កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​មិន​អាច​ប្រារព្ធ​ពិធី​បាត់បង់​ទឹកដី​​​កម្ពុជាក្រោម​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ

កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម
កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម ©ម៉េងហួរ

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​លុបចោល​គម្រោង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​​ទី​១០​ខែ​មិថុនា​នេះ​នៅ​ក្នុង​វត្ត​អង្គតាមិញ​ក្នុង​ខណ្ឌដង្កោ​រាជធានី។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ប្រារព្ធ​ពិធី​ដដែល​នេះ​នៅ​ថ្ងៃ​ទី​១៧​មិថុនា​ខាង​មុខ​នៅ​ក្នុង​គេហដ្ឋាន​លោក គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​សមរង្ស៊ី ដែល​ជា​អតីត​ទីស្នាក់​ការ​គណបក្ស​សម រង្ស៊ី។

ផ្សាយពាណិជ្ជកម្ម

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រាប់​អោយ​ដឹង​ថា លោក​មិន​អាច​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​វត្ត​អង្គតាមិញ​ខណ្ឌដង្កោ​រាជធានីភ្នំពេញ​បាន​ទេ​ ពីព្រោះ​គណៈកម្មការ​វត្ត​បាន​ជូន​ដំណឹង​ប្រាប់​លោក​កាល​ពី​​​ថ្ងៃសៅរិ៍​ទី​៩​មិ្សលមិញ​ថា ​វត្ត​មាន​ការ​រៀបចំ​ពិធី​បុណ្យសព​គម្រប់​៧​ថ្ងៃ។ ដោយសារ​តែ​ហេតុផល​នៃ​ពិធីសព​ខាងលើ​នេះ គណៈកម្មការ​វត្ត​ពុំ​អាច​អនុញ្ញាត​អោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​យក​ទីតាំង​វត្ត​ធ្វើ​ពិធី​រម្លឹក​​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឡើយ។

 
លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍ខ្មែរ​ក្រោម​និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​​អាជ្ញាធរ​កម្ពុជា​ដែល​តែងតែ​រំខាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការ​រៀប​ចំទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​រៀង​រាល់​ឆ្នាំ។ ​

បើ​យោង​តាម​លោក ថាច់ សេដ្ឋា ការ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួច​មក​ហើយ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​កន្លង​មក សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​សំណើ​សុំ​រៀប​ចំ​ពិធី​នេះ​នៅ​ពី​មុខ​វត្ត​បទុមវត្តី​ ក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​​សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​ទេ​ ​ដោយហេតុ​ផល​ថា មាន​អង្គការ​ផ្សេង​សុំ​ទីធ្លា​នេះ​​រួច​ជា​មុន​ហើយ​ និង​ម្យ៉ាងទៀត​​ដោយហេតុ​ផល​ការ​បោះឆ្នោត។ នេះ​បើ​យោង​តាម​លោក ថាច់ សេដ្ឋា។

បន្ទាប់​ពី​គម្រោង​ទី​១​បរាជ័យ គម្រោង​ទី​២​ដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​​១០​មិថុនា​នេះ​​នៅ​វត្ត​អង្គ​តាមិញ​ក៏​ត្រូវ​ខកខាន​ដែរ​។

ដោយសារ​តែ​គ្មាន​ជម្រើស​ក្នុង​ការ​រក​ទីតាំង​សម្រាប់​ប្រារព្ធ​ទិវា​ខួប​៦៣​ឆ្នាំ​នៃ​ ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ថ្ងៃ​៤​ខែ​មិថុនា​១៩៤៩-ថ្ងៃទី​៤​ខែ​មិថុនា​២០១២​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​សម្រេច​សុំ​ខ្ចី​ផ្ទះ​លោក​ គង់​គាំ​ ប្រធាន​ស្តីទី​គណបក្ស​សមរង្ស៊ី សម្រាប់​ប្រារព្ធ​ទិវា​នេះវិញ។ ​អង្គ​ពិធី​គ្រោង​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី១៧​ខែ​មិថុនា​ខាង​មុខ​នេះ។

លោក​ថាច់ សេដ្ឋា បាន​បន្ត​ទៀត​ថា​ លោក​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​អោយ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ពិធី​នោះ​ដែរ។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​និមន្ត​ព្រះសង្ឃ​ចំនួន ១៩៤៩ អង្គ​ មក​ធ្វើ​ពិធី​រាប់​បាត្រ​រម្លឹក​​ជូន​ដល់​វិញ្ញាណក្ខន្ធ​មហា​វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​និង​ទឹកដី។
បើ​យោង​តាម​គម្រោង ប្រជាពល​រដ្ឋ​ជិត​២០០០​នាក់​នឹង​ចូលរួម​ក្នុង​ពិធី​​ខួបទី​៦៣​នៃ​ការ​​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ពិធី​នោះ​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​នៃ​ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ គឺ​ព្រះអង្គម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI