កម្ពុជា

ថៃ​ប្រតិកម្ម​ផ្នែក​ការទូត​​ចំពោះ​ទាហាន​កម្ពុជា​បាញ់​ឧទ្ធម្ភាគចក្រ​ថៃ​តាម​ព្រំដែន​

លោកទា បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា
លោកទា បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា RFI/Siv Channa

ក្រោយ​ពី​​ទាហាន​​កម្ពុជា​បាន​​ប្រើ​​កាំ​ភ្លើង​ AK-47​ បាញ់​រះ​ជាង​១០០​គ្រាប់​សំដៅ​លើ​ឧទ្ធម្ភាគ​ចក្រ​​​ថៃ ដែល​ប៉ុន​ប៉ង​ចុះ​ចត​រំលោភ​ចូល​ទឹក​ដី​កម្ពុជា នៅ​ចំនុច ៣២៩ ក្នុង​ខេត្ត​កោះ​កុង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​រួចមក រដ្ឋាភិបាល​ថៃ បាន​ចេញ​កំណត់​ទូត​មួយ​មក​ភាគី​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​តវ៉ា​ចំពោះ​ការ​បាញ់​ប្រហារ ពី​សំណាក់​យោធា​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ថៃ លោក សុរ៉ាក​ស័ក្ត​រុង​រឿង  បាន​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ  ថា​លោក​បាន​ដាក់​លិខិត​តវ៉ា​មួយ ទៅ​កាន់​ក្រសួង​ការ​ពារ​ជាតិ​ថៃ  ដើម្បី​បញ្ជូន​បន្ត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​រួច​ហើយ អំពី​យោធា​កម្ពុជា ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ចូន​ស្បៀង​របស់​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​។

 លោក សុរ៉ាក​ស័ក្ត ក៏​បាន​ដាក់​បញ្ជា​ចំពោះ​កង​កម្លាំង​ប្រចាំ​ការ​តំបន់​ជម្លោះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​បំពាក់​អាវុធ​លើ​ឧទ្ធម្ភាគចក្រ​ខ្លះ​ដើម្បី​ការ​ពារ​សុវត្ថិភាព និង​ការ​ពារ​ខ្លួន។ ចំពោះ​ករណី​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ច្រក​ព្រំ​ដែន​ថៃ​កម្ពុជា គឺ​អាស្រ័យ​ទៅ​លើ ទាហាន​ព្រំ​ដែន​ប្រចាំ​ខេត្ត​ចាន់​បុរី​និង​ខេត្ត​ត្រាត ជាប់​ព្រំដែន​ខេត្ត​កោះ​កុង​ជា​អ្នក​ពិចារណា​។

លោក សេក សាម៉ន អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​ថៃ បាន​ប្រាប់​វិទ្យុ​បារំាង​ថា--​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​បាង​កក បាន​ទទួល​លិខិត​តវ៉ា​មួយ-​ពី ​ក្រសួង​ការ​បរទេស​ថៃ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។

​លោក​មិន​បាន​ដឹង​ថា​លិខិត​តវ៉ា​នោះ ភាគី​ថៃ​ទាម​ទារ​​អ្វី​ខ្លះ​​ពី​កម្ពុជា​នោះ​ទេ​?​តែ​ថា​វា​គ្រាន់​តែ​ជា​លិខិត​តវ៉ា​«​​បែប​ការ​ទូត​ធម្មតា​ប៉ុណ្ណោះ​»​។​បើ​តាម​មន្រ្តី​ទំនាក់​ទំនង​ព្រំដែន កម្ពុជា​ថៃស្ថាន​ភាព​ព្រំដែន​ប្រទេស​ទាំង​​២​​នៅ​មាន​សភាព​ប្រក្រតី ប្រជាជន​ឆ្លង​ចេញ​ចូល​ព្រំដែន​ដូច​សព្វ​មួយ​ដង​
ភាគី​ទាំង ២​នៅ​មិន​ទាន់​​មាន​ជំនួប​ចរចាណា​មួយ​នៅ​ឡើយ​ទេ ដើម្បី​ដោះ​​ស្រាយ​បញ្ហា​វិវាទ​ថ្មី​នេះ​​។​តែ​បើ​​តាម​ប្រភព​ពី​មន្រ្តី​យោធា​កម្ពុជា ភាគី​ទាំង​២​មានគម្រោង​​ជួប​​ប្រជុំ​គ្នា​​មួយ នៅ​ថ្ងៃ​អាទិត្យ​ ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ ។​កិច្ច​ប្រជុំ​​នោះ​អាច​នឹង​​ត្រូវ​ពិភាក្សា ចំពោះ​សំណើទាម​ទារ​របស់​​ថៃ ដែល​​ឲ្យ​​កម្ពុជា-​ចេញ​​លិខិត​សុំ​ទោស ចំពោះ​ករណី​​បាញ់​ឧទ្ធម្ភាគចក្រ​ថៃ​ និង​ការ​ទាម​ទារឲ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​ចំនុច​៣២៩ដែល​ថៃ​ចាត់​ទុក​ថា​តំបន់​នោះស្ថិត​ក្រោម​អធិបតេយ្យ​​ថៃ​។

 រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ -ត្រូវ​បាន​វេប​សាយ​ក្នុង​ស្រុក​មួយ​ស្រង់​សំដី​ថាការ​បាញ់​នោះ​គ្រាន់​តែ​ជា​ការ​កំញើញ​ខណៈ​ឧទ្ធម្ភាគចក្រ​ថៃ នៅ​តែ​ចចេស​ចុះ​ចត​និង​រំលោភ​ទឹក​ដី​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI