អានតួអត្ថបទ
កម្ពុជា​

លោក ហ៊ុនសែន ព្រមាន​ចាប់​ទំាង​មន្រ្តី និង​ជនល្មើស ក្នុង​ករណី​គ្រឿងញៀន និង​ព្រៃឈើ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ ®​សុវណ្ណារ៉ា
ដោយ៖ អ៊ឹម ណាវិន
២០ នាទី

នៅព្រឹកថ្ងៃចន្ទទី ១៤មីនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ជន​ល្មើស​ជួញ​ដូរ​ព្រៃឈើ និង​គ្រឿង​ញៀន​អោយ​ប្រញាប់​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់។ ចំណែក​ឯ​មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ឋ ជាមួយ​បទ​ល្មើស​ទំាងពីរ​វិញ​ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​​ព្រមាន​ដូចគ្នា​ថា ត្រូវ​តែ​ប្រញាប់​ដក​ខ្លួន​ចេញ​ពី​បទល្មើស​ទំាង​នោះ​បើ​មិន​ចង់​ដេក​គុក​នោះ​ទេ។ មន្រ្តី​សង្គម​ស៊ីវិល បាន​ស្វាគម​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី ពីព្រោះ​វា​ចំ​ពេល ដែល​បទ​ល្មើស​ព្រៃឈើ និង​គ្រឿង​ញៀន កើត​មាន​ពេញ​ផ្ទៃ​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អ៊ឹម ណាវិន ពីទីក្រុង​ភ្នំពេញ

“ជនល្មើសគ្រឿងញៀន ជនល្មើសព្រៃឈើ គួរ​តែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ពី​ពេល​នេះទៅ ដើម្បីថែរក្សាជីវិត សម្រាប់ចូលរួមពីធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ​នឹង​មក​ដល់​រយៈពេល​មួយ​ខែ​ខាងមុខ​នេះ ប្រសើរ​ជាង​ពេល​ចូល​ឆ្នាំថ្មី ខ្លួន​​បែ​រ​​​ជា​ចូល​ដេក​គុក”  នេះ​ជា​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា ទៅ​ដល់​ជន​ល្មើស​គ្រឿងញៀន និង​ព្រៃឈើ។

ថ្លែង​​ក្នុង​​ឱកាស​​ចែក​​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ នៅ​ព្រឹក​ថ្ងៃទី​១៤​មីនា​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​ត្រឹមតែ​ព្រមាន​ដល់​ជនល្មើស​នោះ​ទេ​តែ​លោក​បាន​រម្លឹក​ដល់ ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ បន្ត​ចាត់​វិធានការ​​យ៉ាង​ម៉ឺង​ម៉ាត់​ប្រឆាំង​​ក្រុម​ល្មើស ជួញ​ដូរ​គ្រឿង​ញៀន និង​ជួញដូរ​ព្រៃ​ឈើ។

អ្វី​ជា​ការ​កត់​សម្គាល់​របស់​ប្រមុខ​រដ្ឋាភិបាល​ថា ក្រុម​ជនល្មើស​តែងតែ​ឆ្លៀត​ឱកាស​ពេល រដ្ឋាភិបាល​កំពុង​​ជាប់​ដៃ​ក្នុង​រឿង​អ្វីមួយ​ ដូច​ជា​ក្នុង​ឆ្នាំ​២០០២ ពេល​ដែល​រដ្ឋាភិបាល​មមា​ញឹក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់ ក្រុម​​ឈ្មួញ​ក៏​នាំគ្នា​សម្រុក​ដឹកឈើ និង​រត់​គ្រឿងញៀន​ នៅ​ពេល​នេះទៀត ពេល​ដែល​រដ្ឋាភិបាល កំពុង​ទប់​ទល់​ការ​ឈ្លានពាន​ទឹកដី ពី​បរទេស​ពួក​ជន​ល្មើស​ក៏​ឆ្លៀត​ឱកាស​ជួញ​ដូរ​គ្រឿង​ញៀន និង​ព្រៃឈើ​ទៀត។

បើតាម​ប្រមុខ​រដ្ឋាភិបាល ករណី​បទល្មើស​មួយ​ចំនួន​អាច​កើត​មាន ដោយសារ​តែ​ការបើក​ដៃ​ពី​អាជ្ញាធរ​ពី​សមត្ថកិច្ច ជា​អ្នក​អនុវត្ត​ច្បាប់។ ​សមត្ថកិច្ច​ខ្លះ​បាន​ទទួល​សំណូក​ប្រចំា​ខែ​ពី​ជន​ល្មើស សមត្ថកិច្ច​ខ្លះ​ទៀត ចាប់​ជន​​ល្មើស​បាន តែ​បែរ​ជា​កែប្រែ​សំណុំ​រឿង​ពី​ធំ​មក​តូច សម្រាល​ទោស​អោយ​ជនល្មើស​ទៅវិញ។ លោក ហ៊ុន សែន ព្រមាន​ថា​សមត្ថកិច្ច​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បែប​នោះ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន។ ប្រយ័ត្ន​ខ្លួន​ពីព្រោះ មាន​គំរូ​ស្រាប់​ហើយ​​​មិន​ថា​ផ្កាយ​មួយ ផ្កាយ​ពីរ​ទេ អោយ​តែ​ខុស​គឺ​ចាប់​ផ្តន្ទាទោស​ទំាងអស់។

ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី មិនមែន​ជា​លើក​ទី​១​ក្តី តែ​វា​នៅ​តែ​បទ​បញ្ជា​មួយ​ដែល​មាន​ប្រសិទ្ឋិភាព សម្រាប់​ការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន និង​ព្រៃឈើ។ ​​លោក​ ចាន់ សុវ៉េត ប្រធាន​ផ្នែក​ស៊ើប​អង្កេត អង្គការ​សិទ្ឋិ​មនុស្ស​អាដហុក បាន​ចាត់ទុក ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ថា​ជា​អាវុធ​មួយ​ក្នុង​ការទប់ស្តាត់​បទល្មើស​គ្រឿង​ញៀន​ និង​ព្រៃឈើ។​

បទល្មើស​គ្រឿងញៀន​មាន​នៅ​គ្រប់​កន្លែង ក្នុង​ប្រទេស។ ចំណែក​ឯ​បទ​ល្មើស​ព្រៃឈើ​ធំៗ​​កំពុង​កើត​មាន​ពេញ​បន្ទុក តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ព្រះវិហារ កំពង់ធំ រតនគីរី និង កោះកុង​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ