កម្ពុជា

សហចៅក្រម​ស៊ើប​អង្កេត ប្រកាស​ពី​ដំណើរការ​លើ​សំណុំ​រឿង០០៣

សវនាការ​​តុលាការ​ខ្មែរក្រហម
សវនាការ​​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI

នៅ​ថ្ងៃ​ច័ន្ទ​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​ក្នុង​តុលាការ​ខ្មែរ​ក្រហម លោក​ចៅក្រម យូ ប៊ុនឡេង និង​លោក​ចៅក្រម​អាល្លឺម៉ង់ Siegfried Blunk បាន​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ពី​ដំណើរការ​លើ​សំណុំ​រឿង​០០៣។ នោះ​គឺ គិត​មក​ត្រឹម​ថ្ងៃទី​១៨​ឧសភា អង្គភាព​គាំពារ​ជនរងគ្រោះ បាន​ទទួល​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី នៅ​ក្នុង​សំណុំ​រឿង​០០៣ ចំនួន ៣១៨ ពាក្យ​សុំ។ ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ទាំងអស់ នឹង​ត្រូវ​ពិនិត្យ​ដោយ​អង្គភាព​គាំពារ​ជន​រងគ្រោះ មុន​នឹង​មាន​ការបញ្ជូន​មក​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត។

ផ្សាយពាណិជ្ជកម្ម

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត ចុះ​ថ្ងៃ​ទី​៣០​ឧសភា ឆ្នាំ​២០១១ បាន​លើក​ឡើង​ថា អនុលោម​តាម​វិធាន​ផ្ទៃក្នុង​របស់​សាលាក្តី​ខ្មែរក្រហម សហ​ចៅក្រម​ស៊ើប​អង្កេត នឹង​ធ្វើការ​សម្រេច​លើ​ភាព​អាច​ទទួល​យក​បាន​នៃ​ពាក្យ​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​លើ​សំណុំ​រឿង​០០៣ យ៉ាង​យូរ​បំផុត នៅ​ពេល​ចេញ​ដីកា​ដំណោះស្រាយ។

តាម​សហ​ចៅក្រម​ស៊ើប​អង្កេត សំណុំ​រឿង​០០៣ មាន​អ្នក​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣១៨ នាក់ គិត​មក​ត្រឹម​ថ្ងៃ​១៨​ឧសភា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការទទួល​ពាក្យ​បណ្តឹង។

ជាមួយគ្នា​នោះ សហ​ចៅក្រម​ស៊ើប​អង្កេត ក៏​បាន​បញ្ជាក់​ពី​ការទទួល​សំណើ​មួយ របស់​សហ​ព្រះរាជ​អាជ្ញា ដែល​សុំ​ឲ្យ​មាន​ការពន្យារ​ថិរ​វេលា​នៃ​ការ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ប្រាំ​មួយ​សប្តាហ៍។ សេចក្តី​សម្រេច​លើ​សំណើ​សុំ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

តាម​វិធាន​ផ្ទៃក្នុង សហ​ចៅក្រម​ស៊ើបអង្កេត បាន​គូស​បញ្ជាក់​ថា នៅ​ចុង​បញ្ចប់​នៃ​ការ​ស៊ើប​សួរ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ធ្វើ​ការបង្ហាញ​នូវ​គ្រប់​អង្គហេតុ​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា អំពី​ការ​វាយ​តម្លៃ​ផ្នែក​ច្បាប់ នៃ​អង្គហេតុ​នៅ​ក្នុង​ដីកា​ដំណោះស្រាយ​មួយ ដែល​មាន​សំអាង​ហេតុ​ត្រឹមត្រូវ។ ដីកា​ដំណោះស្រាយ គឺជា​ដីកា​សម្រេច​មួយ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ ដូច្នេះ​គ្រប់​បុគ្គល ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម អាច​នឹង​ទទួល​បាន​នូវ​ដីកា​ដំណោះស្រាយ។

លោក ឌឹម សុវណ្ណារុំ ប្រធាន​ស្តី​ទី​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​សាលាក្តី​​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ថា សេចក្តី​ប្រកាស​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ខាង​លើ ជា​ការ​ជូន​ដំណឹង​ដល់​សាធារណជន និង​ជម្រាប​ជូន​ទៅ​ជន​រងគ្រោះ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត បាន​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង ០០៣ កាលពី​ថ្ងៃ​ទី​២៩​មេសា ឆ្នាំ​២០១១។

លោក ឌឹម សុវណ្ណារុំ បាន​បន្ថែម​ថា ក្នុង​ដំណាក់កាល​នេះ សំណុំ​រឿង​០០៣ ស្ថិត​ក្នុង​ដៃ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត ហើយ​នីតិវិធី​បន្ត សហ​ចៅក្រម​ស៊ើប​អង្កេត នឹង​បន្ត​ពិចារណា​លើ​ការ​ស្នើ​សុំ​របស់​សហ​ព្រះរាជ​អាជ្ញា ក្នុង​សំណុំ​រឿង​០០៣។

ជា​ការ​កត់​សម្គាល់ សំណុំ​រឿង ០០៣ មាន​មេដឹកនាំ​ខ្មែរក្រហម ២ រូប ត្រូវ​ជាប់​ចោទ​ក្នុង​រឿង​កាប់​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម ដោយ​មក​ដល់​ពេល​នេះ មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ច្បាស់លាស់​ជា​សាធារណៈ​ទេ។ សំណុំ​រឿង​ថ្មី​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​ជំរុញ​ឲ្យ​បើក​ការស៊ើប​អង្កេត​ដោយ​ភាគី​អន្តរជាតិ របស់​តុលាការ​ចម្រុះ​កាត់ទោស​មេ​ដឹកនាំ​​ខ្មែរ​ក្រហម។ សំណុំរឿង​០០៣ ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា មាន លោក មាស មុត និង​លោក ស៊ូ ម៉េត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ទ័ព​ជើង​អាកាស របស់​ខ្មែរក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI