ពលរដ្ឋបឹងកក់ និងបុរីកីឡា តវ៉ាមុខរដ្ឋសភា ទាមទារឲ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ
នៅថ្ងៃរម្លឹកខួប លើកទី១៩ឆ្នាំ នៃថ្ងៃប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ថ្ងៃ២៤កញ្ញា នាព្រឹកថ្ងៃចន្ទនេះ ក្រុមអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជាស្ត្រី និងកុមារ បានប្រមូលផ្តុំ លើកបដា និងស្រែកតវ៉ា នៅមុខរដ្ឋសភា ទាមទារឲ្យរដ្ឋាភិបាល រដ្ឋសភា និងតុលាការ គោរពរដ្ឋធម្មនុញ្ញ ពិសេសគឺការទាមទារសិទ្ធិលំនៅដ្ឋាន និងដោះលែងស្ត្រីបឹងកក់ និងស្ត្រីបុរីកីឡាពីរនាក់ ដែលត្រូវតុលាការ ចោទប្រកាន់ និងឃុំខ្លួន នៅពន្ធនាគារព្រៃស កាលពីដើមខែកញ្ញានេះ។ ចំណែកសង្គមស៊ីវិលវិញ មើលឃើញថា រយៈពេល ១៩ ឆ្នាំនេះ រដ្ឋធម្មនុញ្ញ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃ២៤កញ្ញា ឆ្នាំ១៩៩៣ មិនត្រូវបានអនុវត្តឲ្យបានពេញលេញទេ។
ចុះផ្សាយនៅថ្ងៃ៖
មុននឹងដកហូតកម្មសិទ្ធិដីធ្លី ត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។ នេះជាការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៤៤ ដែលត្រូវក្រុមអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា បានស្រែកតវ៉ា ក្នុងពេលជួបជុំ លើកបដាតវ៉ា នៅមុខរដ្ឋសភា នាព្រឹកថ្ងៃចន្ទនេះ។ ថ្ងៃនេះ ជាខួប ១៩ ឆ្នាំ នៃថ្ងៃប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៤កញ្ញា ឆ្នាំ១៩៩៣។
ក្រុមស្ត្រី និងកុមារនៅបឹងកក់ និងអ្នកបុរីកីឡា បានស្រែកមេក្រូ ទាមទារឲ្យរដ្ឋាភិបាលអនុវត្តរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះ ដោយអយុត្តិធម៌ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។ ក្រុមអ្នកតវ៉ា នៅមុខរដ្ឋសភា នាព្រឹកមិញ បានបរិហារថា ប្រព័ន្ធតុលាការ សព្វថ្ងៃ មិនឯករាជ្យ និងមិនអនុវត្តរដ្ឋធម្មនុញ្ញទេ តែបែរជាចាប់ប្រជាពលរដ្ឋ ដែលតវ៉ា ការពារផ្ទះខ្លួនឯង ដាក់ពន្ធនាគារទៅវិញ។
ក្រុមអ្នកភូមិ បានឧទ្ទិសទិវារដ្ឋធម្មនុញ្ញ នៅថ្ងៃចន្ទនេះ ឲ្យរដ្ឋាភិបាល និងតុលាការ គោរពច្បាប់ ហើយដោះលែងប្រជាពលរដ្ឋនៅបឹងកក់ និងបុរីកីឡា គឺអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ដែលតុលាការឃុំខ្លួនកាលពីដើមខែកញ្ញា ឲ្យមានសេរីភាពឡើងវិញ។ រដ្ឋាភិបាល ក៏ត្រូវគោរពសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយបញ្ឈប់ការបណ្ថេញប្រជាជនដោយបង្ខំ និងផ្តល់សំណង់សមរម្យ ក្នុងជម្លោះដីធ្លី។
នៅថ្ងៃរម្លឹកខួប ១៩ ឆ្នាំ នៃថ្ងៃប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ថ្ងៃ២៤កញ្ញា ឆ្នាំ១៩៩៣ អង្គការសង្គមស៊ីវិល និងអ្នកវិភាគសង្គម ព្រមទាំងគណបក្សប្រឆាំង មើលឃើញថា រដ្ឋធម្មនុញ្ញ មិនត្រូវបានអនុវត្តពេញលេញទេ ពិសេសអំណាចរដ្ឋសភា រដ្ឋាភិបាល និងអំណាចតុលាការ មិនទាន់ឯករាជ្យពីគ្នា ដូចការកំណត់ក្នុងរដ្ឋធម្មនុញ្ញនៅឡើយ។
ក៏ប៉ុន្តែលោក ជាម យៀប សមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានអះអាងថា កម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញ ក្នុងនោះ មានដូចជា អនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតទៀងទាត់ តាមកាលកំណត់ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ