កម្ពុជា-​ចិន

កម្ពុជា​នៅ​រង់ចាំ​ព័ត៌មាន​បន្ថែម​ពី​ចិន ក្នុង​សំណុំ​រឿង​ជនជាតិ​បារាំង Devillers

ផ្ទះ​របស់​លោក​Patrick Devillers
ផ្ទះ​របស់​លោក​Patrick Devillers REUTERS/Samrang Pring

កម្ពុជា​កំពុង​បន្ត​រក្សា​ជនជាតិ​បារាំង Patrick Devillers នៅក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍​ដោយ​រង់ចាំ​ទទួល​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ចិន​ដែល​ស្នើ​អោយ​ឃាត់​ខ្លួន​ស្ថាបត្យករ​បារាំង​រូប​នេះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ស្នើ​អោយ​រដ្ឋាភិបាល​ចិន និង​បារាំង​យោគយល់​ដល់​កម្ពុជា​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​មហាមិត្ត​ទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បារាំង​ Patrick Devillers ដ៏ចម្រូងចម្រាស​​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​មិថុនា កំពុង​ស្ថិត​នៅ​បន្ត​ក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយឯក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

 
គ្មាន​អ្វី​ប្រែប្រួល​ច្រើន​ឡើយ កម្ពុជា​នៅ​រង់ចាំ​ទទួល​ភស្តុតាង​បន្ថែម​ពី​អាជ្ញាធរ​ចិន​ដែល​បាន​ស្នើ​អោយ​ចាប់​ខ្លួន​ជនជាតិ​បារាំង​រូប​នេះ។ ជនជាតិ​បារាំង​រូប​នេះ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្តីប្រពន្ធ​អ្នក​នយោបាយ​អស់​ឥទ្ធិពល​របស់​ចិន​ម្នាក់​គឺ​លោក ប៉ូ ស៊ីឡៃ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក ខៀវ សុភ័គ អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ធ្វើការ​ជាមួយ​ស្ថានទូត​ទាំងពីរ គឺ​ចិន និង​បារាំង​ប្រចាំ​នៅ​កម្ពុជា ក្នុង​សំណុំរឿង​ស្ថាបត្យករ​បារាំង​ដ៏ចម្រូងចម្រាស​នេះ។ មន្ត្រី​ស្ថានទូត​បារាំង​បាន​ចូលជួប​លោក Patrick Devillers បាន​២ ឬ​៣​ដង​រួច​ហើយ។

ដោយ​យោង​ទៅ​លើ​កិច្ចព្រមព្រៀង​បត្យាប័ន​រវាង​កម្ពុជា​និង​ចិន កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​បារាំង​លោក​ Patrick Devillers​តាម​សំណើ​របស់​ភាគី​ចិន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ដែល​និយាយ​បន្ត​ថា កម្ពុជា​មាន​រយៈ​ពេល​៦០​ថ្ងៃ​ដើម្បី​ឃុំខ្លួន​ជនជាតិ​បារាំង​រូប​នេះ ដើម្បី​រង់ចាំ​ភស្តុតាង​ជាក់លាក់​ពី​អាជ្ញាធរ​ចិន។ ប្រសិន​បើគ្មាន​ភស្តុតាង​ច្បាស់លាស់​ទេ លោក Patrick Devillers នឹង​ត្រូវ​ដោះលែង។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កម្ពុជា​លោក​ខៀវ កាញារីទ្ធ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​មិន​អាច​បញ្ជូន​បុរស​ជនជាតិ​បារាំង​ទៅ​ប្រទេស​ចិន​បាន​ឡើយ​ពីព្រោះ គាត់​មិន​ទាន់​ត្រូវ​បាន​កាត់ទោស​នៅ​ឡើយ​ទេ។ ទំនង​ជា​យ៉ាង​ដូច្នេះ​ហើយ ទើប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ហោ ណាំហុង​បាន​បញ្ជាក់​ក្នុង​ពេល​កន្លងមក​ថា រដ្ឋាភិបាល​កម្ពុជា​សម្រេច​រក្សា​លោក​ Patrick Devillers នៅ​ក្នុង​ប្រទេស​កម្ពុជា។

សំណុំរឿង​ជនជាតិ​បារាំង​រូប​នេះ បាន​ធ្វើ​អោយ​កម្ពុជា​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​មួយ​រវាង​មិត្តចាស់​ទាំងពីរ​កម្ពុជា​ចិន-​កម្ពុជា​បារាំង។ លោកខៀវ សុភ័គ​ស្នើ​អោយ​រដ្ឋាភិបាល​ទាំងពីរ​យល់យោគ​ដល់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI