ភេរវកម្មបូស្តុន៖ Djokhar Tsarnaev អាចនឹងទទួលទោសប្រហារជីវិត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃចន្ទម្សិលមិញ តុលាការអាមេរិកបានដាក់ទោស Djokhar Tsarnaev ពីបទបានបង្កអំពើភេរវកម្មចំនួនពីរក្នុងឧកាសនៃការរត់ម៉ារ៉ាតុង នៅបូស្តុន ក្នុងរដ្ឋម៉ាសាឈូសេត កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលបានសម្លាប់មនុស្សបីនាក់ និងធ្វើអោយរបួស២០០នាក់។ Djokhar Tsarnaev អាចនឹងត្រូវទទួលទោសប្រហារជីវិត។ តុលាការសហព័ន្ធនឹងបើកសវនាការកាត់ទោសជាលើកទីមួយ លើជនសង្ស័យរូបនេះនៅថ្ងៃ៣០ឧសភា ខាងមុខនេះ។
Djokhar Tsarnaev អាយុ ១៩ឆ្នាំ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្រុងបូស្តុន ព្យាបាលរបួសនៅឡើយ។ ទោះយ៉ាងនេះក្តី នៅថ្ងៃចន្ទនេះ តុលាការអាមេរិកាំងបានដាក់ពិរុទ្ធជនសង្ស័យរូបនេះ ពីបទបានបង្កអំពើភេរវកម្មត្រួតគ្នាពីរ កាលពីសប្តាហ៍មុន នៅក្នុងឧកាសនៃការរត់ម៉ារ៉ាតុងនៅបូស្តុន រដ្ឋម៉ាសាឈូសេត។ ភេរវកម្មទាំងពីរបានបណ្តាលអោយមនុស្សស្លាប់៣នាក់ និង២០០នាក់ទៀតរងរបួស។
តុលាការអាចនឹងដាក់ទោសប្រហារជីវិតដល់ Djokhar Tsarnaev។ Djokhar Tsarnaev ជាប់ទោសពីបទប្រើអាវុធប្រល័យលោក។
ទូរទស្សន៍អាមេរិកាំង CNN បានលើកប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក ដែលបានប្រាប់ថា យោងតាមចំលើយរបស់ជនសង្ស័យTsarnaev គេអាចប្រៀបប្រដូចបងប្អូនប្រុសត្រកូលTsarnaev ទាំងពីររូប ដែលបានធ្វើការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃចន្ទសប្តាហ៍មុននោះ ទៅនឹងសកម្មជនជីហាដដែលបង្កអំពើភេរវកម្មក្នុងគោលបំណងផ្ទាល់ខ្លួន និយាយអោយចំគឺថា អំពើភេរវកម្ម ពុំមែនជាផែនការរបស់ក្រុមភេរវករណាមួយនោះទេ។
ជនសង្ស័យ Djokhar Tsarnaev មានរបួសនៅកញ្ចឹងក នាំអោយគេគិតថា Djokhar ប្រហែលជាបានព្យាយាមសម្លាប់ខ្លួនដោយដាក់កាំភ្លើងបាញ់ចូលក្នុងមាត់ មុននឹងក្រុមប៉ូលិសចាប់ខ្លួនបាន។ ដោយសារស្ថានភាពរបួសនៅធ្ងន់ធ្ងរនៅឡើយ Djokhar បានសរសេរជាលាយលក្ខណ៍អក្សរ ដើម្បីឆ្លើយសំនួររបស់ប៉ូលិស។ Djokhar បានទំលាក់កំហុសទាំងអស់ទៅលើបងប្រុសខ្លួន Tamerlan អាយុ ២៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃសុក្រកន្លងទៅ។ Djokhar បានប្រាប់ថា Tamerlan ជាអ្នកដែលដឹកនាំការបំផ្ទុះគ្រាប់បែក។ Tamerlan ចង់ការពារមិនអោយមានការវាយប្រហារទៅលើសាសនាអ៊ីស្លាមនោះទេ។
មូលហេតុនៃអំពើភេរវកម្មរបស់បងប្អូន Tsarnaev ទាំងពីរនាក់នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ តើវាអាចបណ្តាលមកពីបងប្រុសត្រកូល Tsarnaev ងុបងល់ចាក់ឫសខ្លាំងទៅក្នុងបញ្ហាអ៊ីស្លាមហើយបានជះឥទ្ធិពលនេះលើប្អូនប្រុសខ្លួន រឺក៏មកពីប្អូនប្រុសរូបនេះមានការធុញថប់នឹងសង្គមអាមេរិកាំង?
នៅពេលនេះ ក្រុមប៉ូលិសកំពុងតែបន្តការស៊ើបអង្កេតតទៅទៀត។ ប៉ូលិសកំពុងតែចាប់អារម្មណ៍ទៅលើតំរុយមួយនៅរុស្ស៊ី និងការដែលភេរវជន Tamerlan ធ្លាប់បានទៅសាធារណរដ្ឋDaguestan របស់រុស្ស៊ី ហើយបានស្ថិតនៅទីនោះ អស់រយៈពេលជាង៥ខែ កាលពីឆ្នាំ ២០១២ កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ