បាតុកម្មប្រឆាំងលោក កឹម សុខា ត្រូវបានកំណត់ធ្វើនៅថ្ងៃ៩ មិថុនា
ចុះផ្សាយនៅថ្ងៃ៖
ដូចដែលបានគ្រោងមែននៅព្រឹកនេះ លោក ជុំ មី ជនរងគ្រោះរស់រានមានជីវិតពីគុកទួលស្លែង បានធ្វើសន្និសីទកាសែត បញ្ចប់ឱសាននុវាទនៃការសុំទោសរបស់លោក កឹម សុខា ដែលបាននិយាយថាគុកទួលស្លែងជាគុកសិប្បនិម្មិត្ត។ ក្នុងសន្និសីទ ដែល លោក ជុំ ម៉ី ថ្លែងលាយឡំជាមួយទឹកភ្នែកផងនោះ លោកបានបញ្ជាក់ថា ថ្ងៃអាទិត្យ ទី៩ មិថុនា គឺជាមហាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា។
ប្រធានសមាគមជនរងគ្រោះរបបខ្មែរក្រហម នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសធ្វើបាតុកម្មមនុស្ស២ម៉ឺននាក់ ប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងវិលត្រឡប់ពីសហរដ្ឋអាមេរិកវិញនៅថ្ងៃ៤ មិថុនានេះដែរ។
លោក ជុំ ម៉ី បានថ្លែងឱ្យដឹងថា ថ្ងៃឱសានវាទនៃការសុំទោសរបស់លោក កឹម សុខា ចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះនៅគុកទួលស្លែងបានមកដល់ហើយ។ តែលោក កឹម សុខា នៅរឹងទទឹង មិនព្រមទទួលកំហុសដដែល។ ដូច្នេះ មហាបាតុកម្ម ប្រឆាំងលោក កឹម សុខា នឹងផ្ទុះឡើងនៅថ្ងៃអាទិត្យទី៩ មិថុនាខាងមុខនេះ ដោយមានមនុស្ស២ម៉ឺននាក់ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ក្រុងភ្នំពេញ។ ដោយឡែកមនុស្ស២ពាន់នាក់ នឹងដង្ហែក្បូនទៅកាន់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅ ក្នុងសង្កាត់ភ្នំពេញថ្មី ក្រុងភ្នំពេញ។
លោក ជុំ ម៉ី ដែលបានថ្លែងទាំងបង្ហូរទឹកភ្នែក ក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ បានអះអាងថា ប្រសិនបើសម្លេងដែល លោក កឹម សុខា និយាយថា គុកទួលស្លែងជាឆាករៀបចំនោះ ត្រូវគេកែច្នៃមែន សុំឱ្យលោក កឹម សុខា យកសម្លេងដើមមកផ្ទៀងផ្ទាត់គ្នា ដើម្បីដឹងការពិត។
លោក ជុំ ម៉ី បន្តថាបាតុកម្មដែលលោក ជាអ្នកដឹកនាំនោះ មិនមានការគាំទ្រពីគណបក្សនយោបាយណាមួយទេ។ ហើយក៏គ្មានគោលដៅគាំទ្រគណបក្សនយោបាយណាមួយដែរ។ យ៉ាងណាក៏ដោយ បក្សប្រឆាំងបានចោទថា នេះជាការរៀបចំដើម្បីគោលដៅនយោបាយ។ គួរបញ្ជាក់ថា បាតុកម្ម ដែលប្រឆាំងប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ គឺធ្វើឡើងខណៈដែលការបោះឆ្នោតតំណាងរាស្ត្រនឹងមកដល់នៅខែកក្កដាខាងមុខ។ មួយវិញទៀត សភាកម្ពុជានៅថ្ងៃសុក្រសប្តាហ៍នេះ នឹងអនុម័តច្បាប់ដាក់ទោសទណ្ឌលើជនណាដែលនិយាយថាគ្មានរបបខ្មែរក្រហមនៅកម្ពុជាទៀតផង។
ប៉ុន្តែ បាតុកម្មដែលគ្រោងធ្វើនៅថ្ងៃ៩ មិថុនាដែលមានបាតុករភាគច្រើនជាជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះ គ្មានវត្តមាន លោក ប៊ូ ម៉េង ដែលជាជនរងគ្រោះនៅរស់រានមានជីវិតពីគុកទួលស្លែង និងជាអនុប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហមទេ។ លោក ប៊ូ ម៉េង បានអះអាងថា លោកចង់នៅអព្យាក្រិត មិនចូលរួមបាតុកម្ម និងមានគោលការណ៍ផ្សះផ្សាជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ