ចិន

ចិន​ដកហូត​តំណែង​​មន្ត្រី​បក្ស​កុម្មុយនិស្ត​​​មួយរូប​​ ពីបទ​រៀបអាពាហ៍ពិពាហ៍​កូនខ្លួន​អធិកអធម​ជ្រុល​

អាហារ​ក្នុង​ពិធីមង្គលការ​ នៅចិន
អាហារ​ក្នុង​ពិធីមង្គលការ​ នៅចិន Reuters

នៅប្រទេស​ចិន​ ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក Ma Linxiang ជា​​មន្ត្រី​​បក្ស​កុម្មុយនិស្ត​​មួយ​រូប​នៅជាយ​ក្រុងប៉េកាំង ត្រូវបាន​​ដកហូត​ចេញពីតំណែង​​ ដោយ​សារតែ​បាន​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​​គាត់ក្នុង​លក្ខណៈ​អធិកអធម​ជ្រុលហួសហេតុ។ អាពាហ៍ពិពាហ៍​​របស់​កូនប្រុស​លោកម៉ា​ ដែល​បានចំណាយ​ទឹកប្រាក់​​២០ម៉ឺន​អឺរ៉ូ និង​​បាន​ប្រារព្ធធ្វើ​នៅ​មជ្ឈមណ្ឌល​ជាតិ​សំរាប់​រៀបចំសន្និសីទ​ មិនបាន​ធ្វើអោយ​​គណបក្ស​កុម្មុយនិស្ត​ចិន​​រីករាយ​នោះទេ។

ផ្សាយពាណិជ្ជកម្ម

លោក Ma Linxiang ជាមន្ត្រីបក្ស​កុម្មុយនិស្តចិន​​ និង​អនុប្រធានភូមិ​មួយ នៅជាយក្រុង​ប៉េកាំង។ កាលពី​ប៉ុន្មានខែ​មុន​ លោក Ma បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​២០ម៉ឺនអឺរ៉ូ​ ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​គាត់ ហើយថែម​ទាំងបាន​យក​​ទីតាំង​មជ្ឈមណ្ឌល​ជាតិ​ចិន​សំរាប់​រៀបចំ​សន្និសីទ មកធ្វើ​ជាកន្លែង​រៀបការ​ទៀតផង។ នៅក្នុងពិធីអាពាហ៍ពិពាហ៍​រយៈពេល​បីថ្ងៃ គេឃើញមានភ្ញៀវ​២៥០តុ និង​​​មាន​សិល្បករ​ល្បីៗជាច្រើនរូប​ចូលរួមផងដែរ។

គណបក្ស​កុម្មុយនិស្ត​ចិន​យល់ថា អាពាហ៍ពិពាហ៍​កូនប្រុស​របស់​អនុប្រធានភូមិ​​​រូបនេះ មាន​លក្ខណៈ​អធិកអធម​ជ្រុលហួសហេតុ ហើយអាច​ធ្វើអោយ​មាន​ផល​អវិជ្ជមាន​ក្នុង​សង្គម។ ដូច្នេះ លោក Ma Linxiang ត្រូវតែ​ខ្ទាតចេញ​ពីតំណែង​អនុប្រធានភូមិ​។ នៅពេលនេះ លោកម៉ា កំពុង​តែស្ថិត​ក្នុង​ការ​ស៊ើបអង្កេត។

គួររំលឹកថា ​អាពាហ៍ពិពាហ៍កូនប្រុស​លោក ម៉ា កាលពី​ប៉ុន្មានខែ​មុននេះ​ មិនបាន​ធ្វើអោយ​គេចាប់អារម្មណ៍អ្វី​ប៉ុន្មានឡើយ។ ប៉ុន្តែ នៅពេល​ដែល​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចាប់ផ្តើម​យុទ្ធនាការ​​កំចាត់​អំពើ​ពុករលួយ​ និង​បំបាត់​ការចាយវាយ​មិនបានការ​ ក្នុង​ជួររដ្ឋាភិបាល​​មក គណៈកម្មាធិការ​​កំចាត់អំពើពុករលួយចិន​​ លែង​អាច​បិទភ្នែក​ទុកអោយហេតុការណ៍​បែបនេះ កើតឡើង​ទៀតហើយ។

កាលពី​ខែកញ្ញា គណៈកម្មការ​កណ្តាល​ទទួលបន្ទុក​កិច្ចការ​​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់ បាន​រំលឹក​ឡើងវិញ អោយ​ចៀសវាង​ការ​ចាយវាយ​មិនបានការទាំងឡាយ បែបយ៉ាង ពិធី​ជប់លៀង ការ​ស៊ីចុក​ហូរហៀរ​ រឺក៏សកម្មភាព​កំសាន្ត​ឥតប្រយោជន៍ផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI