បណ្តាញទូរទស្សន៍ផ្លូវការមួយទទួលរងការវាយប្រហារនៅព្រឹកមិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃពុធ២៧មិថុនានេះ ជនប្រដាប់អាវុធមួយក្រុម បានចូលវាយលុកទីស្នាក់ការនៃបណ្តាញទូរទស្សន៍ផ្លូវការមួយឈ្មោះ Al Ikhbaria និងបានសម្លាប់បុគ្គលិកធ្វើការ៣នាក់។ ពួក”ភេរវជនបានដាក់គ្រាប់បែកនៅទីស្នាក់ការ Al Ikhbaria បន្ទាប់ពីបានវាយបំផ្លិចបំផ្លាញស្ទុយឌីយោសម្រាប់ការផ្សាយព័ត៌មានតាមសាតែលីតនិងទីកន្លែងធ្វើការងាររបស់អ្នកកាសែត-នេះបើយោងតាមទូរទស្សន៍រដ្ឋស៊ីរី។
ការវាយប្រហារយ៉ាងសែនសាហាវ ប្រឆាំងបណ្តាញទូរទស្សន៍ផ្លូវការបែបនេះ គឺជាលើកទីមួយហើយនៅប្រទេសស៊ីរី ចាប់តាំងពីមានចលនាបះបោរប្រឆាំងនឹងលោក Bachar al-Assad នៅខែមីនា២០១១មក។ នៅក្នុងការវាយប្រហារនេះ ទូរទស្សន៍រដ្ឋ បានធ្វើការចាក់ផ្សាយបន្តផ្ទាល់ រូបភាពនៃការបំផ្លិចបំផ្លាញ ជាអាទិ៍កន្លែងបន្ទប់ធ្វើការ របស់អ្នកកាសែតដែលបានប្រែក្លាយទៅជាសំណល់កម្ទេចកម្ទី ហើយវត្ថុខ្លះទៀតនៅឆេះភ្លើងនៅឡើយ។
ពួកភេរវជន បានចូលលុកលុយក្នុងទីស្នាក់ការ Al Ikhbaria ដោយបានដាក់និងបំផ្ទុះគ្រាប់បែកនៅកន្លែងស្ទុយឌីយោ ហើយបានប្រមូលយកគ្រឿងបរិក្ខារផ្សេងៗផង។ មិនតែប៉ុណ្ណោះ ពួកភេរវជន ថែមទាំងបានសម្លាប់អ្នកកាសែតនិងបុគ្គលិកធ្វើការរបស់ Al Ikhbaria ៣នាក់ -នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី។
ខាងទូរទស្សន៍រដ្ឋវិញ គេអត្ថាធិប្បាយថា « ទោះបីជាមាន អំពើឧក្រិដ្ឋកម្មដ៏សែនសាហាវយង់ឃ្នងនៃពួកភេរវជនយ៉ាងនេះក្តីដែលប៉ុនប៉ងចង់បំបិទមាត់ប្រទេសស៊ីរី Al Ikhbaria នៅតែបន្តការផ្សាយព័ត៌មានរបស់ខ្លួនជានិច្ច”។ រឿងនេះជាការពិត ពីព្រោះបើយោងតាមការអះអាងរបស់អ្នកកាសែតម្នាក់នៃទីភ្នាក់ងារព័ត៌មានបារាំង AFP” បណ្តាញ Al Ikhbaria » បានចាប់ធ្វើការងារផ្សាយរបស់ខ្លួនឡើងវិញ ក្រោយរយៈពេលបន្តិចនៃការវាយប្រហារមក។
រីឯ ក្រុមប្រឹក្សាជាតិរបស់ស៊ីរី នៅក្នុងការវាយប្រហារនេះ បានសង្កត់ធ្ងន់ថា« ការឈ្លានពានប្រឆាំងទូរទស្សន៍ Al Ikhbaria គឺជាការប៉ះពាល់មួយដ៏ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់អ្នកកាសែតក្នុងការបញ្ចេញមតិ។
កាលពីយប់មិញ លោកប្រធានាធិបតី Bachar Al Assad បានប្រកាសថា ប្រទេសស៊ីរី កំពុងស្ថិតនៅក្នុងភាពសង្គ្រាមមួយដ៏ពិតៗ និងក៏មិនធ្វើសម្បទានណាមួយឡើយនៅចំពោះមុខពួកប្រឆាំងដោយលោក បានប្តេជ្ញាចិត្តក្នុងការយកជ័យជំនះលើសង្គ្រាម។
គូររំលឹកថា ចាប់តាំងពីលើកដំបូងនៃការបះបោររបស់ប្រជាជននៅក្នុងប្រទេសមក បណ្តាញទូរទស្សន៍ Al Ikhbaria តែងតែបរិហារជាពិសេស ចោទថាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានដែលធ្វើឡើងដោយលោកខាងលិចនឹងបណ្តាញទូរទស្សន៍អារ៉ាបតាមសាតែលីតស្តីពីចលនាបះបោរនៅស៊ីរីនេះពុំមានការពិតទេ ។ ចលនាបះបោរនេះ ដែលតែងតែត្រូវបានទូរទស្សន៍ Al Ikhbaria ចាត់ទុកជារឿយៗ ថាជាការឃុបឃិតស៊ុមគ្រលុំគ្នាក្នុងអំពើភេរវនិយមដែលមានការគាំទ្រពីសំណាក់ពួកមហាអំណាចបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ