូត និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ។ បាតុកម្ម​ធំៗប្រឆាំង​ជប៉ុន​ និង​ពេល​ខ្លះ​ហិង្សា​ផង​បាន​ផ្ទុះ​ឡើង​នៅ​តាម​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ កាលពី​ចុង​សប្តាហ៍​មុន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន និ​ង​រោងចក្រ​​ជប៉ុន​នៅ​ចិន​បិទទ្វារ​​ជា​បណ្តោះ​អាសន្ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI