ប្រទេសអារ៉ាបទាមទារបង្កើតច្បាប់ប្រឆាំងនឹងការស្អប់ខ្ពើមអ៊ីស្លាមនៅអ.ស.ប.
ក្រៅពីបញ្ហានយោបាយ មហាសន្និបាតអង្គការប្រជាជាតិលើកទី៦៧ ក៏ជាទេវិកានៃការតស៊ូមតិជុំវិញសំណុំរឿងសេរីភាពសារព័ត៌មាននិងការគោរពសាសនាដែរ។ នៅសប្តាហ៍នេះ ក្រុមប្រមុខដឹកនាំប្រទេសកាន់សាសនាបានរួបរួមជាធ្លុងមួយ បញ្ចេញសំឡេង បន្ទោសបស្ចិមលោក ថាបានយកពាក្យ “ការពារសេរីភាពនៃការបញ្ចេញមតិ” មកធ្វើជាលេស ធ្វើមិនដឹង មិនឮ នឹងការប៉ះពាល់វប្បធម៌អ្នកដទៃ។
ចុះផ្សាយនៅថ្ងៃ៖
រិះគន់ ប្រមាថ ម៉ាក់ងាយ ឬ ការស្អប់ខ្ពើមសាសនាអ៊ីស្លាម គឺជាទម្រង់មួយនៃការប្រកាន់ពូជសាសន៍ ដែលមិនគួរត្រូវអនុគ្រោះ ដោយអនុលោមតាមច្បាប់ “សិទ្ធិសេរីភាពនៃការបញ្ចេញមតិឡើយ ! នេះជាប្រសាសន៍របស់ប្រមុខការទូតតួកគី ទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ។
ប្រមុខរដ្ឋ ប្រមុខការទូត នៃបណ្តាប្រទេសកាន់សាសនាអ៊ីស្លាមជាច្រើនផ្សេងទៀត ក៏បានរួមគំនិតដូចគ្នាជាធ្លុងមួយ ឆ្លៀតយកហេតុការណ៍ហិង្សាផ្ទុះកំហឹងក្នុងពិភពអារ៉ាប (បង្កឡើងដោយខ្សែភាពយន្តអាមេរិកមានលក្ខណៈប្រមាថសាសនាអ៊ីស្លាម) ដើម្បីបរិហារភាពស្ងប់ស្ងាត់របស់បស្ចិមលោកចំពោះព្រឹត្តិការណ៍នេះ ព្រោះសំអាងលើពាក្យ “សេរីភាពនៃការបញ្ចេញមតិ”។ សេរីភាព មិនមែនជាបញ្ចេញមតិអនាធិបតេយ្យប៉ាតណាប៉ាតណីឡើយ ! លោកប្រធានាធិបតីអេហ្ស៊ីប ដែលប្រសូតចេញពីបក្សអ៊ីស្លាមជ្រុលនិយម ភាតរបុត្រ Frère Musulman បានទាមទារឱ្យពិភពលោក គោរពលក្ខណៈពិសេសនៃវប្បធម៌អ៊ីស្លាម និងប្រើប្រាស់សេរីភាពដោយមិន ញុះញង់ឱ្យស្អប់ខ្ពើមសាសនា។ ការជេរប្រមាថសាសនា គឺបទឧក្រិដ្ឋ ! នេះជាការទាមទាររបស់ប្រធានាធិបតីប៉ាគីស្ថាន។
អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលមានប្រទេសជាសមាជិកចំនួន៥៧ បានទាមទារ នៅសប្តាហ៍នេះ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្កើត ឱ្យមានច្បាប់ប្រឆាំងនឹងការស្អប់ខ្ពើមសាសនាអ៊ីស្លាម ដូចច្បាប់ប្រឆាំងនឹងការស្អប់ខ្ពើមជនជាតិJuif។ ប៉ុន្តែបស្ចិមលោកបានសម្តែងមន្ទិលយ៉ាងខ្លាំងចំពោះឥទ្ធិពលនៃច្បាប់នេះ ព្រោះវាអាចក្លាយជាអាវុធដ៏ពិសពុលរបស់អាជ្ញាធរអ៊ីស្លាម សំរាប់យកទៅ បង្ក្រាប និងបិទខ្ទប់សេរីភាពសាសនាផ្សេងដែលជាសាសនាភាគតិចក្នុងប្រទេស។
ការតស៊ូមតិ រវាង សេរីភាពសារព័ត៌មាន និងការគោរពសាសនា តែងផ្ទុះឡើងជាញយៗ ជួនកាលមានលក្ខណៈហិង្សានិងសាហាវផង នៅលើពិភពលោក។ អំពើហិង្សា ដែលអាចក្លាយជាអធិករណ៍បែបថ្មី ដូចអ្វីដែលទស្សនវិទូអាមេរិក Samuel Huntington បានប្រមើលទុកជាមុនក្នុងនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ថា ជម្លោះអនាគតគឺជម្លោះវប្បធម៌និងសាសនា មិនមែនបង្កឡើងដោយបញ្ហាទឹកដី ឬ មនោគមន៍វិជ្ជាមួយមុខទៀតនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ