លីប៊ី

អន្តរជាតិ​យល់ព្រម​បង្កើត​មូលនិធិ​ជួយ​ក្រុម​បះបោរ​លីប៊ី

នាយក​រដ្ឋមន្ត្រីកាតារ​ (ឆ្វេង) ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី (កណ្តាល) និងសមភាគីអេមីរ៉ាត​អារ៉ាប់​រួម(ស្តាំ) នៅទីក្រុង​រ៉ូម ថ្ងៃ​ទី ៥​ឧសភា ២០១១
នាយក​រដ្ឋមន្ត្រីកាតារ​ (ឆ្វេង) ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី (កណ្តាល) និងសមភាគីអេមីរ៉ាត​អារ៉ាប់​រួម(ស្តាំ) នៅទីក្រុង​រ៉ូម ថ្ងៃ​ទី ៥​ឧសភា ២០១១ AFP / Tiziana Fabi

ក្រុម​ប្រទេស​ដែល​ចូល​រួម​ដោះ​ស្រាយ​វិបត្តិ​នៅ​លីប៊ី សរុប​ចំនួន​២២​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​៦ មាន​ជា​អាទិ៍​អង្គការ​អូតង់ និង សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ឧសភា ២០១១ ​ម្សិលមិញ​ នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី។ ពួក​គេ​បាន​សម្រេច​បង្កើត​​មូលនិធិ​ពិសេស​មួយ​ ជា​បណ្តោះ​អាសន្ន​ សម្រាប់​ជួយ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី តំណាង​អ្នក​ប្រឆាំង​បះបោរ​នឹង​របប​លោក​កាដាហ្វី។

ផ្សាយពាណិជ្ជកម្ម

គោល​ការណ៍​នៃ​​ការ​បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ពិសេស​នេះ គឺ​ដើម្បី​អាច​បង្វែរ​ថវិកា​ ប្រកប​ដោយ​តម្លាភាព​ ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល ដែល​ ជា​ច្រើន​ថ្ងៃ​មកហើយ បាន​ថ្ងួច​ថ្ងូរ​​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ ប្រមាណ​បីពាន់​លាន​ដុល្លារ ដើម្បី​យក​ទៅ​បើក​​ប្រាក់​​ខែ​ជូន​បុគ្គលិក - ឧបត្ថម្ភ​ផ្នែក​សុខាភិបាល ព្រម​ទាំង​ដើម្បី​ទិញ​ស្បៀង​អាហារ។

មូលនិធិ​ពិសេស​សម្រាប់​ជួយ​ពួក​អ្នក​បះបោរ​លីប៊ី ដែល​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សហគមន៍​អន្តរជាតិ នឹង​ត្រូវ​ដំណើរការ​បាន​នៅ​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​ទៀត។ ទឹក​ប្រាក់​ដំបូង ដែល​សុទ្ធសឹង​ជា​ជំនួយ​ ឬ​ការ​ឲ្យ​ខ្ចី មាន​តម្លៃ​​​ប្រមាណ​ ២៥០​លាន​ដុល្លារ។ ប្រទេស​កូវែត បាន​សន្យា​ផ្តល់​ ១៨០​លាន​ដុល្លារ ប្រទេស​កាតារ ប្រមាណ​ពី​៤​ទៅ​៥រយ​​លាន។

ប្រទេស​ផ្សេង​ៗទៀត​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ប្រជុំ​ម្សិលមិញ និង​ជា​ពិសេស​សហរដ្ឋ​​អាមេរិក​បាន​ប្រកាស​​​ពី​ចេតនា​ចង់​គាស់​យក​ធនធាន​ក្នុង​ធនាគារ​របស់​លោក កាដាហ្វី និង​ក្រុម​គ្រួសារ​ នៅ​បរទេស​យក​ទៅ​បំពេញ​ហិប​មូលនិធិនេះ។ ធនធាន​​​ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ផ្អាប់​ទុក តាំង​ពី​ពេល​ផ្ទុះ​ចលនា​បះបោរ​មក មាន​តម្លៃ​សរុប​ប្រមាណ​ជាង​៦០​ពាន់​លាន​ដុល្លារ។

ប៉ុន្តែ រហូត​មកទល់​ពេល​នេះ មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​​ជា​ផ្លូវការ។ ដូច្នេះ​ការ​បង្វែរ​ប្រាក់​លោក​កាដាហ្វី​នៅ​បរទេស​ទៅ​ឲ្យ​ក្រុម​អ្នក​បះបោរ​ ពិត​ជា​រឿង​មួយ​ដែល​មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិ​ច្បាប់​អន្តរជាតិ។

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី របស់​លោក​ កាដាហ្វី​ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម ប្រឆាំង​នឹង​សេចក្តី​សម្រេច​​ក្នុង​ជំនួប​នៅ​ទីក្រុង​រ៉ូម​ម្សិលមិញ ដោយ​បាន​​បរិហារ​ថា អន្តរជាតិ​កំពុង​បញ្ចេញ​សកម្មភាព​ដូចជា​​​ពួក​ចោរ​សមុទ្ទ បំពាន​លើ​ប្រទេស​លីប៊ី ដែល​​ជា​រដ្ឋ​មួយ​ឯករាជ្យ​ មាន​​អធិបតេយ្យ​​​ពេញលក្ខណៈ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI