កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ដៃគូ​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី

លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​រួម​ជា​វាគ្មិន​ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​រួម​ជា​វាគ្មិន​ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣។ @rfi/ siv channa

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នៅ​ព្រឹក​ថ្ងៃពុធនេះ បាន​សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា រៀបចំ​សិក្ខាសាលាមួយស្តី​ពី​ការ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ​លើកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ ប្រឆាំង​អំពើ​ពុករលួយ។ តាម​គម្រោង ​សិក្ខាសាលានេះ​នឹង​ត្រូវ​រៀបចំ​រយៈពេល​ ២ថ្ងៃ ដោយ​មាន​ការ​ចែក​រំលែក​បទពិសោធន៍ ពាក់​ព័ន្ធ​នឹង​ការងារ​ប្រឆាំងអំពើពុករលួយ ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

​សិក្ខា​សាលា​រួម​គ្នា​ដែល​បើក​ធ្វើនៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ បាន​ផ្តោត​សំខាន់​លើ​ការ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ​ពី​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​។ អ្នក​រៀបចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា​គោល​បំណងនៃ​ការ​រៀបចំ​សិក្ខា​សាលា​រយៈ​ពេល​២ថ្ងៃ​នេះ គឺដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​កម្រិត​តំបន់ និង​អន្តរជាតិ។

វាគ្មិន​ចូល​រួម​ នឹង​ពិភាក្សា​អំ​ពី​យុទ្ធសាស្ត្រ​ និង​គោលការណ៍​សំខាន់ៗ សម្រាប់​វាយ​តម្លៃ​​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។ ​ជា​ពិ​សេស គឺ​បង្ហាញ​ពី​វិធី​សាស្ត្រ​ក្នុង​ការ​វាយ​តម្លៃ​សម្រាប់​កិច្ច​អន្តរាគមន៍ និង​បង្កើន​ការ​យោគយល់​ សម្រប​សម្រួល រវាង​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯក​ជន និង​តំណាង​សារ​ព័ត៌​មាន​ ជុំ​វិញ​ការ​ប្រឆាំងអំពើ​ពុក​រលួយ​នៅ​កម្ពុជា។

សូមរម្លឹក​ថា កន្លង​មក​រដ្ឋាភិបាល​អាណត្តិទី៥ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើក​យក​ការប្រឆាំងអំពើ​ពុករលួយ​ ថា​ជា​បញ្ហា​សំខាន់ ដែល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជា​ចម្បង។

លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​និយាយ​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ភ្ជាប់ជា​មួយ​សិក្ខា​សាលា​នោះ​ថា នៅ​ពេល​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន​មន្ត្រី​ពន្ធដារ​ម្នាក់ ដែល​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុងការ​ប្រើល្បិច​គាប​ជំរិត ប្រធាន​ក្រុមហ៊ុន​មួយ យកប្រាក់​​ច្រើន​ម៉ឺន​ដុ​លា្ល​រ។

លោក​ ឱម យ៉ិន​ទៀង​ បាន​បន្ត​ថា មន្ត្រី​ពន្ធដារ​រូបនោះ បន្ទាប់ពី​ចាប់ខ្លួន ត្រូវបាន​អង្គភាព​ប្រឆាំង​​អំពើពុករលួយ បញ្ជូន​ទៅកាន់​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការស៊ើប​អង្កេត និង​ផ្តន្ទាទោស​តាមច្បាប់​។

តាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នេះ បាន​បញ្ជាក់​យ៉ាងមុត​មាំ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​ស្ថិ​តនៅ​ក្រោម​ការ​ត្រួត​ត្រា​ពី​រដ្ឋាភិបាល​ឡើយ ដូច្នេះ លោក​ជឿថា អំពើ​ពុករលួយ​នៅ​កម្ពុជា នឹង​ត្រូវ​លុប​បំបាត់​ពី​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI