ស៊ីរី

ការប្រយុទ្ធគ្នា​នៅជិត​ទីស្នាក់ការ​យកការ​សម្ងាត់​​នៅទីក្រុង​អាឡេព​

រថក្រោះ​បោះបង់​ចោល​​ដោយ​ទាហាន​​រដ្ឋាភិបាល​​​នៅ​តំបន់​​អាណាដាន់​​​ឋិតនៅ​​ចន្លោះ​​ប្រទេស​ទួរគី​​និង​​ទីក្រុង​អាឡេព​
រថក្រោះ​បោះបង់​ចោល​​ដោយ​ទាហាន​​រដ្ឋាភិបាល​​​នៅ​តំបន់​​អាណាដាន់​​​ឋិតនៅ​​ចន្លោះ​​ប្រទេស​ទួរគី​​និង​​ទីក្រុង​អាឡេព​ RFI/Jérôme Bastion

កងកម្លាំង​បះបោរ​ស៊ីរី​បាន​បាន​ធ្វើការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​នៅ​យប់​ថ្ងៃចន្ទ​ឆ្លង​មក​ថ្ងៃអង្គារ​ ​ ទៅលើ​តុលាការសឹក​នៃ​ទីក្រុង​អាឡេព​ ​ ដែលជា​ទីក្រុង​សំខាន់​ទីពីរ​របស់​ប្រទេស​ស៊ីរី។​ ហើយ​ការ​វាយប្រហារ​គ្នា​ដ៏​ហិង្សា​ក៏​បាន​កើតមាន​ផងទៀត​នៅជិត​ទីស្នាក់ការ​យកការ​សម្ងាត់​យោធា​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

 

កងកម្លាំង​បះបោរ​ស៊ីរី​ក៏បាន​ធ្វើការ​វាយ​លុក​ផងដែរ​ទៅលើ​ប៉ុស្តឹ៍​នគរបាល​ ​ ហើយនិង​សាខា​នៃ​គណបក្ស​ បាអាស​ ដែល​កំពុង​កាន់កាប់​អំណាច​បច្ចុប្បន្ននេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​ នេះបើ​យោងតាម​របាយការណ៍​របស់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ស៊ីរី។

នៅឯ​សង្កាត់​ Salaheddine ​ដែលជា​ដែន​អំណាច​ដ៏​សំខាន់​របស់​ពួក​អ្នកបះបោរ​ស៊ីរី​ឯណោះ​វិញ​ ​ បាន​ទទួលរង​ការវាយ​ប្រហារ​យ៉ាង​សាហាវ​ដោយ​កាំភ្លើង​ស្វ័យប្រវត្ត​ពី​ឧទ្ធម្ភាគចក្រ​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី៣១​កក្កដា​ឆ្នាំ២០១២នេះ។

នៅ​ថ្ងៃចន្ទ​​ម្សិលមិញ​ ​ កងកម្លាំង​បះបោរ​ស៊ីរី​ទទួល​បាន​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ ​ ដោយក្តោប​ក្តាប់​យកបាន​ប៉ុស្តឹ៍​ត្រួត​ពិនិត្យ​ដ៏​យុទ្ធសាស្ត្រ​មួយ​នៅ​តំបន់​ អាណាដាន់​ ដែលឋិតនៅ​ចន្លោះ​ប្រទេស​ទួរគី​និង​ទីក្រុង​អាឡេព។​ ទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​ កងកម្លាំង​បះបោរ​ស៊ីរី​នៅ​ទីក្រុង​អាឡេព​ទទួល​បាន​នូវ​ជំនួយ​សម្ភារៈ​យុទ្ធភ័ណ្ឌ។

គួរបញ្ជាក់ថា​ ​ ទីក្រុង​អាឡេព​បាន​ក្លាយជា​សមរភូមិ​ដ៏ហិង្សា​តាំងពី​ថ្ងៃ​ទី២០​កក្កដា​ឆ្នាំ២០១២​ ​ ហើយ​ការវាយ​ប្រហារ​របស់​កងកម្លាំង​យោធា​ស៊ីរី​បាន​ចាប់កើត​មាន​នៅ​ថ្ងៃសៅរ៍​កន្លងទៅ​ ​ ក្រោយពី​កងកម្លាំង​រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​យោធា​បន្ថែម។

ការទម្លាក់​គ្រាប់បែក​និង​ការវាយ​ប្រហារ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​និង​កាំភ្លើងធំ​ទៅលើ​ទីក្រុង​អាឡេព​ដែលមាន​ប្រជាជន​ប្រមាណ​ពីរលាន​កន្លះ​រស់នៅ​ ​ បាន​បណ្តាល​ឲ្យមាន​អ្នកភៀស​សង្គ្រាម​ប្រមាណ​២០០ ០០០នាក់​ ​ នេះបើ​យោងតាម​អង្គការ​សហប្រជាជាតិ។

នៅលើ​សមរភូមិ​ ​ កងកម្លាំង​បះបោរ​ស៊ីរី​ទទួល​បាន​ជ័យជំនះ​គួរឲ្យ​កត់​សម្គាល់​ ​ ដោយក្តោប​ក្តាប់​យកបាន​ប៉ុស្តឹ៍​ត្រួត​ពិនិត្យ​ដ៏​យុទ្ធសាស្ត្រ​មួយ​នៅ​តំបន់​ អាណាដាន់​ ដែលឋិតនៅ​ចន្លោះ​ប្រទេស​ទួរគី​និង​ទីក្រុង​អាឡេព។​ នៅលើ​វិស័យ​ការទូតវិញ​ ​ បក្ស​ប្រឆាំង​ស៊ីរី​ទទួល​បាន​ការគាំទ្រ​ពី​សំណាក់​លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់​អូបាម៉ា​ និង​ លោកប្រធានាធិបតី​ទួរគី​ Erdogan ​ដែលចង់​ “ពន្លឿន​អភិក្រម​នយោបាយ”។​ ម្យ៉ាងទៀត​ អ្នកការទូត​ជាន់ខ្ពស់​ស៊ីរី​ម្នាក់​ប្រចាំ​ប្រទេស​អង់គ្លេស​ឈ្មោះ​ Khaled al-Ayoubi បាន​សម្រេច​រត់ចោល​របបគ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​នៅពេល​ថ្មីៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI