អានតួអត្ថបទ
បារាំង

ប្រាក់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​Sarkozy​ គ្មាន​សុពលភាព​

អតីតប្រធានាធិបតី​បារាំង​ លោក Nicolas Sarkozy
អតីតប្រធានាធិបតី​បារាំង​ លោក Nicolas Sarkozy REUTERS/Yves Herman
ដោយ៖ ព្រំ សឿន សូលីណា
១២ នាទី

នៅ​ប្រទេស​បារាំង ទឹកប្រាក់​ប្រើ​​សំរាប់​យុទ្ធនាការឃោសនា​​បោះ​ឆ្នោតប្រធានាធិបតី​​​​ ក្នុង​ឆ្នាំ​២០១២ ​របស់​បេក្ខជនប្រធានាធិបតី​​ Nicolas Sarkozy មិន​មាន​សុពលភាព​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ប្រកាស​បញ្ជាក់​​​ជាសាធារណៈ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​​​​​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ក្នុង​ការ​ឃោសនា​បោះឆ្នោត​​​​ប្រធានាធិបតី​ឆ្នាំ​២០១២ គណបក្ស​ស្តាំនិយម​​របស់​លោក​ Sarkozy បាន​​ចាយវាយ​ប្រាក់​​​​លើស​ពី​កំរិត​កំណត់​​ដែល​បាន​ចែង​ក្នុង​ច្បាប់​ដល់​ទៅ​២,១​ភាគរយ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​គណកម្មការ​​ជាតិ​ទទួលបន្ទុក​ឃោសនាការ​និង​ហិរញ្ញវត្ថុ​​​នយោបាយ​បារាំង​ គណបក្ស​ស្តាំនិយម UMP របស់​លោក​ Nicolas Sarkozy បាន​ចាយវាយ​​​ប្រាក់​លើស​កម្រិតកំណត់​ដែល​ចែង​ក្នុង​ច្បាប់​ដល់​ទៅ​​​​២,១​ភាគរយ​ នៅ​​ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​​​ប្រធានាធិបតី​ កាល​ពី​ឆ្នាំ​២០១២។ តាម​គោលការ​​ បេក្ខ​ជន​​ជាប់​ឆ្នោត​​​ឈរ​ឈ្មោះ​ក្នុង​​ជុំទីពីរ​នៃ​ការ​បោះឆ្នោត​ប្រធានាធីបតី មាន​សិទ្ធិ​ប្រើ​ទឹកប្រាក់​​ ២២ លាន​ ៥​សែន​ ៩​ពាន់​អឺរ៉ូ ដើម្បី​ធ្វើ​ការ​ឃោសនា។

និយាយ​ជារួម គណបក្ស​ស្តាំនិយម UMP ​របស់​អតីតប្រធានាធិបតីបារាំង ​ត្រូវ​សង​ទៅ​ផ្នែក​ហិរញ្ញវត្ថុជាតិ​បារាំង​វិញ។ លើសពីនេះ​ ​​​​​​រដ្ឋបារាំង​នឹង​មិន​សង​នូវ​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង​១០លាន ៦សែន​អឺរ៉ូ​ សំរាប់​ការចាយវាយ​យុទ្ធនាការ​បោះឆ្នោត​កន្លងមក​ ដូច​ជា​ការ​រង់ចាំ​​របស់​​គណបក្ស​ស្តាំ​និយម​នោះ​ទេ។ គណបក្ស​ UMP ដែល​កំពុងតែ​ប្រឈម​មុខ​នឹង​​បញ្ហាថវិកា​​ប្រាក់កាស​ បាន​ប្រកាស​​ស្វែង​រក​ប្រាក់​ជំនួយ ដើម្បី​​​​ដោះស្រាយ​បញ្ហានេះ។

រឿង​ដែល​គេ​ចាប់​អារម្មណ៍​នោះ​ គឺ​ថា​ប្រាក់​ដែល​ចាយវាយ​​​ក្នុង​ការ​រៀបចំ​​កិច្ច​ប្រជុំ​ធំ​​មួយ​​របស់​គណបក្ស​ UMP កាលពី​​ខែមិនា ឆ្នាំ​២០១២ គឺ​​មាន​ប្រមាណ​ជា​បីលាន​អឺរ៉ូ។ បើ​យោងតាម​ គណកម្មការ​​ជាតិ​ទទួលបន្ទុក​ឃោសនាការ​និង​ហិរញ្ញវត្ថុ​​​នយោបាយ​ គណបក្ស​ UMP ​ត្រូវ​ប្រើថវិកា​​ផ្ទាល់​ខ្លួន ៨០ភាគរយ​ ដើម្បី​រៀបចំ​កិច្ច​ប្រជុំនេះ។ ប៉ុន្តែ​​គណបក្ស​ស្តាំនិយម​មួយ​នេះ​ បាន​ចាយវាយ​ថវិកា​ផ្ទាល់​ខ្លួន​ត្រឹមតែ​​៥០ភាគរយ​ប៉ុណ្ណោះ។

គណកម្មការ​បាន​សំរេច​ច្រានចោល​សុពលភាព​នៃ​ថវិកា​​ប្រើ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Sarkozy តាំងពី​ខែធ្នូ​ឆ្នាំ​២០១២​ម្ល៉េះ។ ប៉ុន្តែ​គ្រាន់​តែនៅ​​មិន​ទាន់​បាន​ប្រកាស​ជាសាធារណៈ។

អតីតប្រធានាធិបតី​បារាំង លោក Sarkozy បាន​​ដកខ្លួន​ចេញ​ពី​​​​​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ មេធាវី​របស់​លោក​កំពុង​តែ​​ធ្វើការ​ការពារ​រូបលោក​ ប្រឈម​មុខ​នឹង​បញ្ហាអាស្រូវ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ