សហព្រះរាជអាជ្ញានិយាយពីសំណុំរឿង ០០៣
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហព្រះរាជអាជ្ញារបស់តុលាការខ្មែរក្រហម បានប្រកាសពីដំណើរការនីតិវិធី ក្នុងសំណុំរឿងលេខ០០៣ ដែលកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ សហព្រះរាជអាជ្ញា ក៏បានច្រានចោលនូវដំណឹងដែលបានផ្សព្វផ្សាយថា មានអង្គហេតុថ្មីៗ ដូចជា ការចូលលុកលុយរបស់ខ្មែរក្រហម ចូលក្នុងប្រទេសវៀតណាម និងទីតាំងឧក្រិដ្ឋកម្ម ដែលគេអះអាងថា មានការទាក់ទងទៅនឹងការស៊ើបសួរនៅក្នុងសំណុំរឿងលេខ០០៣។ តាមសេចក្តីប្រកាស ការលើកឡើងទាំងនោះ គឺជាព័ត៌មានមិនត្រឹមត្រូវ និងដែលនាំឲ្យមានការយល់ច្រឡំកាន់តែខ្លាំងឡើង។
សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញា នៅតុលាការខ្មែរក្រហម បានលើកឡើងថា ពេលនេះ សំណុំរឿង០០៣ កំពុងតែស្ថិតក្នុងកិច្ចស៊ើបសួរនៅឡើយ។ ប៉ុន្តែសហព្រះរាជអាជ្ញា បានទទួល និងពិនិត្យពិចារណាលើព័ត៌មាននៃការចោទប្រកាន់ថា មានអង្គហេតុថ្មីៗ ដែលគេអះអាងថា មានការទាក់ទងទៅនឹងការស៊ើបសួរ នៅក្នុងសំណុំរឿងលេខ០០៣។
សេចក្តីប្រកាស កាលពីថ្ងៃអង្គារ បង្ហាញថា សហព្រះរាជអាជ្ញា កត់សម្គាល់ថា អង្គហេតុនានា ដែលទាក់ទងទៅនឹងការលុកលុយរបស់កងយោធាកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងប្រទេសវៀតណាម ត្រូវបានស៊ើបសួររួចហើយ និងជាផ្នែកមួយនៃសំណុំរឿង០០២។ លើសពីនេះទៀត អង្គហេតុថ្មីៗ ដែលបានចោទប្រកាន់មិនមានការទាក់ទងទៅនឹងទីតាំងឧក្រិដ្ឋកម្មនានា នៅក្នុងសំណុំរឿង០០៣ទេ ដែលកន្លងមក សហព្រះរាជអាជ្ញាធ្លាប់បានប្រកាសដល់សាធារណជនរួចហើយ និងបើតាមមតិរបស់ខ្លួន វាអាចពង្រីកវិសាលភាពនៃកិច្ចស៊ើបសួរបន្ថែមទៀតហួសពីអង្គហេតុចាំបាច់ សម្រាប់ធ្វើការវាយតម្លៃលើបញ្ហានៃការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មទាំងឡាយ ដែលបានចោទប្រកាន់នៅក្នុងសំណុំរឿង០០៣ នៃដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។
សេចក្តីប្រកាសដដែល ក៏បានលើកឡើងថា សេចក្តីរាយការណ៍ព័ត៌មានជាច្រើន ទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គលនានា ថាជាមុខសញ្ញានៃកិច្ចស៊ើបសួរ គឺជាការខុសឆ្គង និងធ្វើឲ្យមានការយល់ច្រឡំ។ ផ្ទុយទៅនឹងការចុះផ្សាយទាំងនោះ អតីតសហចៅក្រមស៊ើបអង្កេតអន្តរជាតិ មិនមានមតិ ឬក៏សេចក្តីសន្និដ្ឋានណាមួយ ដែលថា បុគ្គលទាំងនោះ ស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការកាត់ទោសមេខ្មែរក្រហមទេ។
សហព្រះរាជអាជ្ញា ក៏បានប្រកាសបដិសេធ មិនប្តឹងទៅសហចៅក្រមស៊ើបអង្កេតអំពីអង្គហេតុថ្មី ដែលបានចោទប្រកាន់ទាំងអស់នោះទេ។ ការសម្រេចនេះ គឺសហព្រះរាជអាជ្ញា បានពិចារណាអំពីទម្ងន់នៃឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់ នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ វិសាលភាពនៃការស៊ើបសួរបច្ចុប្បន្នដែលបានបង្កើតឡើងយ៉ាងច្បាស់លាស់ អំពីសារៈសំខាន់ នៃការដាក់អាទិភាពលើការបញ្ចប់ការស៊ើបសួរដែលកំពុងប្រព្រឹត្តទៅដ៏មានប្រសិទ្ធភាព និងកិច្ចដំណើរការនីតិវិធីសវនាការនៅចំពោះមុខតុលាការខ្មែរក្រហម ព្រមទាំងអំពីគោលជំហររបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា មិនផ្តួចផ្តើមឲ្យមានសំណុំរឿងបន្ថែមទៀតឡើយ បន្ទាប់ពីសំណុំរឿងលេខ០០៣ និង០០៤។
សំណុំរឿងដ៏រស៊ើបទាំងពីរនោះ កំពុងជាប់គាំង ខណៈដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានលាលែងកាលពីខែតុលា និងសហចៅក្រមស៊ើបអង្កេតបម្រុងរបស់អង្គការសហប្រជាជាតិ ក៏បានលាលែង កាលពីខែឧសភា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ