កម្ពុជា

បន្ទាប់​ពី​ហ៊ីលឡារី គ្លីនតុន ប្រធាន​រដ្ឋសភា​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

លោក វូ បាំងហ្គួ ប្រធាន​សភា​ប្រជាជន​ចិន (Wu Bangguo) នឹង​ផ្តើម​ទស្សនកិច្ច​ផ្លូវការរយៈពេល ៤​ថ្ងៃ ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ៣​វិច្ឆិកា ឆ្នាំ ២០១០
លោក វូ បាំងហ្គួ ប្រធាន​សភា​ប្រជាជន​ចិន (Wu Bangguo) នឹង​ផ្តើម​ទស្សនកិច្ច​ផ្លូវការរយៈពេល ៤​ថ្ងៃ ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ៣​វិច្ឆិកា ឆ្នាំ ២០១០ ©reuters

ប្រធាន​រដ្ឋសភា​ចិន​លោក​វូ បាំងហ្គួ នឹង​មក​ដល់​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៣ វិច្ឆិកា​ស្អែក​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៤​ថ្ងៃ នៅ​ប្រទេស​កម្ពុជា។ ប្រធាន​រដ្ឋសភា​ចិន​នឹង​ចូលជួប​ពិភាក្សា​ជាមួយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា ព្រម​ទាំង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ចំនួន​ផង។ វត្តមាន​របស់​ប្រធាន​រដ្ឋសភា​ចិន កើតឡើង​ក្រោយ​ពី​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ហ៊ីលឡារី គ្លីនតុន​ទើប​តែបាន​ថ្លែង នៅ​ប្រទេស​កម្ពុជា​ថា កម្ពុជា​មាន​ហេតុផល​ក្នុង​ការមាន​ទំនាក់​ទំនង​ជិតស្និទ្ធជាមួយ​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ប្រធាន​សភា​ប្រជាជន​ចិន​លោក វូ បាំងហ្គួ (Wu Bangguo) នឹង​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា​ស្អែក​នេះ​ទៅ ដើម្បី​ពង្រីក​ចំណង​មិត្តភាព​កម្ពុជា​ចិន​បន្ថែម​ទៀត។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា​បាន​សរសេរ​ថា លោក​ប្រធាន​រដ្ឋសភា​ចិន នឹង​ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់​មក​គឺ​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក​ហេង សំរិន ប្រធាន​ព្រឹទ្ធសភា​លោក ជា ស៊ីម និង​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ផង។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​រដ្ឋសភា​ចិន​ក៏​បាន​នាំយក​ជំនួយ​មួយ​ចំនួន​សម្រាប់​រដ្ឋសភា​កម្ពុជា និង​កាកបាទក្រហម​កម្ពុជា​ផងដែរ។

 
ក្រៅពី​នេះ លោកវូ បាំងហ្គួ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតី នៅក្នុង​ពីធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចព្រមព្រៀង និង​ពិធីសារ​ចំនួន​១៦។ ឯកសារ​ទាំងនោះ​រួមមាន ពិធីសារ​ស្តីពី​ការ​លុបបំណុល​របស់​កម្ពុជា ចំពោះ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​ស្តី​ពី​ឥណទាន​សម្បទាន​ផ្តល់​ដោយ​ប្រទេស​ចិន​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹកព្រែក ស្ទឹងកែវ នៅ​ខេត្ត​កំពត។ កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ស្តី​ពី​គម្រោង​សាងសង់​កំពង់ផែ​ភ្នំពេញ។ កិច្ចសន្យា​ពាណិជ្ជកម្ម​ស្តី​ពី​គម្រោង​សាងសង់​ស្ពាន​តាខ្មៅ។ លិខិត​ប្តូរសារ​ស្តី​ពី គម្រោង​សាងសង់​អគារ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ល។

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភាប្រជាជន​ចិន​នៅពេលនេះ នឹង​បង្ហាញ​ពី​មិត្តភាព​ដែល​កាន់តែ​ស្អិតល្មួត​ថែមទៀត ជា​មិត្តភាព​បែប​ប្រវត្តិសាស្ត្រ​ផង ដោយសារ​ចំណង​មិត្តភាព​នេះ​បាន​ប្រសូត​ឡើង តាំងពី​សម័យ​សង្គមរាស្ត្រ​និយម​របស់​សម្តេចឪ​នរោត្តម សីហនុ។ លោក​ឈាង វុន​បាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់ខ្ពស់​បរទេស​នៅ​កម្ពុជា ក៏​ស្តែង​ចេញ​ពី​ការ​ធ្វើ​ត្រឹមត្រូវ​នៃ​នយោបាយ​ការបរទេស​របស់រដ្ឋាភិបាល​បច្ចុប្បន្ន​ផងដែរ។

ក្រុម​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​បាន​មើល​ឃើញ​ថា កម្ពុជា​បាន​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​មហា​អំណាចចិន ជាង​ប្រទេស​មហា​អំណាច​ផ្សេងទៀត​ដូចជា​អាមេរិក​ជាដើម។ ប្រមុខ​ការទូត​អាមេរិក​លោកស្រីហ៊ីលឡារី គ្លីនតុន​ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​អត្ថាធិប្បាយ​ថា កម្ពុជា​មាន​ហេតុផល​នឹង​ធ្វើ​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ​លោកស្រី​បាន​បង្ហាញ​ទស្សនៈ​ទូទៅ​ថា កម្ពុជា​ក៏​មិន​ត្រូវ​ពឹងផ្អែក​ខ្លាំង​ជ្រុល​ពេក ទៅលើ​ប្រទេស​ណា​មួយ​នោះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI