សាររម្លែកទុក្ខជាតិ និងអន្តរជាតិចំពោះការសោយទិវង្គតរបស់សម្តេចឪ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាររម្លែកទុក្ខពីប្រទេសជាមិត្តរបស់កម្ពុជាចំពោះការសោយទិវអង្គតរបស់អង្គអតីតព្រះមហាវីរៈក្សត្រត្រូវបានផ្ញើមកដល់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងការកាន់ទុក្ខចំនួន៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣តុលា។ ក្នុងរយៈពេលនេះ ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ត្រូវបានស្នើអោយរៀបចំកម្មវិធីយ៉ាងសមញ្ញ មិនអោយមានកម្មវិធីសប្បាយ ហើយថា ពិធីករ ពិធីការិនីនៅតាមស្ថានីយទូរទស្សន៍ក៏ត្រូវស្លៀកសំលៀកបំពាក់កាន់ទុក្ខផងដែរ។
លោកប្រធានាធិបតីបារាំង Francois Hollande បានសម្តែងសមានទុក្ខក្រៀមក្រំបំផុតចំពោះការសោយទិវង្គតរបស់សម្តេចឪនរោត្តម សីហនុ។ នៅក្នុងសាររម្លែកទុក្ខដែលលោកបានផ្ញើមករដ្ឋាភិបាលកម្ពុជា លោកប្រធាធិបតីបារាំងបានរម្លឹកអំពីការលះបង់ និងស្នាដៃធំៗរបស់អង្គសម្តេចតា ពិសេសការការពារវប្បធម៌ ហ្វ្រង់កូហ្វូនី ដែលរួមមានភាសា និងសិល្បៈនៃប្រទេសនិយាយភាសាបារាំង។
លោក Francois Hollande បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លានិងជាប្រវត្តិសាស្ត្ររវាងព្រះមហាវីរៈក្សត្រ និងប្រទេសបារាំង ហើយដែលតាមរយៈព្រះអង្គ ទំនាក់ ទំនងទាំងនេះ បានរួមចំណែកធ្វើអោយប្រទេសជាតិ និងប្រជាជនយើងទាំងពីរកាន់តែខិតចូលគ្នា។ ជាស្ថាបនិកនៃឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេសរបស់ទ្រង់ដោយមិនចេះនឿយហត់លើឆាកអន្តរជាតិ។ សម្រាប់មនុស្សភាគច្រើន ព្រះអង្គគឺជានិមិត្តរូបនៃនយោបាយអាស៊ីមួយដែលលើកតម្កើងនូវសមភាព និងការការពារអធិបតេយ្យភាពនៃប្រជាជាតិនានា"។
ពីប្រទេសកូរ៉េខាងជើងដែលជាមិត្តភក្ររបស់សម្តេចឪដែរនោះ មេដឹកនាំរបបព្យុងយ៉ាង លោក គីម ជុងអ៊ុនក៏បានថ្លែងក្តីរម្លែកទុក្ខដ៏ស្មោះស្ម័គ្រជាមួយរាជ្សានុវង្សកម្ពុជាចំពោះការបាត់បង់ព្រះជន្មរបស់សម្តេចឪនរោត្តមសីហនុផងដែរ។
ងាកទៅសហរដ្ឋអាមេរិកវិញដែលធ្លាប់គាំទ្ររបបលន់ នល់ទម្លាក់សម្តេចសីហនុពីអំណាចនោះក្នុងឆ្នាំ១៩៧០នោះ តាមរយៈអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក រដ្ឋាភិបាលអាមេរិកបានសម្តែងការរម្លែកទុក្ខជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី សម្តេចម៉ែមុនីនាថ សីហនុ និងប្រជាជនកម្ពុជាទាំងអស់។
ពីប្រទេសសឹង្ហបុរីវិញ សាររម្លែកទុក្ខមានមកពីលោកប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសផង។ ក្រៅពីការសម្តែងការរម្លែកទុក្ខ លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុងបានរម្លឹកអំពីស្នាព្រះហស្ថរបស់សម្តេចឪដែលធ្វើអោយកម្ពុជានិងសឹង្ហបុរីក្លាយជាមិត្តជិតស្និទ្ធគ្នា ហើយថាកម្ពុជាគឺជាប្រទេសមួយដែលបានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរីនៅក្នុងឆ្នាំ១៩៦៥។
នៅក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើសារសម្តែងទុក្ខក្រៀមក្រំ ដោយចាត់ទុកការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃអង្គសម្តេចព្រះមហាវីរក្សត្រនាឱកាសនេះ គឺជាការបាត់បង់តួអង្គអតីតព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមគ្មានគូប្រដូចមួយព្រះអង្គ។
រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងការកាន់ទុក្ខចំនួន៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣តុលា។ ក្នុងរយៈពេលនេះ ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ត្រូវបានស្នើអោយរៀបចំកម្មវិធីយ៉ាងសមញ្ញ មិនអោយមានកម្មវិធីសប្បាយ ហើយថា ពិធីករ ពិធីការិនីនៅតាមស្ថានីយទូរទស្សន៍ក៏ត្រូវស្លៀកសំលៀកបំពាក់កាន់ទុក្ខផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ