អានតួអត្ថបទ
កម្ពុជា

គណៈ​​បញ្ជា​ការ​​​សន្តិសុខ​​​អចិន្ត្រៃយ៍​​​សម្រាប់​​​ការ​​បោះ​ឆ្នោត​​ អំពាវនាវ​​​ឲ្យ​​មាន​​​បាតុកម្ម​​​ដោយ​​​សន្តិវិធី​​

ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​ប្រមូលផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​អហិង្សា ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា កន្លងទៅ។
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​ប្រមូលផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​អហិង្សា ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា កន្លងទៅ។ RFI/Siv Channa
ដោយ៖ អ៊ឹម រចនា
១៤ នាទី

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៤​កញ្ញា របស់​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ប្រកាស​ធ្វើ​បាតុកម្ម​៣​យប់​៣​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​អំពាវនាវ​ឲ្យ​អ្នក​ចូលរួម​​ធ្វើ​បាតុកម្ម​ទាំង​អស់ អនុវត្ត​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី និង​ការ​សម្រេច​របស់​ក្រសួង​មាន​សមត្ថកិច្ច។  

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ដែល​​បាន​​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នេះ​ឲ្យ​ដឹង​ថា នឹង​មាន​ការ​ហែ​​ក្បួន​ផង​នោះ ត្រូវ​បាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត វាយ​តម្លៃ​ថា ហាក់​ដូច​ជា​មិន​ស្រប​តាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ ​​មិន​ស្រប​តាម​ការ​សម្រេច​របស់​ក្រសួង​មាន​សមត្ថកិច្ច។

សេចក្ដី​ថ្លែងការណ៍​​ដដែល បាន​​អំពាវនាវ​ដោយ​សេចក្ដី​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ចូល​រួម​ក្នុង​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​នេះ នឹង​អនុវត្ត​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បាតុកម្ម​​ដោយ​សន្តិវិធី និង​ការ​សម្រេច​របស់​ក្រសួង​មាន​សមត្ថកិច្ច។ ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នក​ចូល​រួម​ក្នុង​បាតុកម្ម ​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​នេះ នឹង​ថ្លឹងថ្លែង​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ ធ្វើ​យ៉ាង​ណា​ឲ្យ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី មាន​សន្តិសុខ មាន​សណ្ដាប់​ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា ឬ​ភាព​ចលាចល​ណាមួយ​កើត​ឡើង។

គួរ​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​៣​យប់ រាប់​ចាប់​ពី​ថ្ងៃ​ទី​១៥​កញ្ញា​​ដល់​ថ្ងៃ​ទី​១៧​កញ្ញា។ ក៏​ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​១៣​កញ្ញា​កន្លង​ទៅ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត​ជូន​លោក​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដោយ​បញ្ជាក់​នូវ​គោលការណ៍​​សម្រេច ៤ ចំណុច របស់​ក្រសួង​មហាផ្ទៃ។ ក្នុង​នោះ រួម​មាន៖ អនុញ្ញាត​ឲ្យ​គណបក្ស​​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី តែ​មួយ​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃ​ទី​១៥​កញ្ញា ចាប់​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច នៅ​ទី​លាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការ​ដើរ​​ហែ​​ក្បួន​​តាម​ផ្លូវ និង​ហាម​មិន​ឲ្យ​ធ្វើ​ការ​ប្រមូល​ផ្តុំ និង​ស្នាក់​នៅ​ពេល​យប់ លើ​ទី​លាន​ប្រជាធិប​តេយ្យ ឬ​កន្លែង​សាធារណៈ​ដទៃ​ទៀត​ទេ។ ក្រសួង​មហាផ្ទៃ ក៏​មិន​អនុញ្ញាត​ឲ្យគណបក្ស​សង្គ្រោះជាតិ ធ្វើបាតុកម្ម នៅថ្ងៃទី១៦ និងថ្ងៃទី១៧កញ្ញាឡើយ ដោយហេតុថា ពីរថ្ងៃ​នោះ ត្រូវចំថ្ងៃសិស្សានុសិស្ស​ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬប្រឡង​ឌីប្លូម។ ចំណែកអ្នកចូលរួមបាតុកម្ម ក៏ក្រសួងមហាផ្ទៃ អនុញ្ញាត​មិន​លើស​ពី ១ម៉ឺន​នាក់​​ទេ។

លោក​អភិបាល​ក្រុង ក៏​បាន​គូស​បញ្ជាក់​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សហការ​​ឲ្យ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ត្រូវ​គោរព​ឲ្យ​បាន​ហ្មឹងម៉ាត់ តាម​ស្មារតី​ជំនួប​ពិភាក្សា​គ្នា​កន្លង​មក ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់​​ធ្នាប់​សាធារណៈ ក្នុង​ការ​ធ្វើ​មហាបាតុកម្ម ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ