មនុស្សជាង២ម៉ឺននាក់នឹងធ្វើបាតុកម្មដើម្បីទាមទារឱ្យកឹម សុខាសុំទោស
ចុះផ្សាយនៅថ្ងៃ៖
លោក ជុំ ម៉ី ជនរងគ្រោះ នៅមានជីវិតពីគុកទួលស្លែង នឹងដឹកនាំជនរងគ្រោះដោយរបបខ្មែរក្រហម ជាង២ម៉ឺននាក់ ធ្វើបាតុកម្ម ដើម្បីទាមទារឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសុំទោសជនរងគ្រោះ ក្នុងរបបខ្មែរក្រហម។ បាតុកម្មនេះត្រូវបានរៀបចំឡើង ខណៈដែលឱសានវាទនៃការសុំទោសនឹងមកដល់ នៅថ្ងៃទី៤ មិថុនាខាងមុខនេះ។
មនុស្សជាង២ម៉ឺននាក់ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ប្រធានស្តីពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីឱសានវាទនៃការសុំទោសដល់ជនរងគ្រោះ នៅគុកទួលស្លែង នឹងមកដល់ថ្ងៃ៤ មិថុនា។ នេះបើតាមលោក ជុំ ម៉ី ជនរងគ្រោះនៅមានជីវិតពីគុកទួលស្លែង ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃម្សិលមិញ។
លោក ជុំ មី ដែលជាប្រធានសមាគមក្សេមក្សាន្តផងនោះបានឱ្យដឹងទៀតថា លោក នឹងដឹកនាំបាតុករទាំងនោះ ធ្វើបាតុកម្មប្រឆាំង នឹងលោកកឹម សុខា ក្នុងករណីដែលលោក នៅតែរឹងទទឹងមិនព្រមទទួលកំហុសរបស់ខ្លួន ដែលនិយាយថា គុកទួលស្លែង គឺជាគុកសិប្បនិមិត្ត ដែលរៀបចំឡើង ដោយប្រទេសវៀតណាម។
បើតាមលោក ជុំ មី បាតុកម្មដែលចូលរួមដោយបាតុករជាអ្នកឈឺចាប់ដោយរបបខ្មែរក្រហមនោះ គឺដើម្បីថ្កោលទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា ចង់បំបាត់ប្រវត្តិសាស្ត្រ ៣ឆ្នាំ៨ ខែ និង២០ថ្ងៃ ដែលបានកាប់សំលាប់ប្រជាពលរដ្ឋខ្មែរអស់ប្រមាណជិត២លាននាក់។
តែទោះជាយ៉ាងណា លោក កឹម សុខា ធ្លាប់បានបដិសេធថា លោក មិនបាននិយាយថា គុកទួលស្លែងគឺជាគុកសិប្បនិម្មិតនោះទេ ដូច្នេះគឺគ្មានអ្វីត្រូវសុំទោសនោះឡើយ។ លោកកឹម សុខាបញ្ជាក់ថា សម្តីរបស់លោក ដែលនិយាយថា គុកទួលស្លែង ថា ជាគុក សិប្បនិម្មិតនោះ ជាការច្នៃប្រឌិតទេ។
គួររំលឹកថា លោក កឹម សុខា នឹងត្រឡប់មកកាន់កម្ពុជាវិញ នៅថ្ងៃទី៤ ឧសភា បន្ទាប់ពីចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក តាំងពីថ្ងៃទី២៩ ឧសភាកន្លងមក ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងចំពោះសម្តីរបស់លោក ពីអ្នកនយោបាយ និងពលរដ្ឋខ្មែរមួយចំនួន។ ប៉ុន្តែ ប្រភពពីបក្សប្រឆាំងបញ្ជាក់ថា លោកកឹម សុខា មានបេសកកម្ម នៅក្រៅប្រទេស។
ក្រៅពីគម្រោងបាតុកម្មរបស់ប្រជាជនប្រមាណជាង ពីម៉ឺននាក់ ប្រឆាំងគម្រោងលោកកឹម សុខានោះ រដ្ឋសភាកម្ពុជាឯណោះវិញ ក៏គ្រោងនឹងអនុម័តច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងដោយរបបខ្មែរក្រហម នៅថ្ងៃសុក្រទី៧ មិថុនានេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ