ថៃ

តុលាការ​ធម្មនុញ្ញ​ថៃ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​គណបក្ស​របស់​លោកអាភីស៊ីត

លោក​អាភីស៊ីត នាយករដ្ឋមន្រ្តី​ថៃ​អាច​នឹង​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​ចូល​ប្រលូក​ក្នុង​នយោបាយ​ ៥​ឆ្នាំ ប្រសិន​បើ​តុលាការ​រកឃើញ​គណបក្ស​របស់​គាត់បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ
លោក​អាភីស៊ីត នាយករដ្ឋមន្រ្តី​ថៃ​អាច​នឹង​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​ចូល​ប្រលូក​ក្នុង​នយោបាយ​ ៥​ឆ្នាំ ប្រសិន​បើ​តុលាការ​រកឃើញ​គណបក្ស​របស់​គាត់បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ ©Reuters

នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​នឹង​ប្រកាស​សាលក្រម ដែល​សម្រេច​ពី​ជោគវាសនា​របស់​គណបក្ស​ប្រជាធិបតេយ្យ ដឹកនាំ​បច្ចុប្បន្ន​ដោយ​លោក​អាភីស៊ីត វាចាជីវ៉ា។ ប្រសិន​បើ តុលាការ​រកឃើញ​ថា គណបក្ស​របស់​លោក​អាភីស៊ីត​ពិត​ជា​បាន​ប្រពឹ្រត្ត​អំពើ​ពុករលួយ​មែន គណបក្ស​នេះ​នឹង​ត្រូវ​គេ​រំលាយ ចំណែក ថ្នាក់ដឹកនាំ​ធំៗ​របស់​គណបក្ស​ដែល​រួម​ទាំង​លោក​អាភីស៊ីត​ផង​នឹង​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​រយៈពេល ៥​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ នោះ​គឺ​ចាប់តាំង​ពី​ក្រុមអាវក្រហម ​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត ចេញ​មុខ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក​អាភីស៊ីត សាលក្រម​ដែល​សម្រេច​ពី​ជោគវាសនា​របស់​គណបក្ស​របស់លោក​​អាភីស៊ីត ជា​រឿង​មួយ​ដែល​គេ​កំពុង​ទន្ទឹង​រង់ចាំ។

 
ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​តុលាការ​ធម្មនុញ្ញ​ប្រកាស​ពី​ការសម្រេចចិត្ត​របស់​ខ្លួន ទាំងគ្រប់​ភាគី​រឿងក្តី​ដោយ​រាប់​តាំងពី​គណបក្ស​របស់​លោក​អាភីស៊ីត​ផង មាន​ការ​ព្រួយ​បារម្ភ​ជាមុន​រួចទៅហើយ។ ព្រួយ​បារម្ភ​ព្រោះថា ការកាត់បន្ថយ​ចំនួន​ចៅក្រម​ពី ៧ នាក់ មក​ត្រឹម ៦​នាក់​សម្រាប់​រឿងក្តី​នេះ នឹង​ធ្វើឲ្យ ការសម្រេចចិត្ត​របស់​តុលាការ​មាន​លក្ខណៈ​ ស្រពេចស្រពិល មិនដាច់ស្រេច។ មិនដាច់ស្រេច ពីព្រោះ នៅក្នុង​ការប្រកាស​សាលក្រម​លើក​នេះ ចៅក្រម ៣រូប អាច​គាំទ្រ​ឲ្យ​មាន​ការរំលាយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កាន់អំណាច ចំណែក​ចៅក្រម​បីរូប​ទៀត​ប្រឆាំង។

 
គួរជម្រាបជូនថា ការពិចារណា​របស់​ចៅក្រម​លើកនេះ​ផ្តោត​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ ដែល​ស្នើសុំ​ឲ្យ​គេ​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​ចោទ​គណបក្ស​របស់​លោក​អាភីស៊ីត​ថា បាន​ប្រពឹ្រត្ត​អំពើពុករលួយ និង​ប្រើប្រាស់​លុយ​ជំនួយ​ច្រើន ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០០៥។ សកម្មភាព​ មិន​ប្រក្រតី​នេះ​គឺ​វា​ខុស​ទៅ​នឹង​ច្បាប់​បោះឆ្នោត។

ប៉ុន្តែ សម្រាប់​លោក​ស៊ូថេប ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ គណបក្សប្រជាធិបតេយ្យ​មិន​បាន​ប្រព្រឹត្ត​​កំហុស​ទៅ​តាម​ការចោទ​ប្រកាន់។ រហូតមកដល់​ពេលនេះ គណបក្ស​នេះ​នៅ​មិន​ទាន់​មាន​ផែនការ​ថ្មី​ណាទេ ដោយ លោក​ស៊ូថេប​ជឿជាក់​ថា តុលាការ​ធម្មនុញ្ញ​នឹង​មិន​ប្រកាស​រំលាយ​គណបក្ស​ដែល​មាន​វ័យ​ចំណាស់​៦០​ឆ្នាំ​នោះទេ។

អ្នកតាមដាន​នយោបាយ​ថៃ​មួយ​ចំនួន​ក៏​វាយតម្លៃ​ដែរ​ថា តុលាការ​នឹង​មិន​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ។ បើទោះជា​តុលាការ​ធម្មនុញ្ញ​មាន​អំណាច​ខ្លាំង​ក្នុង​ប្រទេស​ថៃ រហូត​បាន​ដក កន្លងមក នាយករដ្ឋមន្រ្តី​ពីររូប​ចេញ​ពី​តំណែង រាប់ទាំង​លោក​ថាក់ស៊ីន ប៉ុន្តែ​នៅពេល​នេះ គេ​ហាក់​មាន​ការអល់អែក នឹង​ផ្តល់​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​តុលាការថៃ។ នោះ​ក៏ព្រោះថា ចង់ ឬ​មិន​ចង់ គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន មាន​ពួកអ្នកមាន​អំណាច គាំទ្រ នៅ​ពី​ក្រោយខ្នង ដោយ​រួម​ទាំង​គ្រួសារ​រាជវង្ស និង​ពួក​កងទ័ព។ អ្នកទាំងនេះ ត្រូវការ​គណបក្ស​មួយ​ត្រូវ​ដែល​មាន​អ្នកដឹកនាំ​មួយ​មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស​ដែល​កំពុង​លង់ខ្លួន នៅ​ក្នុង​វិបត្តិ​នយោបាយ​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI