កម្ពុជា

បណ្ដាញ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់ជាតិ​ជំរុញ​អោយ​មេដឹកនាំ​ពិភពលោក​ទម្លាក់​ថវិកា​អោយ​បាន​ឆាប់

ដោយសារ​ការប្រែប្រួល​អាកាសធាតុ ទឹក​តាម​ដង​ទន្លេមេគង្គ​ស្រក​ចុះ​ និង​ឡើង​មិន​ទៀងទាត់
ដោយសារ​ការប្រែប្រួល​អាកាសធាតុ ទឹក​តាម​ដង​ទន្លេមេគង្គ​ស្រក​ចុះ​ និង​ឡើង​មិន​ទៀងទាត់ © Reuters

បណ្ដាញ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​ជំរុញ​អោយ​មេដឹកនាំ​ពិភពលោក​ ទម្លាក់​ថវិកា​អោយ​លឿន​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ កាល​ពី​ពេល​កន្លងមក មេដឹកនាំ​ពិភពលោក បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ មុន​ដំណាច់ឆ្នាំ​២០១២​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

បណ្ដាញ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​ដែល​មាន​អង្គការ​ជា​សមាជិក​ចំនួន​៥២​នឹង​រៀបចំ​យុទ្ធនាការ នៅ​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ជំរុញ​អោយ​មេដឹកនាំ​ពិភពលោក​គោរព​ការ​សន្យា និង​ផ្តល់​ថវិកា​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ក្រីក្រ។ យុទ្ធនាការ​នេះ​នឹង​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ ទីក្រុង​ភ្នំពេញ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា នឹង​មាន​អ្នក​ចូលរួម​ប៉ុន្មាន​នាក់​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល នៅ​ទីក្រុង​Copenhague ប្រទេស​ដាណឺម៉ាក កាលពី​ឆ្នាំមុន មេដឹកនាំ​ពិភពលោក បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ​អាមេរិក មុន​ដំណាច់ឆ្នាំ​២០១២ ទៅ​ឲ្យ​ប្រទេស​ក្រីក្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ​ដំណើរការ​នៃ​ការ​ផ្តល់​ថវិកា​ទាំងនេះ​មាន​ភាព​យឺតយ៉ាវ​គួរ​ជាទី​ព្រួយបារម្ភ។

 
សេចក្តី​ប្រកាស​ព័ត៌មាន ដែល​មាន​ចំណងជើង​ថា “តើ​មូលនិធិ​អាកាសធាតុ​សកល​នៅ​ឯណា?” បាន​គូស​បញ្ជាក់​ថា ព្រឹត្តិការណ៍​អាកាសធាតុ​អាក្រក់​ដូចជា ខ្យល់ព្យុះ ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត បាន​បំផ្លិចបំផ្លាញ​ផលដំណាំ និង​ធ្វើឲ្យ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​ស្ត្រី​កាន់តែ​លំបាក​ក្នុង​ការផ្គត់ផ្គង់​អាហារ​ដល់​ក្រុម​គ្រួសារ។

ប្រជាពលរដ្ឋ​រាប់​រយ​លាន​នាក់​នៅក្នុង​ប្រទេស​ក្រីក្រ រាប់​ទាំង​កម្ពុជា​ផង​នោះ កំពុង​ទទួល​រង​ផល​ប៉ះពាល់​ផ្ទាល់​មុនគេ និង​ធ្ងន់ធ្ងរ​ជាងគេ​ពី​វិបត្តិ​សកល​មួយ ដែល​ពួកគេ​មាន​ចំណែក​ទទួល​ខុសត្រូវ​តិចតួច​បំផុត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា ពលរដ្ឋ​រាប់រយ​លាន​នាក់ ក្នុង​ប្រទេស​ក្រីក្រ​ត្រូវការ​ធនធាន​ដ៏​ច្រើន​ដើម្បី​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​ធនធាន​ទាំងនេះ ត្រូវ​ផ្តល់​ដោយ​ប្រទេស​ឧស្សាហកម្ម​ធំៗ។

រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​កម្ពុជា​តែងតែ​​ទទួល​រង​នូវ​គ្រោះមហន្តរាយ​ជា​បន្ត​បន្ទាប់។ គ្រោះមហន្តរាយ​ដែល​លេចធ្លោ​ជាងគេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ខ្យល់​ព្យុះកេតសាណា កាល​ពី​ឆ្នាំមុន និង​ទឹក​ជំនន់​ទឹកភ្លៀង កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

របាយការណ៍​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់​ថា គ្រោះមហន្តរាយ​ខ្យល់​ព្យុះកេតសាណា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាជន​ខ្មែរ​អស់​ជាង​១៣០​លាន​ដុល្លារ​អាមេរិក។ រីឯ​ទឹកជំនន់​ទឹកភ្លៀង កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាជន​អស់​ជាង​៦០​លាន​ដុល្លារ​អាមេរិក។

គ្រោះមហន្តរាយ​ទាំងនេះ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​មួយ​ផ្នែក​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​ជា​លក្ខណៈ​សកល។ អ្នកជំនាញ​បរិស្ថាន​បាន​អត្ថាធិប្បាយ​ថា វា​ជា​ការលំបាក​ក្នុង​ការ​ទប់ស្កាត់​បាតុភូត​គ្រោះ​មហន្តរាយ ដូច្នេះ​អ្វី​ដែល​គេ​ត្រូវ​ធ្វើ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ការបន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI