ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង​ប្រឈម​នឹង​វិបត្តិ​វាយប្រហារ​តាម​អ៊ីនធឺណែត

វិបសៃត៍​អាមេរិក​មួយ​ដែល​មិន​អាច​បើក​មលើ​បានក្រោយ​ការ​វាយប្រហារ​អ៊ីនធឺណែត(រូបថត​ឯកសារ​ឆ្នាំ​២០១១)
វិបសៃត៍​អាមេរិក​មួយ​ដែល​មិន​អាច​បើក​មលើ​បានក្រោយ​ការ​វាយប្រហារ​អ៊ីនធឺណែត(រូបថត​ឯកសារ​ឆ្នាំ​២០១១) Reuters/Jim Bourg

ប្រព័ន្ធព័ត៌មាន​វិទ្យា​របស់​បណ្តាញ​ទូរទស្សន៍​ និង​ធនាគារ​ ជា​ច្រើន​ត្រូវ​​គាំង​ ជា​ហេតុ​ធ្វើ​ឱ្យ​​​កូរ៉េខាង​ត្បូងព្រួយ​បារម្ភ​ គិត​ថា​កំពុង​រង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណែត។ ថ្វីដ្បិត​តែ​ពេល​នេះ​ ក្រុម​អ្នក​អង្កេតការណ៍​ពុំ​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ទម្លាក់​ទៅ​លើ​ក្រុម​ណាមួយ​ក៏​ពិត​មែន ប៉ុន្តែ​ហេតុការណ៍​នេះ​កើត​ឡើង​ជួន​ចំពេល​ដែល​ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តាន​តឹង​និង​គំរាម​កំហែង​ខ្លាំង​ពី​សំណាក់​កូរ៉េខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

បណ្តា​ញ​ទូរទស្សន៍​ធំៗ​ចំនួន​បី គឺ ទូរទស្សន៍ KBS MBC និង​ YTN ព្រម​ទាំង​ធនាគារ Shinhan ធនាគារ​កសិកម្ម​ Nonghyu ​​កំពុង​ក្លាយ​ជា​ទិស​ដៅ​នៃ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ! ដំណើរ​ការ​ក្នុង​ស្ថាប័ន​ទាំង​នេះ​ជួប​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង ខ្លះ​មួយ​ភាគ ខ្លះ​ទាំង​ស្រុង​តែ​ម្តង។ នេះ​បើ​តាម​ភ្នាក់ងារ​យ៉ុងហាប់​កូរ៉េខាង​ត្បូង។ ពេល​នេះ​ប៉ូលិស​ ជំនាញ​បាន​បើក​ធ្វើ​អង្កេត​មួយ​ ដើម្បី​អាច​កំណត់​បាន​ថា​តើ​ពិត​ជា​ការ​វាយប្រហារ​ពី​សំណាក់​ពួក​ចោរ​ព័ត៌មាន​វិទ្យា​ Hackers មែន​ឬ​យ៉ាង​ណា។

ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ សេអ៊ូល​មិន​ទាន់ធ្វើ​​ចោទ​ប្រកាន់ ឬ​ក៏​ទម្លាក់​កំហុស​ដាក់អ្វី ​លើ​កូរ៉េខាង​ជើង​ នៅ​ក្នុងសំណុំ​រឿង​​នេះ​ទេ ប៉ុន្តែ​ព្យុងយ៉ាង​​ ដែល​មាន​សកម្មភាព​គំរាម​កំហែង​កើន​ឡើង​ឥត​ឈប់​ឈរ​​ តាំង​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ ធ្លាប់​បាន​​ជាប់​សង្ស័យ​ថា​ជា​អ្នក​រៀប​ចំ​ផែនការ​វាយប្រហារ​ព័ត៌មាន​វិទ្យា​ពីរ​លើក​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង ម្តង​នៅ​ឆ្នាំ​២០០៩ និង​ម្តង​ទៀត​នៅ​ឆ្នាំ​២០១១។

ជា​រៀង​រាល់​លើក​ បណ្តាញ​អ៊ីនធឺណែត​របស់​រដ្ឋាបាល​សាធារណៈ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ គឺ​ជាមុខ​ព្រួញ​វាយ​ប្រហារ​ទី​មួយ។ ធនាគារ​Nonghyu រងគ្រោះខ្លាំង​​មែន​ទែន​​ ​កាលពី​ឆ្នាំ​២០១១​ដោយព័ត៌មាន​ចាយ​វាយ​របស់​​អតិថិជន​ដល់​ទៅ​ជាង​៥លាន​បួន​សែន​នាក់ ត្រូវ​រលប់បាត់​​ជា​មួយ​រយៈ ធនាគារ​មិន​អាច​ចេញ​វិក័យ​ប័ត្រ​អ្វី​បាន​ ឯ​ការ​ទូទាត់​ឱ្យ​ពាណិជ្ជករ​ក៏​មិន​អាច​ធ្វើ​ទៅ​កើត។ ​

ការ​វាយប្រហារ​តាម​អ៊ីនធឺណែត​បាន​កើន​ឡើង​គួរ​កត់​សម្គាល់​នៅ​កូរ៉េខាង​ត្បូង ៖ ២៤០០០​ករណី​​នៅ​ឆ្នាំ​២០០៨ និង​៤០០០០​នៅ​ឆ្នាំ​២០១២។ ​កូរ៉េខាង​ត្បូង​ ដែល​ប៉ាន់​ប្រមាណ​ថា ខាង​ជើង​មាន​អ្នក​ឯកទេស​សម្រាប់​ធ្វើ​សង្គ្រាម​ព័ត៌មាន​វិទ្យា​ដល់​ទៅ​ប្រមាណ​បីពាន់នាក់ បាន​បង្កើត​យន្តការ​មួយ​សំរាប់​ទប់​ស្កាត់​ការ​ឈ្លានពាន​​អ៊ីនធឺណែត​ពី​សំណាក់​កូរ៉េខាង​ជើង។ ក្រោយ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​លើក​ទី​បី​បានសម្រេច​ កាលពី​ថ្ងៃ​១២​កុម្ភៈ ឆ្នាំ​២០១៣  សេអ៊ូល​បាន​តំឡើង​ភាព​ប្រុង​ប្រយ័ត្ន​មួយ​កំរិត​បន្ថែម​ទៀត។
ចំណែក​ ​ព្យុងយ៉ាង​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណែត​នៅ​មាន​កំរិត និង​សំរាប់​តែ​បណ្តា​ថ្នាក់​ដឹកនាំ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ​កាលពី​សប្តាហ៍​មុន​​ បានចោទ​​​ប្រកាន់​ ​ក្រុង​សេអ៊ូល និង​វ៉ាស៊ីន​តោនថា​បាន​វាយ​ប្រហារ​តាម​អ៊ីនធឺណែត​​លើ​បណ្តាញ​ផ្លូវការ​រដ្ឋមួយ​ចំនួន​ មាន​ជា​អាទិ៍​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA និង​ក្រុមហ៊ុន​អាកាសចរណ៍​Air Koryo៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI