គណបក្សប្រជាធិបតេយ្យចាប់ផ្តើមសមាជនៅទីក្រុង Charlotte
នៅសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សសាធារណរដ្ឋ ឥឡូវនេះដល់វេនគណបក្សប្រជាធិបតេយ្យម្តងដែលត្រូវបើកសមាជរបស់ខ្លួន។ សមាជដែលត្រូវចាប់ផ្តើមពីថ្ងៃអង្គារ ទី៤ កញ្ញានេះនៅក្នុងទីក្រុង Charlotte នៃរដ្ឋ Caroline ខាងជើង។ ក្នុងឱកាសនោះ និងដូចដែលបានគ្រោងទុក សមាជនឹងត្រូវជ្រើសតំាងលោក បារ៉ាក់ អូបាម៉ា ជាបេក្ខជនផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាខែវិច្ឆិកាខាងមុខ។ តើក្រោយពីបានកាន់តំណែងប្រធានាធិបតីអស់រយៈពេល ៤ឆ្នំាមក លោក អូបាម៉ានឹងអាចមានភ័ព្វសំណាងជាប់ឆ្នោតមួយអាណត្តិទៀត ឬទេ ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី ៤ វិច្ឆិកា ឆ្នំា ២០០៨ គឺជាថ្ងៃដែលលោកបារ៉ាក់ អូបាម៉ាបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសមហាអំណាចទី១ក្នុងលោក។ គឺនៅថ្ងៃនោះឯង ដែលលោកអូបាម៉ាបានសន្យានៅចំពោះមុខប្រជាពលរដ្ឋអាមេរិកំាង និងពិភពលោក ថានឹងធ្វើការផ្លាស់ប្តូរ តាមរយៈពាក្យមួយឃ្លាដែលលោកបានប្រើ « Yes We Can »។ កាលណោះ ជ័យជំនះរបស់លោកអូបាម៉ាមិនត្រឹមតែបានផ្តល់សេចក្តីសង្ឃឹមយ៉ាងច្រើនដល់ពលរដ្ឋអាមេរិកំាងប៉ុណ្ណោះទេ តែក៏បានផ្តល់សេចក្តីសង្ឃឹមឲ្យប្រជាជននៅទូទំាងពិភពលោកផងដែរ។ និយាយដោយឡែកនៅប្រទេសកេនយ៉ាដែលជាប្រទេសកំណើតរបស់ឪពុកលោកអូបាម៉ា រដ្ឋាភិបាលកេនយ៉ាថែមទំាងបានយកថ្ងៃដែលលោកអូបាម៉ាបានឡើងកាន់តំណែងប្រធានាធិបតី ជាថ្ងៃបុណ្យទៀតផង។
៤ឆ្នំា ក្រោយមក និងជាង ២ខែមុនថ្ងៃបោះឆ្នោតឈានមកដល់នៅដំណាច់ឆ្នំា ២០១២នេះ លទ្ធផលនៃការស្ទង់មតិបានបញ្ជាក់ថា លោក អូបាម៉ា និងគូប្រជែងរបស់គាត់ មកពីគណបក្សសាធារណរដ្ឋ គឺលោក Mitt Romney បានទទួលសម្លេងគំាទ្រប្រកិតគ្នា មានន័យថា ក្នុងខណៈនេះ នៅមិនទាន់មានអ្នកណាទទួលបានសម្លេងគំាទ្រច្រើនជាងអ្នកណាទេ។ សម្រាប់លោក អូបាម៉ា បើទោះបីជាគាត់បានទទួលការស្រឡាញ់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋអាមេរិកំាងទូទៅក៏ដោយ ក៏មានពលរដ្ឋអាមេរិកំាងជាច្រើនបានចាត់ទុកលោក Mitt Romney ថាមានសមត្ថភាពក្នុងការស្រោចស្រង់សេដ្ឋកិច្ចអាមេរិក។
កាលពីសប្តាហ៍មុន នៅក្នុងសមាជរបស់គណបក្សសាធារណរដ្ឋនាទីក្រុង Tampa នៃរដ្ឋ Floride កម្មវត្ថុរបស់បេក្ខជន Mitt Romney មានតែមួយគត់ គឺធ្វើឲ្យអ្នកបោះឆ្នោតស្រឡាញ់ចូលចិត្តគាត់ និងបង្ហាញពីចិត្តមនុស្សធម៌របស់គាត់។ តែក្នុងសប្តាហ៍នេះ នៅក្នុងសមាជរបស់គណបក្សប្រជាធិបតេយ្យនាទីក្រុង Charlotte នៃរដ្ឋ Caroline ខាងជើង លោក អូបាម៉ាត្រូវតែព្យាយាមពន្យល់ពលរដ្ឋអាមេរិកំាងពីតុល្យការវិជ្ជមាននៃការកាន់កាប់អំណាចក្នុងរយៈពេល ៤ឆ្នំាកន្លងមករបស់លោក។ នេះ ពិតជារឿងមួយមិនងាយស្រួលឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ